ខេត្តប៉ៃលិន ៖ មៀនជាដំណាំហូបផ្លែមួយប្រភេទមានលក្ខណៈស្រដៀងទៅនឹងដំណាំតាង៉ែនដែរ តែវាមានគ្រាប់ និងផ្លែធំជាងគ្នាបន្តិច។ មានចេញផ្កានិងផ្លែនៅលើមែកជាចង្កោមៗ ។ ចំណែកការដាំវិញមិនពិបាកប៉ុន្មានទេ គ្រាន់តែបណ្តុះគ្រាប់ ឬបំបៅមែកយកទៅដាំដោយទុកចន្លោះគ្នាពី៤ទៅ៤,៥ម៉ែត្រ តែត្រូវឧស្សាហ៍ស្រោចទឹកនៅរដូវរាំងស្ងួតឱ្យបានញឹកញាប់ ពីព្រោះដំណាំប្រភេទនេះ ត្រូវការជាតិទឹកច្រើន តែបើទឹកដក់យូរពេកក៏មិនល្អដែរ ។
កសិករចំណាស់ឈ្មោះទូច ហៃ អាយុ៦២ឆ្នាំ ប្រពន្ធឈ្មោះងិន វណ្ណរ៉េត អាយុ៦០ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជាម្ចាស់ចម្ការមៀនរៀបរាប់ប្រាប់កាលពីព្រឹកថ្ងៃទី៧ សីហាថា ក្នុងចម្ការរបស់គាត់ដាំមៀនដែលទទួលផលហើយជាង៣០០ដើម និងជាង៤០០ដើមទៀតទើបតែដាំបានរយៈពេលជាង១ឆ្នាំ។ រុក្ខជាតិមៀននេះតាមដែលគាត់ដឹងមាន២ប្រភេទ ក្នុងនោះប្រភេទទី១ ជាមៀនក្រអូប ផ្លែវាមានសម្បុរលឿងដូចមាស ជាពណ៌ដែលទាក់ទាញអតិថិជន មានផ្លែធំប៉ុនមេជើងមនុស្សចាស់ មានរសជាតិផ្អែមមុត ឈ្ងុយមានសាច់ច្រើនអតិថិជនចូលចិត្តហូបជាងគេបំផុត និងប្រភេទទី២ ជាមៀនផ្លែក្រឡាស្រអាប់ ពុំសូវមានសាច់ច្រើនទេ ក្នុងសាច់វាសម្បូរទៅដោយជាតិទឹកភាគច្រើន ហើយក៏ពុំសូវមានអតិថិជនចូលចិត្តហូបប៉ុន្មានដែរ ។
កសិកររូបនេះរៀបរាប់បន្តទៀតថា ដំណាំមៀនដែលគាត់ដាំគឺជាប្រភេទទី១ ហើយបានយកពូជមកពីខេត្តកណ្តាល ។ ការដាំដើមមៀននេះ អាស្រ័យទៅលើសណ្ឋានដីនៅតាមតំបន់ ជួនកាលយើងដាំមៀនពូជដូចគ្នាតែបើដីខុសគ្នា វាមានរសជាតិខុសប្លែកពីគ្នាផងដែរ ដោយដីខ្លះពេលដាំរហូតដល់ទទួលផលមានតែគ្រាប់ពុំសូវ មានសាច់ច្រើនទេ ។ ទាក់ទិនទៅនឹងប្រភេទដី រូបគាត់មិនបានស្រាវជ្រាវដឹងច្បាស់ទេ ណាមួយនៅស្រុកខ្មែរយើងមិនមានការស្រាវជ្រាវសណ្ឋានដីនៅ ឡើយ ។
បុរសចំណាស់រូបនេះរៀបរាប់ពីរបៀបដាំដើមមៀនប្រាប់ឱ្យដឹងថា មុនដំបូងគាត់យកគ្រាប់មៀនទៅបណ្តុះ រួចជ្រើសរើសកូនមៀនណាដែលមានកម្លាំងយកទៅដាក់ក្នុងស្បោងប្លាស្ទិកក្នុងមួយដើមមួយថង់ ។ គ្រាប់ដែលគាត់យកទៅបណ្តុះទាំងអស់នោះទទួលបានកូនដែលមានកម្លាំងយ៉ាងច្រើនត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដោយទុកវារហូតដល់ធំល្មមទើបយកទៅដាំ ចំណែកកូនមៀនដែលអន់គាត់ត្រូវដកចោល ។ ក្រោយមកគាត់រៀបចំដីក្នុងរណ្តៅដោយជីករណ្តៅឱ្យបានទំហំ៣តឹក៤ជ្រុង មានជម្រៅ៤តឹក ចម្ងាយពីដើមមួយទៅដើមមួយទៀតត្រូវឃ្លាតពីគ្នា៤,៥ម៉ែត្រ រួចយកលាមកគោស្ងួត ឬលាមកប្រចៀវលាយជាមួយដីដាក់ជិតកន្លះរណ្តៅ បន្ទាប់មកយកកូនមៀនទៅដាំតែម្តង ។ បន្ទាប់ពីដាំរួចបើយើងថែរក្សាស្រោចទឹក និងដាក់ជី ធម្មជាតិ ឬកំប៉ុស្ត ឱ្យបានដិតដល់ យ៉ាងយូរចំណាយរយៈពេលត្រឹមតែ២ឆ្នាំ ដើមមៀននឹងចេញផ្កាបណ្តើរៗ ហើយផ្លែក៏មានជាបណ្តើរៗ ដោយក្នុងមួយដើមអាចទទួលផលពី២ ទៅ៣គីឡូក្រាមក្នុងឆ្នាំដំបូង។
ឆ្នាំបន្ទាប់មកទៀតនឹងកើនជាងនេះទ្វេដងជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំទី៧ទៅទី៨ យើងត្រូវកាប់ចន្លោះមួយដើមៗចោលព្រោះមែកវាបែកប្រចាក់គ្នាបណ្តាលឱ្យទទួលបានផលតិច ។ ប្រភពដដែលនិយាយថា ដំណាំមៀនរបស់គាត់ពីមួយឆ្នាំទៅមួយឆ្នាំតែងតែកើនផលជានិច្ច ដោយបន្ទាប់ពីកាត់ស្លឹក និងមែកចាស់ៗចោលវានឹងលាស់បែកខ្នែងដោយមួយមែកៗបែកខ្នែងទៅជាពីរទើបធ្វើឱ្យផលកើនបែបនេះ ។ ដំណាំមៀនចាប់ពីពេលដាំរហូតដល់៨ឆ្នាំឡើងទៅនឹងទទួលបានផលល្អ ដោយក្នុងមួយដើមអាចទទួលផលពី៥០ទៅ៦០គីឡូក្រាម ។ បើលក់នៅឯភ្នំពេញក្នុង១គីឡូក្រាមបានថ្លៃ១០.០០០រៀល តែបើនៅប៉ៃលិនអាចលក់បានត្រឹមតែ៧ទៅ៨ពាន់រៀលប៉ុណ្ណោះ ។
កសិករទូច ហៃ បញ្ជាក់ទៀតថា ក្រោយពេលកាត់មែកចាស់ៗចោលហើយ នៅរដូវគ្មានភ្លៀងលោកតែងតែបូមទឹកដាក់ស្រោចគល់ក្នុង១អាទិត្យ២ដង និងជម្រះស្មៅនៅក្រោមគល់ឱ្យស្រឡះល្អ លុះក្រោយមកក៏មានផ្កាក្តឹបរហូតដល់ពេលទទួលផលចាប់ពីដើមខែកក្កដា រហូតដល់ចុងខែសីហាទើបអស់ផ្លែ ។ បន្ទាប់មកគាត់កាប់មែកខ្លះចោលនិងដាក់ជីសាជាថ្មីម្តងទៀត ។ អ្វីដែលគាត់យកចិត្តទុកដាក់បំផុត គឺចាប់ពីខែមេសា ពេលដែលដំណាំមៀនជិតចេញផ្កា ។ នៅឆ្នាំនេះដំណាំមៀនរបស់គាត់បានទទួលផលច្រើនជាងឆ្នាំមុនៗ ។ កសិកររូបនេះអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ដាំដំណាំដែលប្រើជីធម្មជាតិទើបជាការល្អដល់សុខភាពរបស់អ្នកបរិភោគ ៕







ចែករំលែកព័តមាននេះ