ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​អេហ្ស៊ីប​រុញ​​សេនា​ប្រមុខ​​ឱ្យ​ចូល​​​និវត្តន៍​

13 ឆ្នាំ មុន

ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​​​អេហ្ស៊ីប​​​កាលពី​ខែ​មិថុនា​​​ជន​​​អ៊ិស្លាម​​​និយម​​​​លោក​ម៉ូហា​ម៉េដ​ម័រ​ស៊ី​​​អះអាង​កាលពី​​​ថ្ងៃទី​១២​  សីហា​​​  ពី​ការ​​ក្តាប់​អំណាច​​ណែន​ក្នុង​ដៃដោយ​រុញ​​សេនា​​ប្រមុខ​ហ៊ូសេន​​​តាន់​តា​ហ្វី​​អតីត​​រដ្ឋមន្ត្រី​​​ការពារ​​​ប្រទេស​​ទទួល​​បន្ទុក​​​ដឹកនាំ​​ប្រទេស​​រយៈ​​​​​ពេល​ឆ្លង​កាត់​​ក្រោយ​ការ​ដួល​រលំ​​​របស់​លោក​​ហូស្នី​មូបារ៉ាក់​​ ​កាលពី​ខែ​កុម្ភៈ​​ ឆ្នាំ​២០១១​​ឱ្យ​​​ចូល​​​និវត្តន៍​​ ។

ការ​​ប្រកាស​កាលពី​ថ្ងៃទី​១២ សីហា​​ដែល​​​ទាក់ទង​​​ផង​​ដែរ​ដល់​​ការរុញ​ឧត្តម​សេនីយ៍​​​សាមី អឺណា អាយុ​​៦៤​ឆ្នាំ​​ជានាយសេនា​ធិការ​កងទ័ព​ឱ្យ​ចូល​​និវត្តន៍​​ពិ​ត​ណាស់​​ញ៉ាំង​ឱ្យ​មាន​​​​ការ​ភ្ញាក់​​​​​ផ្អើល​​យ៉ាង​ខ្លាំង​​ក្នុង​ប្រទេស​​​អេហ្ស៊ីបព្រោះ​​​​​កង​យោធា​​​នៅតែ​ដើរ​តួនាទី​គន្លឹះ​​​​មួយ​ក្នុង​ការ​​​​​គ្រប់​គ្រង​អំណាច ។ សេនា​​​ប្រមុខ​​​និងឧត្តម​សេនីយ៍​​​​ដែល​​រុញឱ្យ​​ចូល​​​និវត្តន៍​​​​ត្រូវ​​តែងតាំង​ជាទីប្រឹក្សា​​​​របស់​ប្រមុខ​រដ្ឋរួច​​​វិធានការ​​​​នេះត្រូវ​​​ចូល​ជា​​ធរមាន​​​​ភ្លាមៗ ។​

​ក្នុង​សេចក្តី​​​ប្រកាសមួយ​​អ្នកនាំពាក្យ​​​​របស់​​​ប្រមុខ​​រដ្ឋ​ថ្លែង​ថា សេនា​ប្រមុខ​ហ៊ូសេន​តាន់​​តាហ្វី​ ត្រូវ​ចូល​និវត្តន៍​​ចាប់ពី​ពេល​នេះ​​​តទៅ ។ ​តំណែង​​​​​លោក​​​ជារដ្ឋ​មន្ត្រី​​​ការពារ​​ប្រទេស​​និង​ប្រធាន​​ក្រុម​ប្រឹក្សា​​​​យោធា​​ជាន់​ខ្ពស់​ត្រូវ​ជំនួស​ដោយ​ឧត្តម​សេនីយ៍​​​អាប់​​ដែល​ឡាទីហ្វ​ស៊ីស៊ី ។

ឧត្តម​សេនីយ៍​​​​ស៊ីដគី សូហ៍​ប៊ី​ ឡើង​​ជំនួស​​ឧត្តម​សេនីយ៍​​សាមី​អឺណា ជានាយ​​​សេនា​ធិការ​​​​​កងទ័ព ។ ​លោក​ជា​មនុស្ស​​ដែល​ចាប់​​តាំងពី​​យូរ​មក​ហើយ​​​ត្រូវ​​​គេ​ចាត់​​​ទុក​​​​ថា​ស្និទ្ធ​​អាមេរិក​​​ដែល​​​ផ្តល់​​ជំនួយ​​​ច្រើន​ដល់​​កងទ័ព​​អេហ្ស៊ីប​​ ។​​ប្រធានាធិបតី​អេេហ្ស៊ីប​​​​​​​​នៅ​បាន​តែងតាំង​​​​ចៅក្រម​​​មួយ​រូប​​លោក​ម៉ាមូដ ម៉េកគី ជាអនុ​ប្រធានាធិបតី​​​នៃសាធារណរដ្ឋ ៕​