ពួកឧទ្ទាមស៊ីរីកាលពីថ្ងៃទី១២ សីហាបានក្រាញតស៊ូទប់ទល់យ៉ាងសាហាវចំពោះការវាយលុករបស់កងទ័ពលោកប្រធានាធិបតីបាចាអាល់អាសាដ នៅក្រុងអាឡែបជាទីក្រុងគន្លឹះមួយក្នុងជម្លោះដែលកំណត់ពីភាពព្រៃផ្សៃសម្លាប់មនុស្សទាំងសងខាង ។
ទន្ទឹមនឹងនេះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអារ៉ាប់មួយស្តីពីស៊ីរីគ្រោងធ្វើនៅអារ៉ាប៊ីសាអូឌីតត្រូវបានពន្យារពេលដោយគ្មានកាលកំណត់ ហើយគ្មានការពន្យល់ហេតុផលពីសម្ព័ន្ធអារ៉ាប់ ។
៤ថ្ងៃក្រោយបើកការវាយលុកតាមជើងគោកដើម្បីកំចាត់ពួកឧទ្ទាមចេញពីស្រុកអាឡែប រថក្រោះនិងកងយន្តហោះប្រយុទ្ធរបស់កងទ័ព បន្តវាយប្រហារលើសង្កាត់ជាច្រើន ។ កងទ័ពស៊ីរីសេរីបង្កើតឡើងដោយពួកទាហានរត់ចោលជួរនិងបណ្តាជនស៊ីវិលដែលកាន់អាវុធអះអាងថា ដណ្តើមយកវិញទីតាំងយុទ្ធសាស្ត្រទាំងឡាយនៅសង្កាត់សាឡាហ៊ុដឌីន ជាតំបន់ដែលកងទ័ពវាយដណ្តើមត្រួតត្រាទាំងស្រុងកាលពីថ្ងៃទី៨សីហា ។
យោងតាមកាសែតផ្លូវការ AL-WATAN ថា ផ្លូវឆ្ពោះទៅកាន់សង្កាត់ស៊ុកការី ជាទីតាំងរឹងមាំទី២របស់ពួកឧទ្ទាមនៅក្រុងអាឡែបពេលនេះត្រូវបានបើកដោយកងទ័ពដែលត្រួតត្រាផ្លូវជាច្រើនអាចឱ្យកងទ័ពធ្វើការវាយលុក ។ខណៈដែលអំពើហិង្សាបណ្តាលឱ្យមនុស្សស្លាប់ជាង២១.០០០នាក់រួចហើយ តាំងពីចាប់ផ្តើមការបះបោរពីដើមខែមីនា ឆ្នាំ២០១១មក ប្រឆាំងនឹងប្រធានាធិបតីលោកអាសាដ ភាគីក្នុងជម្លោះទាំង២បានប្រព្រឹត្តអំពើសាហាវព្រៃផ្សៃ ថ្មីៗ ។ ក្រោយការស្លាប់មនុស្សជិត១៥០នាក់កាលពីថ្ងៃទី១១សីហា អំពើហិង្សាបណ្តាលឱ្យមនុស្សស្លាប់ថ្មី២៩នាក់នាថ្ងៃទី១២ សីហា ៕
ចែករំលែកព័តមាននេះ