ខេត្តបន្ទាយមានជ័យ ៖ អំពើហិង្សាដោយចេតនាមួយបានក្លាយជាការចាក់សម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃ បណ្តាលឱ្យយុវជនម្នាក់រងរបួសយ៉ាងធ្ងន់ ហើយក្រោយមកក៏ស្លាប់នៅក្នុងមន្ទីរពេទ្យ ខណៈពេលដឹកយកទៅសង្គ្រោះ។ ករណីហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ សីហា នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ត្រី រ៉ែម វីរៈ អធិការនគរបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ជនរងគ្រោះឈ្មោះគ្រៀល ច័ន្ទរតនៈ អាយុ២២ឆ្នាំ នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ ជនរងគ្រោះរូបនេះ ទើបតែត្រឡប់មកពីប្រទេសម៉ាឡេស៊ីដែលត្រូវគេលក់កម្លាំងពលកម្មធ្វើការនៅទីនោះជាច្រើនឆ្នាំ ហើយបានវិលត្រឡប់មកស្រុកកំណើតវិញ នាពេលថ្មីៗនេះ ។
លោកអធិការបានបញ្ជាក់ថា មុនពេលស្លាប់ជនរងគ្រោះបានទៅផឹកស៊ីជាមួយមិត្តភក្តិរបស់ខ្លួន នៅនឹងផ្ទះឈ្មោះយ៉ាវ វុទ្ធី ហៅពត ភេទប្រុស អាយុ៥៥ឆ្នាំ នៅក្នុងភូមិខាងលើដែលមានគ្នា៥ទៅ៦នាក់ ដោយរៃលុយគ្នាទិញស្រាផឹក ។ ពេលពួកគេកំពុងស្រវឹងរៀងៗខ្លួនខណៈគិតលុយថ្លៃស្រា ស្រាប់តែមានគ្នាគេម្នាក់ក្នុងចំណោមនោះបាត់លុយពីលើតុ ដោយមិនដឹងមូលហេតុ ភ្លាមៗនោះក៏កើតរឿងរ៉ាវឈ្លោះប្រកែកគ្នា និងមានការវាយតប់គ្នាទៀតផង ។ បន្ទាប់មកឈ្មោះឈន សុរិយា ហៅយ៉ា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រហូត សង្កាត់អូរអំបិល បានយកកាំបិតចុងស្រួចចាក់ទៅលើឈ្មោះ គ្រៀល ច័ន្ទរតនៈ ត្រូវមួយកាំបិតត្រង់ចុងដង្ហើម បណ្តាលឱ្យរងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ខណៈពេលដឹកយកទៅសង្គ្រោះ ។
ជនដៃដល់ឈ្មោះ ឈន សុរិយា ហៅយ៉ា បន្ទាប់ពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ស្រមោល ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ