ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយសារជិះម៉ូតូម៉ាកគុបទៅបុកអ្នកជិះកង់ពីក្រោយកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១០ សីហា នៅតាមផ្លូវក្រាលកៅស៊ូ ពីផ្សារលើចុះទៅផ្សារក្រោម ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង ។ បុរសអ្នកជិះម៉ូតូរបួសធ្ងន់ ឈ្មោះ ជៀម សាវី អាយុ២៩ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ចំណែកអ្នកជិះកង់របួសស្រាលឈ្មោះ ស្រៀន យីម អាយុ៣៨ឆ្នាំ មានទីលំនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ។
មន្ត្រីប៉ូលិសក្រុងកំពង់ឆ្នាំងបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះដែលជិះកង់ធ្វើដំណើរពីលិចទៅកើត គឺពីផ្សារលើចុះទៅផ្សារក្រោម លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុរសឈ្មោះជៀម សាវី ជិះម៉ូតូម៉ាកគុប ពណ៌ទឹកប៊ិច ទៅបុកពីក្រោយពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូដួលបោកទៅលើថ្នល់កៅស៊ូរងបួសធ្ងន់ ចំណែកអ្នកជិះកង់រងរបួសស្រាល ហើយអ្នកទាំងពីរត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តទាំងអស់គ្នា ចំណែកកង់និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីដោះស្រាយ ។
នៅក្នុងមន្ទីរពេទ្យស្ត្រីជាម្តាយបុរសជិះម៉ូតូបាននិយាយថា ពេញឃើញកូនស្រវឹងគាត់បានឃាត់កូនកុំឱ្យជិះម៉ូតូដែរ តែកូនមិនស្តាប់ ទើបជួបហេតុការណ៍បែបនេះ ៕
ចែករំលែកព័តមាននេះ