រាជធានីភ្នំពេញ ៖ យោងតាមគេហទំព័ររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានឱ្យដឹងថា កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន ដាវីន បានប្រកួតចាញ់ កីឡាការិនី ម៉ិចស៊ិកូ ដែលជាម្ចាស់មេដាយមាសអូឡាំពិកឆ្នាំ២០០៨ នៅទីក្រុងប៉េកំាងប្រទេសចិន ឈ្មោះអេស្ពីណូហ្សា ម៉ារៀ ឌែល រ៉ូសារីយ៉ូ ដោយលទ្ធផលប្រកៀកគ្នា ២-៣ ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម កាលពីថ្ងៃទី១១ សីហា ឆ្នាំ២០១២ ។
ក្រុមអ្នកនិយមតាមដានកីឡាបាននិយាយថា បើទោះបីជាកីឡាការិនីតេក្វាន់ដូស៊ន ដាវីន បានប្រកួតចាញ់កីឡាការិនីដែលជាម្ចាស់មេដាយមាសអូឡាពិកកាលពីឆ្នាំ២០០៨ ក៏ពិតមែន ប៉ុន្តែឆ្លងតាមលទ្ធផល៣ ទល់នឹង២ ប្រកៀកប្រកិតគ្នានេះ គឺជាលទ្ធផលមួយល្អណាស់សម្រាប់កីឡាការិនីកម្ពុជាយើង ។ ម្យ៉ាងទៀត លទ្ធផលនេះបានបង្ហាញថា ប្រសិនបើស៊ន ដាវីនប៉ះគូប្រកួតមិនមែនជាម្ចាស់មេដាយមាសអូឡាំពិកឆ្នាំ២០០៨នោះ គេអាចនឹងយកឈ្នះកីឡាការិនីមកពីប្រទេសដទៃ ហើយអាចនឹងឈានដល់ការប្រកួតដណ្តើមយកមេដាយជូនជាតិនោះថែមទៀត ។
ដូច្នេះប្រជាពលរដ្ឋខ្មែរ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ត្រូវតែលើកទឹកចិត្តដល់កីឡាការិនីស៊ន ដាវីន ដើម្បីឲ្យកីឡាការិនីដែលជាម្ចាស់មេដាយប្រាក់់ស៊ីហ្គេមនៅឥណ្ឌូនេស៊ីរូបនេះ មានទឹកចិត្តបន្តខិតខំហ្វឹកហាត់ ឈានឆ្ពោះទៅដណ្តើមយកមេដាយនៅក្នុង
ការប្រកួតថ្នាក់តំបន់ និងពិភពលោកនាពេលក្រោយៗទៀត ។
សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី៥នាក់លើវិញ្ញាសាចំនួន៤ប្រភេទទៅចូលរួមប្រកួតកីឡាអូឡំាពិកក្នុងទីក្រុងឡុងប្រទេសអង់គ្លេសឆ្នាំ២០១២ ក្នុងនោះមានវិញ្ញាសាយូដូ អត្តពលកម្ម ហែលទឹក និងតេក្វាន់ដូ ។ ប៉ុន្តែបើទោះបីជាកម្ពុជាមិនអាចដណ្តើមបានមេដាយក៏ពិតមែន ក៏ការប្រកួតលើវិញ្ញាសាទំាង៤ខាងលើ ភាគច្រើនបានបំបែកឯតទគ្គកម្មរបស់គេកាលពីមុនមានន័យថា លទ្ធផលល្អជាងការប្រកួតកន្លងមក ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងឡុង២០១២ បានបិទបញ្ចប់ហើយកាលពីថ្ងៃអាទិត្យទី១២ សីហា ដោយប្រទេសដែលទទួលបានមេដាយច្រើនជាងគេ គឺសហរដ្ឋអាមេរិកទទួលបានមេដាយសរុប១០៤ ក្នុងនោះមានមេដាយមាស៤៦ ប្រាក់២៩ និងសំរឹទ្ធិ២៩ ។ ចិននៅលំដាប់ទី២ មានមេដាយសរុប៨៧ ក្នុងនោះទទួលបានមេដាយមាស៣៨ ប្រាក់២៧ និងសំរឹទ្ធិ២២ ។ ចំណែកម្ចាស់ផ្ទះអង់គ្លេសឈរនៅលំដាប់លេខ៣ បានទទួលមេដាយសរុប៦៥ ក្នុងនោះបានមេដាយមាស២៩ ប្រាក់១៧ និងសំរឹទ្ធិ១៩ ។
ប្រទេសរុស្ស៊ីលំដាប់ទី៤ បានមេដាយសរុប៨២ ប៉ុន្តែចាញ់ចំនួនមេដាយមាសម្ចាស់ផ្ទះអង់គ្លេស ដោយមេដាយមាស២៤ ប្រាក់២៥ និងសំរឹទ្ធ ៣៣ ។ រីឯប្រទេស៤ នៅតំបន់អាស៊ីអាគ្នេយ៍ដែលបានទទួលមេដាយអូឡាពិកដែរនោះមានប្រទេសថៃ បានទទួលមេដាយប្រាក់២ និង សំរឹទ្ធិ១ ។ ឥណ្ឌូណេស៊ីបានទទួលមេដាយប្រាក់១ និងសំរឹទ្ធិ១ ម៉ាឡេស៊ីបានមេដាយប្រាក់១ សំរឹទ្ធិ១ និងប្រទេសសិង្ហបូរីមានទទួលមេដាយសំរឹទ្ធ៣ ៕



ចែករំលែកព័តមាននេះ