ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួង ​ស្រេង​ ចុះ​ពិនិត្យ​ប្រឡាយ​និងអាង​ស្តុក​ទឹក​នៅ​ប៉ែក​ខាង​ត្បូង​រាជ​ធានី​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កាល​ពី​​ព្រឹកថ្ងៃ​ទី​១០​ សីហា កន្លង​មក​នេះ លោកឃួង ​ស្រេង ​អភិ​បាល​​​រងរាជធានី​ភ្នំពេញ​ ​អម​ដោយ​មន្ត្រី​ជំនាញ​ក្រោមឱ​វាទជាច្រើន​រូបទៀត​បាន​អញ្ជើញទៅ​ពិនិត្យប្រ​ឡាយ​ទឹកស្អុយ​ជាប់​ផ្លូវ​លេខ​១០៥ ​​អាង​ស្តុក​​ទឹកស្អុយ​បឹងត្របែក ​និង​ស្ថានីយបូមទឹកបឹង​ត្របែក ក៏​ដូច​ជា​ប្រព័ន្ធ​លូ​នានា​​នៅភាគខាង​ត្បូង​រាជ​ធានីភ្នំពេញ ដែលមាន​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​រំដោះទឹក​ចេញក្រៅ​ក្រុង​ ​ស្របពេល​ដែល​កំណើន​​ប្រជាពល​រដ្ឋ ​ក៏ដូច​សំណង់​លំនៅឋាន​កើន​​ឡើង​ឥតឈប់​ឈរ​នា​ពេល​បច្ចុប្បន្ន។

ជា​​ដំបូង​ លោក​ឃួង​ ​ស្រេង ​​រួមជាមួយ​មន្ត្រី​​ជំនាញ​​​បាន​អញ្ជើញ​ទៅពិនិត្យ​មើលប្រព័ន្ធ​ប្រឡាយ​ទឹក​ស្អុយ​​ជាប់​ផ្លូវ​​​លេខ​១០៥​ ដែលកំពុង​ដំណើរការ​ស្តារ​ដោយ​មន្ទីរ​សាធារណ​ការ ​និង​ដឹក​​​ជញ្ជូន​រាជធានី​ភ្នំពេញ ​។ បន្ទាប់មក​ ទៅ​ពិនិត្យ​​​ស្ថានីយ​បូម​ទឹកបឹង​ត្របែក ​អាង​ស្តុក​ទឹក​ ​​ និង​ប្រឡាយ​បឹងត្របែក​ខាង​ត្បូង ។ ​មន្ត្រីមន្ទី​រសាធារណ​ការ​និង​ដឹក​ជញ្ជូន​​រាជ​ធានី​ភ្នំពេញ​​ឲ្យដឹង​ថា ប្រឡាយ​​​ទឹក​ស្អុយ​​ជាប់​ផ្លូវ​លេខ​​​១០៥​ ​គឺជា​ប្រឡាយ​មេនាំទឹក​​ទៅស្ថានីយបឹង​ត្របែក​មានប្រវែង​សរុប២.៤៣០​ម៉ែត្រ​ ការ​ថែ​ទាំ​ ​និងស្តារ​ប្រឡាយនេះ​ត្រូវបាន​អនុវត្ត​ជា​ប្រចាំ ​ដោយកា​យ​និងកើប​​យកអាចម៍​ដីចេញ​ពី​បាត​ប្រឡាយកុំ​ឲ្យស្ទះ​ទឹក​និងនាំទឹក​ទៅស្ថានីយបឹង​ត្រ​បែកឲ្យ​បានទាន់ពេល​វេលា​។ ស្ថានីយបូម​ទឹក​បឹងត្របែក​មានតួ​នាទី​សំខាន់​​ក្នុងការ​បូម​ទឹក​ចេញ​ពីតំបន់ជា​ច្រើននៅ​ប៉ែកខាងត្បូង​រាជ​ធានី​ភ្នំពេញ​ ដូចជា​ខណ្ឌដូនពេញ ខណ្ឌ៧​មករា​ ​និង​ខណ្ឌ​ចំការមន​ជាដើម ហើយ​​ស្ថានីយនេះ​​​ បំពាក់​ដោយម៉ូទ័រ​បូមចំនួន​៨គ្រឿង។

លោក​ឃួង ស្រេង ​បានណែ​នាំឲ្យអង្គ​ភាព​ជំនាញ​ត្រូវ​គិត​គូ​រឲ្យបាន​ម៉ត់ចត់​កុំឱ្យ​មាន​​ការ​រំលោភ​បំពាន​​យក​ផ្ទៃប្រឡាយ ​និងអាង​ស្តុក​ទឹក​​ដែលធ្វើ​ឲ្យ​ផ្ទៃ​ប្រឡាយកាន់​តែរួមតូច​ ដោយត្រូវ​សហការ​ជា​មួយ​អាជ្ញា​ធរដែន​ដីពាក់ព័ន្ធ​ ទប់​ស្កាត់​​កុំឲ្យមាន​ការ​រំលោភ​ដោយខុសច្បាប់​ត​ទៅ​ទៀត។​ ​ជា​មួយ​គ្នានេះ​ដែរ លោក​ឃួង ​ស្រេង ក៏​បាន​​ជំរុញ​ឲ្យ​មន្ទីរ​ធនធានទឹក​ដំណើរ​ការស្តារ​ប្រឡាយ​បឹង​​ត្របែក​​ប៊ែក​ខាងត្បូង​ឲ្យបានឆាប់​រហ័ស​​មុនភ្លៀង​ធ្លាក់​ខ្លាំងមកដល់​ ​ដែលប្រឡាយ​នេះ​មាន​ទទឹង​២០​ម៉ែត្រ បណ្តោយ​៩០០ម៉ែត្រ ​ក្នុង​នោះ​ក៏​ត្រូវធ្វើ​ការ​កែលម្អ​មាត់​ប្រឡាយ ​ដើម្បី​ឲ្យ​ទឹក​​ហូរចាក់​ទៅ​ក្នុ​ង​ប្រឡាយបានឆាប់​រហ័ស ។នាព្រឹក​នោះ​ដែរ ​លោក​ឃូង​ស្រេង ក៏បាន​​អញ្ជើញទៅ​ពិនិត្យ​មើល​សកម្មភាព​ស្ថាបនា​ប្រព័ន្ធលូមេ​១​ខ្សែ​ប្រវែង​១.៨៨០ម៉ែត្រ ​ដាក់​ប្រព័ន្ធលូមាន​​មុខ​កាត់​​១​ម៉ែត្រ​​ជា​ប្រព័ន្ធលូ​ថ្មីទាំង​ស្រុ​ង ​ដែលជាគម្រោង​​​អភិវឌ្ឍ​ន៍​របស់ខណ្ឌ​ដង្កោ ​ក្រោម​ការដឹក​នាំ​អនុវត្ត​គម្រោង​​ដោយលោក តិមា ​សោភា អភិ​បាល​រង​ខណ្ឌ​ដង្កោ ។

មន្ត្រីជំនាញ​ឲ្យដឹងទៀត​ថា ប្រព័ន្ធ​លូថ្មី​នេះ​ចាប់​ដំណើរការ​ស្ថាបនា​ពីថ្ងៃទី២៥ ឧសភា មក​ដល់​ពេលនេះ​សម្រេច​​បាន​៧០%​ហើយ ហើយ​នឹង​ជំរុញឲ្យ​រួចរាល់​នៅដំណាច់​ខែកញ្ញា​ខាង​មុខ​។​ទោះ​បីយ៉ាងណា ​សកម្មភាព​ស្ថាបនា​នៅជួប​ឧប​សគ្គ​ដូចជាប៉ះ​ពាល់ទៅលើ​ខ្សែភ្លើង ​និងបំពង់​ទឹក​នៅក្រោម​ដី បណ្តាល​ឲ្យការ​ងារ​ដំណើរ​ការ​យឺត ៕