ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​វ៉ាក់​សាំង​​​ការពារ​ជំងឺ​«សាទឹក​»ដល់គោ​ក្របី​​នៅឃុំ​​ហាន់​ជ័យ​

13 ឆ្នាំ មុន

ខេត្ត​​​កំពង់​ចាម​ ៖ ឆ្លើយ​តប​​​តាមការ​ណែនាំ​​របស់​លោក​​​ ហ៊ុន ណេង​ អភិបា​ល​ខេត្ត​​ ក្នុង​វិធាន​​ការ​​ការពារ​​សត្វ​ពាហនៈ​ដើម្បី​កុំ​ឱ្យ​ឆ្លង​​ជំងឺ​ផ្សេង​ៗ​​​​ មន្ត្រី​ជំនាញ​​របស់​មន្ទីរ​កសិកម្ម​​ខេត្ត​សហការ​​​​ជាមួយ​នឹង​​អាជ្ញាធរ​​មូល​ដ្ឋាន​ នៅព្រឹក​ថ្ងៃទី​​១១ សីហា ​២០១២ បាន​ចុះ​​​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​គោ-ក្របី​​ជូ​ន​ដល់​​ប្រជាពលរដ្ឋ​​​ចំនួន​​៤ភូមិ​ ក្នុង​ឃុំ​​​ហាន់​ជ័យ​ ស្រុក​កំពង់សៀម​​ បាន​ចំនួន​​៦៩០​ក្បាល។

តាម​លោក​ គាំ​ ធឿន ​មេឃុំ​​​ហាន់ជ័យ​ មាន​ប្រសាសន៍​​ឱ្យ​ដឹងថា ​ទឹក​ទន្លេ​​មេគង្គ​កំពុង​តែ​ជន់​ឡើង​ជាបណ្តើរ​​ៗ​ព្រៀប​ច្រាំង​ទន្លេ ធ្វើ​ឱ្យ​​​ប្រជា​ពល​រដ្ឋ​​ដែល​មាន​​លំនៅ​ឋាន​តាម​ដង​​ទន្លេ​មេគង្គ​​កំពុង​​ជួប​ការ​លំបាក​​​នឹង​កង្វះ​​​ស្មៅ​​ ហើយ​​​សត្វ​ពាហនៈ​​​អាច​​​ប្រឈម​​នឹង​ជំងឺ​​ឆ្លង​ផ្សេង​ៗបាន​ ។ ដោយ​មើល​​ឃើញ​បែប​នេះ​​លោក​​អភិបាល​​​​​​​ស្រុក​កំពង់​សៀម​ បាន​រាយ​ការណ៍​​​​ទៅ​អាជ្ញាធរ​​​​ខេត្ត​ ដើម្បី​​មាន​វិធាន​ការ​​ទប់ស្កាត់​​នូវ​ជំងឺ​​ឆ្លង​ដល់​​​​សត្វ​ពាហនៈ​​ជាបន្ទាន់ ហើយ​នៅព្រឹក​ថ្ងៃទី​​១១ សីហា​ លោក​នង​ ម៉េង​​ហ៊ាង​ ប្រធាន​ការិយា​ល័យ​​ផលិត​កម្ម​​ និងបសុព្យាបាល​ខេត្ត​ និង​សហការី​​​ បានចុះ​មក​​​ចាក់​វ៉ាក់​សាំង​​ការពារ​ជំងឺ​«សាទឹក»​​​គោ​ក្របី​​ដោយ​បាន​ប្រព្រឹត្ត​​​ធ្វើនៅ​ក្នុង​បរិវេណ​​​មណ្ឌល​សុខ​ភាព​​​ហាន់​ជ័យ​​​តែម្តង ។ គួរ​រំលឹក​ថា ​កាល​ពី​រដូវ​​​ទឹក​​ជំនន់​​ឆ្នាំ​​២០១១​កន្លង​ទៅ សកម្ម​ភាព​​បែប​នេះ​​មាន​ចំនួន​​​៣លើក ធ្វើឱ្យ​​គោ​ក្របី​​​របស់​ប្រជា​ពល​រដ្ឋ​​​ ជៀសផុត​​ពី​ជំងឺ​​បាន​ប្រហែល​ជា​ង​​៩០​ភាគរយ​ ។

លោក​ស្រី​ ឌុក​ រ៉ា​ដាលី ប្រធាន​ការិយាល័យ​​កសិកម្ម​​ស្រុក​កំពង់​សៀម​ឱ្យ​ដឹងថា ឱ្យ​តែ​រដូវ​ទឹក​ជំនន់​ទន្លេ​​មេគង្គ​​ឡើង​មក​ជន់​លិច​​​ភូមិ​ឋាន​​​​របស់​ប្រជាពលរដ្ឋ​នៅតាម​ដង​ទន្លេ​​មេគង្គ​​ជា​រៀង​រាល់​ឆ្នាំ​​​សកម្មភាព​​​ចុះ​ចាក់ថ្នាំ​​​វ៉ាក់​សាំង​ការពារ​ជំងឺ​«សា​ទឹក​»​​គោក្របី​​​ជូន​ប្រជាពលរដ្ឋ​​មិន​ដែល​អាក់​ខាន​ម្តង​ណា​​​នោះ​ទេ​​ ។ យ៉ាង​​​ណាមិញ​ពូជ​​​គោ​របស់​​​កសិករ​សុទ្ធសឹង​​តែ​ពូជ​ល្អ​ៗ មាន​​មាឌ​ធំ​ជាកម្លាំង​​ចលករ​​ដ៏​សំខាន់​​​ក្នុងការ​​​បង្កបង្កើន​​​​ផល សម្រាប់​ដោះ​ស្រាយ​ជីវភាព ។

លោក​ នង​ ម៉េងហ៊ាង​ បានឱ្យ​ដឹងដែរ​ថា ​សម្រាប់​​គោល​ដៅ​​ត្រូ​វ​ចុះ​​​ចាក់​ថ្នាំ​វ៉ាក់​សាំង​​​ការ​ពារ​ជំងឺ​នៅ​ថ្ងៃ​នោះ«សាទឹក​»​​​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​​ភូមិចំនួន​​​៤ក្នុង​​​នោះ​មាន​​​ភូមិមាន់​ហើរ​ ចំនួន​១៥០​ក្បាល​ ភូមិល្វាទេរ ចំនួន១៧០​ក្បាល​ ភូមិ​ក្រូច​​សើច ចំនួន​​១១០​​​ក្បាល​ និង​ភូមិ​ហាន់​ជ័យ​ ចំនួន​​២៦០​ក្បាល​ សរុបគោ​ចំនួន​​៦៩០​​ក្បាល​ ។ សកម្មភាព​នេះ​​គឺ​ធ្វើ​ឡើង​តាម​ការ​ណែនាំ​​របស់​អាជ្ញាធរ​​​ខេត្ត​នាយក​​ដ្ឋាន​​​ផលិត​កម្ម​​​ និង​បសុ​ព្យាបាល​​ ក៏​ដូចជា​ ​លោក ចន្ទ សារុន រដ្ឋ​មន្ត្រី​​​ក្រសួង​​​កសិកម្ម​ ដែលឱ្យ​​មន្ត្រី​ជំនាញ​ត្រូវ​យក​ចិត្ត​ទុកដាក់​ចុះ​​ចាក់វ៉ាក់​សាំង​​​ការពារ​ជំងឺ​គោក្របី​​របស់​ប្រជា​ពល​រដ្ឋ ៕