ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១១ សីហា សមត្ថកិច្ចរដ្ឋបាលព្រៃឈើស្រុករវៀង បានឃាត់រថយន្តបែនដឹកដីមួយគ្រឿងពណ៌ស ដែលបន្លំលួចដឹកឈើគ្រញូងចំនួន១៦០ដុំ ស្មើនឹងជាង៥ម៉ែត្រគូបនៅតាមដងផ្លូវជាតិលេខ៦២ ។ រថយន្តមួយគ្រឿងនេះតាមប្រភពព័ត៌មានឱ្យដឹងថា ចេញពីស្រុកត្រពាំងប្រាសាទ ឬស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំ ។
លោក អ៊ិត ភូមិរា នាយរងទទួលបន្ទុករួម ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងជានាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានឱ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១១ សីហា ខណៈលោកធ្វើដំណើរតាមដងផ្លូវជាតិលេខ៦២ ទៅប្រជុំនៅឯខេត្តកំពង់ធំ ពេលមកដល់ចំណុចព្រៃជាំ ក្នុងភូមិរំចេក ឃុំរមណីយ៍ ស្រុករវៀង ក៏ប្រទះឃើញរថយន្តបែនខាងលើ ហើយដោយមានការសង្ស័យ ព្រោះរថយន្តនោះមានសភាពធ្ងន់ប្លែកទើបលោករួមជាមួយមន្ត្រីនានាឃាត់ដើម្បីត្រួតពិនិត្យ ។
គ្រាន់តែធ្វើការឃាត់ភ្លាម ស្រាប់តែអ្នកបើកបររថយន្តនោះបានបើកទ្វារចុះរត់គេចខ្លួនចូលព្រៃបាត់ទៅ បន្ទាប់មករូបលោកក៏ទូរស័ព្ទហៅសមត្ថកិច្ចចម្រុះប្រចាំការនៅចំណុចនោះឡើងរថយន្តពិនិត្យមើលឃើញមានក្រាលក្តារវាយបិទភ្ជិតពីលើបែនរថយន្តនោះ លុះគាស់មើលទៅឃើញមានសុទ្ធតែឈើគ្រញូង ។ លោក អ៊ិត ភូមិរា បានថ្លែងទៀតថា បន្ទាប់មកលោកក៏បានឱ្យសមត្ថកិច្ចនាំយករថយន្តខាងលើ រួមនឹងឈើគ្រញូងទៅរក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារក្នុងក្រុងព្រះវិហារ ។ មកដល់ពេលនេះ គេមិនទាន់ដឹងថាតើម្ចាស់នោះនៅឯណានៅឡើយទេ គ្រាន់តែបានចំណាំមុខអ្នកបើកបរ និងយកបានប័ណ្ណបើកបរ និងប័ណ្ណសម្គាល់រថយន្តប៉ុណ្ណោះ ។ តាមទំហំឈើដែលឈ្មួញដឹកនាពេលនេះបង្ហាញថា ម្ចាស់ឈើមិនមែនជាពលរដ្ឋសាមញ្ញនោះទេ ព្រោះឈើគ្រញូងមួយរថយន្តនេះបើគិតជាតម្លៃក្នុងទីផ្សារងងឹតគឺរាប់សែនដុល្លារអាមេរិកឯណោះ ។
តាមសមត្ថកិច្ចដែលឈរជើងនៅចំណុចកើតហេតុខាងលើនិយាយថា រថយន្តមួយគ្រឿងនេះបើកបរឆ្លងកាត់តាមដងផ្លូវជាតិលេខ៦២ ច្រើនជើងមកហើយតែសមត្ថកិច្ចមិនបានចាប់អារម្មណ៍ដោយសារឃើញជាប្រភេទរថយន្តដឹកដី ។ ពេលនេះ សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានកសាងសំណុំរឿងពីករណីខាងលើបញ្ជូនទៅសាលាដំបូងខេត្តហើយ ៕



ចែករំលែកព័តមាននេះ