រាជធានីភ្នំពេញ ៖ វត្ថុសិល្បៈថ្មីៗដែលជាស្នាដៃរបស់សិល្បករខ្មែរ និងសិល្បករអូស្ត្រាលីត្រូវបានដាក់បង្ហាញនៅស.ស.បាសាក់ កាលពីថ្ងៃទី៩ សីហា ដោយមានការចូលរួមសម្ពោធជាផ្លូវការពីសំណាក់លោកស្រី ផេននី រីឆាដ ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ គោលបំណងនៃការដាក់តាំងបង្ហាញនេះ គឺសំដៅដោះដូរបទពិសោធន៍ និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជាតិទាំង២កម្ពុជា-អូស្ត្រាលី ។
ក្នុងឱកាសនោះ លោកស្រីផេននី រីឆាដ មានប្រសាសន៍ថា ការតាំងពិព័រណ៍នេះប្រមូលផ្តុំទាំងសិល្បករថ្មីនិងសិល្បករមានបទពិសោធន៍មកពីប្រទេសអូស្ត្រាលី និងកម្ពុជា ដោយសម្របសម្រួលនូវលទ្ធភាពផ្លាស់ប្តូរបទពិសោធន៍ និងវប្បធម៌រវាងប្រជាជាតិទាំង២ ជាពិសេសពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ឱ្យកាន់តែរឹងមាំ ។ លោកស្រីបានអះអាងថា សិល្បករអូស្ត្រាលី៥រូបបានដាក់តាំងផ្ទាំងគំនូររបស់ពួកគេដើម្បីបង្ហាញពីសង្គមវប្បធម៌ចម្រុះដ៏រស់រវើករបស់ប្រទេសអូស្ត្រាលី ជាពិសេសដើម្បីរួមចំណែកលើកកម្ពស់ផ្ទាំងគំនូររូបភាពរបស់សិល្បករខ្មែរតាមរយៈការដាក់តាំងពិព័រណ៍នេះ ។
លោករ៉ូជី នែលសិន ដែលជាអ្នករៀបចំពិព័រណ៍វត្ថុសិល្បៈថ្មីនេះបានប្រាប់ឱ្យដឹងថា ការរៀបចំនេះក្នុងគោលបំណងដើម្បីដោះដូរ និងដកបទពិសោធន៍រវាងសិល្បករខ្មែរ និងសិល្បករបរទេស ។ លោកបន្ថែមថា ស្នាដៃដាក់តាំងបង្ហាញមាន៨ប្រភេទហើយស្នាដៃទាំងអស់បង្ហាញនូវភាពផ្សេងៗគ្នា ដូចជា ភាពអស់សំណើច ភាពម៉ត់ចត់ មឺុងម៉ាត់ ជាពិសេសស្នាដៃនោះជាយានមួយសម្រាប់បង្កើននូវគំនិតដើម្បីឱ្យក្លាយខ្លួនជាសិល្បករម្នាក់នៅពេលខាងមុខ ។លោក រ៉ូជី នែលសិន បានសម្តែងនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានរៀបចំតាំងពិព័រណ៍នៅពេលនេះ និងបានជួបជាមួយសិល្បករខ្មែរផ្សេងៗទៀត ។
យុវជន យុន រតនៈ អាយុ១៧ឆ្នាំ ជាសិស្សសិល្បករដែលបានចូលរួមក្នុងការដាក់តាំងពិព័រណ៍បង្ហាញនេះនិយាយថា ការដាក់តាំងពិព័រណ៍នេះមានសារសំខាន់ដល់អ្នកទស្សនា ជាពិសេសចំពោះប្អូនផ្ទាល់ដែលជាសិស្សសិល្បករព្រោះវាបានជួយបង្កើតគំនិតថ្មីដល់ប្អូន ។ សិស្សសិល្បកររូបនេះបានបន្តថា ប្អូនមានអារម្មណ៍ប្លែកពេលទស្សនាស្នាដៃដែលដាក់បង្ហាញ ហើយប្អូនចង់ឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយជាងនេះបន្ថែមទៀត និងឱ្យមានការចូលរួមឱ្យបានច្រើនពីអ្នកទស្សនាដើម្បីលើកតម្កើងស្នាដៃកូនខ្មែរ ។
សូមបញ្ជាក់ថា វត្ថុដែលដាក់តាំងបង្ហាញរួមមានសម្ភារធ្វើការ កំណត់ត្រាឯកសារ និងផ្ទាំងគំនូរ ជាពិសេសនេះជាលើកទី១ហើយដែលមានការដាក់តាំងពិព័រណ៍បង្ហាញរវាងស្នាដៃរបស់សិល្បករខ្មែរ និងសិល្បករអូស្ត្រាលី បន្ទាប់ពីមានការតាំងពិព័រណ៍សូឡូដែលរៀបចំឡើងដោយសិល្បករកម្ពុជារួចមក ៕



ចែករំលែកព័តមាននេះ