ខេត្តកណ្តាល៖ បុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារតែបើកម៉ូតូធ្លាក់ចូលប្រហោងស្ពានបណ្តាលឱ្យដួលបោកក្បាល កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ សីហា នៅចំណុចស្ពានថ្មលេខ៣ លើផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ។
ប៉ូលិសចរាចរស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍នេះគឺឈ្មោះ ឆែម ពៅ អាយុ៣៩ឆ្នាំ ជាកសិករ ។ ចំណែកម្នាក់ទៀតដែលរបួសធ្ងន់ឈ្មោះ គឹម ស៊ អាយុ៣០ឆ្នាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ អ្នកទាំង២មានទីលំនៅភូមិចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង ជិះម៉ូតូម៉ាកគុបជ្រុងសេ៩០ ពណ៌ទឹកប៊ិច ។ មន្ត្រីប៉ូលិសបានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់នេះធ្វើដំណើរតាមផ្លូវជាតិលេខ២១B ពីជើងទៅត្បូងគឺពីតាខ្មៅទៅស្រុកស្អាង ដោយឈ្មោះ គឹម ស៊ ជាអ្នកបើកបរម៉ូតូ ចំណែកឈ្មោះ ឆែម ពៅ ជាអ្នករួមដំណើរជាមួយ ។
លុះធ្វើដំណើរមកដល់ស្ពានថ្ម លេខ៣ ក្នុងភូមិកោះគ បានបើកម៉ូតូចូលក្នុងប្រហោងស្ពានថ្ម ដែលធ្លាយមានប្រឡោះ ធំជាងកង់ម៉ូតូបន្តិចបណ្តាលឱ្យដួលម៉ូតូ ហើយមនុស្សបោកខ្ទប់ជាមួយស្ពាន បណ្តាលឱ្យឈ្មោះឆែម ពៅ ជាអ្នកជិះពីក្រោយ បែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ។ ចំណែកឈ្មោះ គឹម ស៊ អ្នកបើកបរម៉ូតូបានរងរបួសធ្ងន់ សន្លប់លែងដឹងខ្លួន ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។ ជនរងគ្រោះទាំង២នាក់បើកម៉ូតូដោយគ្មានពាក់មួកសុវត្ថិភាពទេ ទើបបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗ និងរងរបួសធ្ងន់បែបនេះ ។
ប៉ូលិសចរាចរបានឱ្យដឹងទៀតថា ស្ពាននេះជាស្ពានថ្មចាស់មានប្រហោងធ្លុះធ្លាយ ប៉ុន្តែខាងមន្ទីរសាធារណការបានយកដែកបន្ទះមកក្រាលពីលើ តែពេលរថយន្តឆ្លងកាត់ បណ្តាលឱ្យបន្ទះដែកនេះរំកិលចេញ។ ប្រហោងស្ពាននេះមានរាប់ខែមកហើយ ប៉ុន្តែមិនមានអ្នកទាញដែកបិទវិញ ពេលអ្នកបើកបរម៉ូតូមិនបានប្រុងប្រយ័ត្នក៏ជួបគ្រោះថ្នាក់បែបនេះ ។ គេមានការកត់សម្គាល់ថា នៅតាមផ្លូវជាតិលេខ២១B មានស្ពានដែកបេឡេ ទ្រុឌ ទ្រោម និងមានប្រហោងជាច្រើនកន្លែងដែលមិនទាន់មានការជួសជុល
ទេ ។ ដូច្នេះអ្នកធ្វើដំណើរឆ្លងកាត់ស្ពានគួរតែមានការប្រុងប្រយ័ត្នផងដើម្បីចៀសវាងកុំឱ្យមានគ្រោះថ្នាក់បន្តទៀត ៕


ចែករំលែកព័តមាននេះ