រាជធានីភ្នំពេញ ៖ ផ្ទះសំណាក់វិមានសួគ៌ ស្ថិតនៅតាមផ្លូវជាតិលេខ៦ ក្បែរសណ្ឋាគារវ៉ាស៊ីនតោន ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ត្រូវក្រុមចោរប្លន់ចំនួន២នាក់ប្រដាប់ដោយអាវុធខ្លី២ដើមបានឆ្មក់ចូលភ្ជង់សន្តិសុខនាំទៅគោះទ្វារចូលភ្ជង់ប្លន់ស្ត្រី២នាក់បងប្អូនជីដូនមួយរួមទាំងកូនតូចយកគ្រឿងអលង្ការគិតជាប្រាក់ប្រមាណជិត១ម៉ឺនដុល្លារ ហើយជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
អំពើប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ សីហា ២០១២ នៅបន្ទប់លេខ៦ នៃផ្ទះសំណាក់ខាងលើបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះ បន្ទាប់ពីកើតមានអំពើប្លន់ម្ចាស់ផ្ទះសំណាក់រួមទាំងបងប្អូនសាច់ញាតិពុំទទួលស្គាល់ការពិតដោយមានការសង្ស័យ និងចោទថា ជាការប្រឌិតធ្វើឱ្យមានការឈ្លោះប្រកែកគ្នាជាមួយនឹងឪពុកមាស្ត្រីរងគ្រោះ ទោះបីជាមានការបំភ្លឺពីសន្តិសុខ២នាក់ដែលប្រចាំការនៅទីនោះយ៉ាងណាក៏ដោយ ។
ស្ត្រីដែលត្រូវចោរភ្ជង់ប្លន់ឈ្មោះធុល ស្រីពៅ អាយុ២៧ឆ្នាំ ជាអ្នកលក់ដូរមានលំនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលទើបមកស្នាក់នៅផ្ទះសំណាក់វិមានសួគ៌បានតែ២យប់ប៉ុណ្ណោះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ