រាជធានីភ្នំពេញ ៖ ពីរនាក់ប្តីប្រពន្ធជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ចេញពីផ្លូវលេខ១៣ ហើយបានជិះបញ្ច្រាសរង្វង់មូល ក៏ត្រូវម៉ូតូហុងដាសេ១២៥ ជិះដោយបុរសម្នាក់បុកយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសបើកម៉ូតូសង់កូរ៉េបាក់ភ្លៅខាងស្តាំង រីឯប្រពន្ធជិះពីក្រោយរបួសស្រាល ។ ចំណែកបុរសបើកម៉ូតូហុងដាសេ១២៥ ដួលរងរបួសបាក់ធ្មេញលើខាងមុខអស់៣ កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១២ សីហា នៅតាមមហាវិថីព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៣ ទល់មុខភោជនីយដ្ឋានទន្លេសាប ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់បានជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ដឹកប្រពន្ធចេញពីផ្លូវលេខ១៣ ពលមកដល់ចំណុចរង្វង់មូលមុខភោជនីយដ្ឋានទន្លេសាប បានជិះបញ្ច្រាសរង្វង់មូល ក៏ត្រូវម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ជិះដោយបុរសម្នាក់ តាមមហាវិថីព្រះសីុសុវត្ថិ ទំនងជាមើលម៉ូតូសង់កូរ៉េមិនឃើញ ព្រោះមានរថយន្តមួយគ្រឿងកំពុងធ្វើចរាចរណ៍បញ្ច្រាសទិសគ្នាបាំងពីមុខ ក៏វាក់ហើយបុកត្រូវចំហៀងខាងមុខម៉ូតូសង់កូរ៉េ បណ្តាលឱ្យដួលប្រាវតែម្តង ។ អ្នកបើកម៉ូតូសង់កូរ៉េរងរបួសបាក់ភ្លៅខាងស្តាំង ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះ ឯប្រពន្ធគ្រាន់តែរលាត់ដៃជើងតិចតួចប៉ុណ្ណោះ ។ ចំណែកបុរសបើកម៉ូតូហុងដាសេ១២៥ បានរងរបួសបាក់ធ្មេញលើខាងមុខអស់៣ និងរងការខូចខាតម៉ូតូ ។
ក្រោយពេលកើតហេតុ ប៉ូលិសចរាចរបានចុះទៅធ្វើការវាស់វែង រួចយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញរង់ចាំដោះស្រាយជាក្រោយ ៕
ចែករំលែកព័តមាននេះ