រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានជិះម៉ូតូម៉ាកគុប ពណ៌ទឹកប្រាក់ មួយគ្រឿងធ្វើដំណើរត្រឡប់មកពីមើលឪពុកនៅមន្ទីរត្រូវក្រុមចោរឆក់ចំនួន២នាក់ជិះម៉ូតូម៉ាកស្គូពីពណ៌ស មួយគ្រឿងធ្វើសកម្មភាពឆក់ខ្សែ.កប្លាទីនមួយខ្សែផ្តាច់យកបន្តោងពេជ្រដែលមានតម្លៃប្រមាណ១.០០០ដុល្លារទៅបាត់ ដោយសុវត្ថិភាព កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១២ សីហា ២០១២ នៅតាមវិថីឧកញ៉ាទេពផន ខាងកើតទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌទួលគោក ប្រមាណជាង១០០ម៉ែត្រក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
តាមសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា ក្រុមចោរឆក់មានបក្សពួក២នាក់ជិះម៉ូតូម៉ាកស្គូពីពណ៌ស មួយគ្រឿងបានធ្វើសកម្មភាពឆក់ខ្សែ.កប្លាទីនពីស្ត្រីរងគ្រោះហើយផ្តាច់បានតែបន្តោងពេជ្រ ។ ចំណែកខ្សែ.កដាច់ជាប់នៅនឹង.កដោយម្ចាស់ចាប់ជាប់ ។ បន្ទាប់ពីត្រូវចោរឆក់ស្ត្រីរងគ្រោះបានទូរស័ព្ទហៅប្តីរួមទាំងបងប្អូននាំគ្នាដើររកបន្តោងខ្សែ.កដែលសង្ស័យដាច់ធ្លាក់លើដងផ្លូវប្រមាណជាងកន្លះម៉ោងតែរកពុំឃើញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ