ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់បានស្លាប់ពេលនាំទៅដល់មន្ទីរពេទ្យ បន្ទាប់ពីលេបថ្នាំប៉ារ៉ាសេតាម៉ុលអស់៦០គ្រាប់ធ្វើអត្តឃាត ព្រោះតែជំពាក់លុយគេច្រើនពេក ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី៩ សីហា វេលាម៉ោង៧យប់ នៅភូមិអូរ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ។
លោកអនុសេនីយ៍ទោ យឹម សុគឺន នាយប៉ុស្តិ៍បឹងបត់កណ្តោល ឱ្យដឹងថា ស្ត្រីដែលលេបថ្នាំសម្លាប់ខ្លួននេះ ឈ្មោះ ពន រិទ្ធិ អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ និងមានកូន៣នាក់ ។ គ្រួសារនេះមានជីវភាពក្រលំបាកខ្លាំងណាស់ ហើយប្តីដើរតែផឹកស៊ី និងមានសតិមិនសូវល្អទេ ដូច្នេះ ការគ្រប់គ្រងអប់រំ និងរកស៊ីចិញ្ចឹមកូន គឺស្ថិតនៅលើស្ត្រីជាភរិយាទាំងស្រុង ។ ដោយគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែ ស្រីរូបនេះបានខ្ចីលុយគេឯង ដើម្បីយកមកទិញអង្ករ ម្ហូបអាហារ និងផ្គត់ផ្គង់កូនរៀន ។
លុះដល់រដូវធ្វើស្រែ ស៊ីឈ្នួលច្រូត និងប្រមូលស្រូវយកមកសងគេក៏អស់រលីង ហើយនៅតែមិនគ្រប់ទៀត និងកាន់តែវ័ណ្ឌ.កខ្លាំងឡើង ។ ដោយសារជំពាក់លុយគេច្រើនពេក ស្ត្រីរូបនេះបានទៅធ្វើកម្មករនៅប្រទេសថៃ ដើម្បីបានលុយមកសងគេ ប៉ុន្តែពេលត្រឡប់មកវិញសងគេមិនគ្រប់គេមកទារលុយរាល់ថ្ងៃ លុះយប់ថ្ងៃទី៩ សីហា ស្រាប់តែលេបថ្នាំធ្វើអត្តឃាតតែម្តង ។
ថ្នាំដែលលេបនោះ គឺថ្នាំប៉ារ៉ាសេតាម៉ុល លេបអស់ចំនួន៦០គ្រាប់ លុះពេលអ្នកជិតខាងដឹងក៏ដឹកយកទៅសង្គ្រោះ ប៉ុន្តែពេលយកទៅដល់មន្ទីរពេទ្យក៏ស្លាប់បាត់ទៅ ។ប្រភពព័ត៌មានឱ្យដឹងថា ស្ត្រីរងគ្រោះជំពាក់លុយគេច្រើនគ្នា ដែលសរុបទៅប្រមាណ១០លានរៀលឯណោះ ព្រោះតែអំរែកគ្រួសារមានទម្ងន់ធ្ងន់ធ្ងរនេះហើយ ទើបធ្វើឱ្យគាត់លេបថ្នាំសម្លាប់ខ្លួនចោលប្តី និងកូនទាំង៣នាក់ ៕
ចែករំលែកព័តមាននេះ