ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ កាលពីរសៀលថ្ងៃទី១០ សីហា ក្នុងបទចោទប្រកាន់ចាក់សម្លាប់មនុស្សបណ្តាលឱ្យស្លាប់ កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី៨សីហា នៅហាងខារ៉ាអូខេមួយឈ្មោះ«កុឡាបលាក់ខ្លួន»ដែលមានទីតាំង ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខណៈដែលជនរងគ្រោះបានទៅផឹកស៊ីនិងច្រៀងខារ៉ាអូខេក្នុងហាងនោះ ។
ជនសង្ស័យដែលត្រូវសាលាដំបូងខេត្តឃុំខ្លួនឈ្មោះ ហួត ដែន អាយុ២៨ឆ្នាំ មានទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ចំណែកជនរងគ្រោះឈ្មោះ អ៊ុំ សំអុល អាយុ២១ឆ្នាំ មានទីលំនៅភូមិស្រែថ្មី ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ លោក ហ៊ុល វាសនា អធិការរងប៉ូលិសក្រុងកំពង់ឆ្នាំងបានរំឭករឿងនេះថា នៅយប់នោះមុនពេលកើតហេតុ ជនរងគ្រោះ និងបក្សពួកបាននាំគ្នាទៅច្រៀងខារ៉ាអូខេនៅហាង«កុឡាបលាក់ខ្លួន» ពេលផឹកស៊ីនិងច្រៀងរួចបានហៅនារីបម្រើនៅហាងឱ្យទៅគិតលុយ ។
ពេលនោះនារីបម្រើឈ្មោះស្រីម៉ាប់ បានទៅគិតលុយតែពេលកំពុងគិតលុយនោះក្រុមជនរងគ្រោះបានចាប់ប្រឡែងលេងក៏ត្រូវនារីរូបនោះស្រែកឮដល់ ឈ្មោះហួត ដែន ដែលជាអ្នកនៅប្រចាំការនៅក្នុងហាង ឬអាចថាជាអ្នកកាង បានស្ទុះចេញមកឈ្លោះនិងប្រតាយប្រតប់ជាមួយជនរងគ្រោះ ។ ពេលនោះឈ្មោះដែនបានដកកាំបិតចុងស្រួចដែលយកចេញពីផ្ទះបាយមកចាក់ត្រូវជនរងគ្រោះចំពោះមួយកាំបិតបណ្តាលឱ្យរងរបួស ធ្ងន់ ។ ក្រោយមកជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត តែដោយមុខរបួសធ្ងន់ធ្ងរពេកក៏ដឹកបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ សីហា ។
ដោយឡែកឈ្មោះ ហួត ដែនក៏ត្រូវបានប៉ូលិសក្រុងកំពង់ឆ្នាំងចាប់ខ្លួននៅព្រឹកថ្ងៃទី៩ សីហា និងត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនាគារនៅរសៀលថ្ងៃទី១០ សីហា បន្ទាប់ពីបានសាកសួរដោយអយ្យការ និងចៅក្រមរួចមក ។លោកអធិការរងក្រុងកំពង់ឆ្នាំងបានបន្តថា ជនសង្ស័យឈ្មោះ ហួត ដែន នេះជាមុខសញ្ញាចាស់ ដែលធ្លាប់ជាប់ពន្ឋនាគារចំនួន៣លើករួចមកហើយ ។ មុនពេលកើតហេតុត្រូវចូលគុកជាលើកទី៤នេះ ជននេះគឺត្រូវបានបងប្អូនយកមកជួយមើលហាងខារ៉ាអូខេ(កុឡាបលាក់ខ្លួន)នេះ៕
ចែករំលែកព័តមាននេះ