ខេត្តបន្ទាយមានជ័យ ៖ រមណីយដ្ឋានដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិទៅកម្សាន្តច្រើននៅខេត្តបន្ទាយមានជ័យ គឺប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ព ព្រមទាំងទីទួលប្រាសាទចំនួន១០ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។ ដោយឡែកប្រាសាទបន្ទាយឆ្មារ កំពុងស្ថិតក្រោមការជួសជុល ។
លោកយ៉ាន សេអា ប្រធានក្រុមជួសជុលនិងតថ្មនៅប្រាសាទបន្ទាយឆ្មារ ឱ្យដឹងនាពេលថ្មីៗនេះថា នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក មានប្រាសាទបុរាណ២ គឺប្រាសាទបន្ទាយឆ្មារនិងប្រាសាទបន្ទាយទ័ពនិងទីទួលប្រាសាទចំនួន១០មានប្រាសាទតាព្រហ្ម ប្រាសាទតាបាំង ប្រាសាទតាណែម ប្រាសាទតាសុខ ប្រាសាទយាយជូ ប្រាសាទយាយគុំ ប្រាសាទចិញ្ចឹមត្រី ប្រាសាទតាអឹម ប្រាសាទមេបុណ្យ និងប្រាសាទបល័្លង្ក ។ ទីទួលប្រាសាទទាំងនេះនៅសេស សល់តួប្រាសាទខ្លះ ។
លោកយ៉ាន សេអា ប្រាប់ថា ប្រាសាទបន្ទាយឆ្មារ កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២និងដើមសតវត្សទី១៣ ។ បរិវេណផ្ទៃដីប្រាសាទទំហំ៩០០ម៉ែត្រ បួនជ្រុង ឯតួប្រាសាទបណ្តោយ២៥០ម៉ែត្រ និងទទឹង២០០ម៉ែត្រ មានផ្លូវចូលចំនួន៤ ស្រះទឹក៤ ព័ទ្ធជុំវិញបរិវេណប្រាសាទ ។លោកយ៉ាន សេអា បន្តថា ប្រាសាទបន្ទាយឆ្មារ ខូចខាតស្ទើរទាំងស្រុងដោយសារជនខិលខូច និងខូចខាតដោយធម្មជាតិដូចជាដើមឈើដុះលើបណ្តាលឱ្យបាក់ជាដើម ។
លោកធេត ឆ្លាត បុគ្គលិកជួសជុលរោងទង និងតួប្រាសាទ ប្រាប់ថា ប្រាសាទបន្ទាយឆ្មារ បានជួសជុលឡើងវិញនៅឆ្នាំ២០០៨ ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអង្គការមូលនិធិបេតិកភណ្ឌពិភពលោក ។ មានកម្មករ៤០នាក់ចែកជា៧ក្រុម មានក្រុមជួសជុលតថ្មបាក់បែក ជួសជុលរោងទង ជួសជុលខឿន និងតួប្រាសាទ ។ ការជួសជុលនេះគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០១២ ។
លោកធេត ឆ្លាត និយាយថា ប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ពមានរូបចម្លាក់ស្រស់ស្អាតអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិទៅកម្សាន្តជាហូរហែ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកសាងផ្លូវជាតិពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅក្រុងសំរោងខេត្តឧត្តរមានជ័យ ៕




ចែករំលែកព័តមាននេះ