ក្រុមហ៊ុនអេឡិចត្រូនិកសាំស៊ុងបានចាប់ផ្តើមកំណែទម្រង់ទូរស័ព្ទស្មាតហ្វូន Galaxy Note ថ្មីដែលមានទំហំធំជាងមុនដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Apple ។Galaxy Note 10.1 កំពុងដំណើរការលក់នៅលើទីផ្សារនៅអាល្លឺម៉ង់ និងអេមីរ៉ាតអារ៉ាប់រួម ហើយមានចំនួនកើនឡើង១ទ្វេជាពីរបើធៀបនឹងប្រភេទមុន ។
ការដាក់ចេញថ្មីនេះ ខណៈដែលក្រុមហ៊ុនកំពុងប្រឹងប្រែងដើម្បីរកទីផ្សារកុំព្យូទ័រ Tablet ដែលទីផ្សារនាពេលបច្ចុប្បន្នកំពុងវាយលុកយ៉ាងខ្លាំងពីសំណាក់ iPad របស់ក្រុមហ៊ុន Apple ។ សូមបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរកំពុងមានជម្លោះប្តឹងផ្តល់គ្នាក្នុងរឿងការរំលោភលើច្បាប់ធ្វើអាជីវកម្ម ។ ក្រុមហ៊ុនសាំស៊ុងនិយាយថា Galaxy Note ថ្មីនេះនឹងដាក់លក់នៅអាមេរិកនៅថ្ងៃទី១៣ សីហា ខាងមុខ ហើយសប្តាហ៍ក្រោយនៅអង់គ្លេស និងកូរ៉េខាងត្បូង។ Galaxy Note 10.1 អ៊ីង (២៥,៦សង្ទីម៉ែត្រ) ធំជាងអេក្រង់ Galaxy Note កាលពីមុនដែលមានតែ៥.៣អីុង ។
មិនខុសពីស៊េរីមុនៗវាភ្ជាប់មកជាមួយនូវប៊ិចដែលគេហៅថា S pen ដែលអាចឱ្យអ្នកប្រើប្រាស់គូរ ឬគូសចំណាំលើអេក្រង់ហើយអ្វីដែលកាន់តែទាក់ទាញនោះ គឺអ្នកប្រើប្រាស់អាចបើកកម្មវិធីញែកជាពីរនៅលើអេក្រង់តែមួយបាន ។ Galaxy Note ថ្មីនេះបំពាក់ដោយប្រព័ន្ធ Quad-core ដែលអាចឱ្យអ្នកប្រើប្រាស់ដំណើរការកម្មវិធីលឿនជាងមុន៕
ចែករំលែកព័តមាននេះ