ខេត្តកំពត ៖ បច្ចុប្បន្នម្រេចកំពតត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារពិភពលោក ពិសេសទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងចាប់អារម្មណ៍និងទទួលស្គាល់គុណភាពម្រេចកំពតរបស់ខ្មែរ ដែលទាំងនេះញាំងឱ្យកសិករខ្មែរខិតខំបង្កើនការដាំដុះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងនេះ ។
ម្រេចជាប្រភេទដំណាំកសិឧស្សាហកម្ម និងអាចយកទៅច្នៃធ្វើជាគ្រឿងផ្សំជាមួយម្អូបអាហារផ្សេងៗ ដើម្បីឱ្យមានរសជាតិឆ្ងាញ់បានជាច្រើនមុខ វាជាប្រភេទរុក្ខជាតិវល្លិដែលកសិករដាំនៅតាមតំបន់ខ្ពង់រាប និងទីទួលខ្ពស់ ។ ផ្លែម្រេចមានរសជាតិហឹរ ទាំងដើម និងផ្លែរបស់វាមានអត្ថប្រយោជន៍ច្រើនយ៉ាង ។
កសិករនៅខេត្តកំពតនិយមចូលចិត្តដាំម្រេចខ្លាំងណាស់ ហើយថ្មីៗនេះ កំពុងតែពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត សូម្បីតែកសិករដែលមិនធ្លាប់ដាំក៏បានចាប់ផ្តើមដាំម្រេចនេះដែរ ដោយសារតម្លៃរបស់ម្រេចកើនឡើងខ្ពស់ក្នុងពេលបច្ចុប្បន្ននេះ។កាលពីមុន តម្លៃម្រេចត្រឹមតែ៥.០០០ទៅ១០.០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម តែមកដល់ពេលនេះបានកើនដល់ពី១០ដុល្លារទៅ១៨ដុល្លារឯណោះ ក្នុងមួយគីឡូក្រាម ឃើញថាមានការកើនឡើងខ្លាំង ។
ជាធម្មតាទំនិញ ឬផលិតផលទាំងអស់ បើកាលណាសម្បូរវាច្បាស់ជាមានការធ្លាក់តម្លៃជាពុំខាន តែដោយឡែកម្រេចវិញ មិនត្រឹមតែមិនធ្លាក់ចុះទេ វាថែមទាំងកើនឡើងខ្ពស់ថែមទៀតផង ។ ហេតុនេះហើយទើបកសិករក្នុងខេត្តកំពតនាំគ្នាពង្រីកផ្ទៃដីដាំដុះបន្ថែមទៀតជាច្រើន ។
តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យតម្លៃម្រេចកើនឡើងខ្ពស់ដូច្នេះ?
លោក ពៅ ភេង ជាកសិករនៅក្នុងភូមិអង្គរជ័យ ខេត្តកំពត បាននិយាយថា គាត់មានចម្ការម្រេចមួយកន្លែង មានម្រេចចំនួន១៩៨គុម្ព ហើយសព្វថ្ងៃគាត់កំពុងតែពង្រីកការដាំដុះបន្ថែមទៀត ។ លោកសប្បាយចិត្តណាស់ដោយម្រេចមានតម្លៃខ្ពស់ ។ ទីផ្សារម្រេចបច្ចុប្បន្ននេះ មិនភ័យព្រួយពីរឿងលក់ដូរឡើយ ពីព្រោះមានក្រុមហ៊ុន និងឈ្មួញមកទិញដល់កន្លែងតែម្តង ។ សព្វថ្ងៃបងប្អូនកសិករក្នុងភូមិដែលមានដំណាំម្រេច បានផ្លាស់ប្តូរជីវភាពពីលំបាក មកជាធូរធារមានម៉ូតូជិះគ្រប់គ្នា អាចឱ្យកូនៗរៀនសូត្របានខ្ពស់ ។ លោកបន្ថែមថា ឥឡូវនេះគេបានបង្កើតសមាគមមួយដែលមានឈ្មោះថា សមាគមលើកកម្ពស់ម្រេចកំពត ហើយសមាជិកដែលចូលក្នុងសមាគម ត្រូវលក់ម្រេចឱ្យទៅសមាគម តាមការកំណត់របស់សមាគមក្នុងតម្លៃមួយដែលអាចទទួលយកបាន ។
លោក អុន ប៊ុត ជាកសិករក្នុងភូមិនោះដែរ មានដំណាំម្រេចជិត១.០០០គុម្ព បានមានប្រសាសន៍ដែរថា គាត់ត្រេកអរណាស់ដែលម្រេចមានតម្លៃកើនឡើងដូច្នេះ ។ គាត់ថា ក្នុងមួយឆ្នាំៗគាត់អាចរកចំណូលពីការប្រមូលផលម្រេចពី៤.០០០ដុល្លារ ទៅ៥.០០០ដុល្លារ ដែលធ្វើឱ្យជីវភាពរបស់គាត់បានធូរធារប្រសើរជាងមុន ។ តែលោកបញ្ជាក់ថា ថ្វីត្បិតតែម្រេចលក់ដាច់ស្រួល និងមានតម្លៃខ្ពស់ពិតមែន តែវាក៏មានផលវិបាកមួយចំនួនក្នុងការដាំដុះ និងថែទាំផងដែរ ។ យើងត្រូវចំណាយទុនក្នុងការដាំ និងថែទាំវា ដែលក្នុងមួយគុម្ពត្រូវចំណាយ៥ដុល្លារ ក្នុងការថែទាំក្នុងមួយឆ្នាំ ហើយពេលយើងដាំម្រេចដំបូង ត្រូវទិញកូនម្រេចក្នុងមួយគុម្ពតម្លៃ៥ដុល្លារ ហើយនៅចំណាយសម្រាប់ទិញជ្រលុងដាក់សម្រាប់ឱ្យម្រេចវារឡើងទៀត ដូចនេះត្រូវចំណាយច្រើនក្នុងពេលដាំលើកដំបូង។ ចំពោះរយៈពេលនៃការប្រមូលផល គឺចាប់ពី២ទៅ៣ឆ្នាំអាស្រ័យលើការថែទាំរបស់អ្នកដាំ ។
ឥឡូវនេះ លោក អុន ប៊ុត កំពុងតែពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដោយសារលោកសង្ឃឹមថា តម្លៃម្រេចនឹងមិនធ្លាក់ចុះទេ ព្រោះពេលនេះមានសមាគមលើកកម្ពស់ម្រេចកំពត សម្រាប់រកទីផ្សារ និងរក្សាតម្លៃមិនឱ្យធ្លាក់ចុះ ។លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត និងជាកសិករដាំម្រេចដែរនោះ បានមានប្រសាសន៍ថា សមាគមបានបង្កើតឡើងនៅថ្ងៃទី៣ តុលា ឆ្នាំ ២០០៨ ហើយមកដល់សពថ្ងៃនេះ សមាគមមានសមាជិកចំនួន១៣៩នាក់ និងមានក្រុមហ៊ុនចំនួន១៤ ដែលបានដាក់ទុនទិញម្រេចពីសមាគម ។ សមាគមលើកកម្ពស់ម្រេចកំពតមានសមាជិកមកពីខេត្តកំពត និងខេត្តកែប ហើយស្រុកកំពង់ត្រាច គឺជាស្រុកមួយដែលមានសមាជិកចូលរួមច្រើនជាងគេ មានរហូតដល់៩០% ក្រៅពីនោះ គឺមាននៅខេត្តកែប និងស្រុកផ្សេងៗទៀតក្នុងខេត្តកំពត ។
នេះសបញ្ជាក់ឱ្យឃើញថា ស្រុកកំពង់ត្រាច ជាស្រុកដែលមានកសិករដាំម្រេចច្រើនជាងគេ ។ លោកបន្តថា ម្រេចដែលសមាគមទិញគឺនាំទៅលក់ក្នុងប្រទេសកម្ពុជា និងនាំចេញទៅក្រៅប្រទេស ហើយប្រទេសដែលនាំចេញទៅច្រើនជាងគេមាន ប្រទេសបារាំង និងសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតមាន ជប៉ុន កូរ៉េ ហ្វ៊ីលីពីន ជាដើម ។ ការបង្កើតសាមាគមម្រេច មានអត្ថប្រយោជន៍ច្រើនណាស់ ពីមុនតម្លៃថោក ហើយមិនសូវមានអ្នកទិញ តែចាប់តាំងពីបានបង្កើតសមាគមរួចមកតម្លៃម្រេចបានឡើងថ្លៃគួរឱ្យកត់សម្គាល់ ដែលកសិករអាចរកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយឆ្នាំៗពីផលម្រេចនេះ ។
តម្លៃម្រេចដែលសមាគមទិញមានដូចជា ម្រេចលេខ១ តម្លៃ១៨ដុល្លារ ជាប្រភេទម្រេចស លេខ២ តម្លៃ១៥ដុល្លារ គឺម្រេចក្រហម ហើយម្រេចខ្មៅធម្មតា តម្លៃ១១ដុល្លារ ក្នុងមួយគីឡូក្រាម ។ លោក ងួន ឡាយ បន្តទៀតថារូបលោកផ្ទាល់ក៏មានដំណាំម្រេចដែរ គឺប្រហែល១.០០០គុម្ព ដែលកំពុងប្រមូលផល ហើយពេលនេះ លោកកំពុងតែពង្រីកផ្ទៃដីដាំដុះរហូតដល់ជាង២.០០០គុម្ពទៀត ៕







ចែករំលែកព័តមាននេះ