ខេត្តឧត្តរមានជ័យ ៖ ក្រុមទាហានឈុតខ្មៅសៀម បានបាញ់ប្រហារពលរដ្ឋខ្មែរ២នាក់ទៀត បណ្តាលស្លាប់ចោលប្រពន្ធកូន និងសាច់ញាតិរបស់ខ្លួន ទោះបីជាបែបណាពលរដ្ឋខ្មែរទាំង២នាក់នេះ គេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផែនទីលេខV.A០៦០៩០៤ក្នុងទឹកដីខេត្តស៊ីសាកេត ប្រទេសថៃ កាលពីថ្ងៃទី៨ សីហា កន្លងទៅ ។
មន្ត្រីក្រុមការងារទំនាក់ទំនងមាត់ច្រកទ្វារអន្តរជាតិជាំសាងាំបានឱ្យដឹងថា បន្ទាប់ពីបាញ់សម្លាប់ពលរដ្ឋខ្មែរទាំង២នាក់នោះ ហើយ ក្រុមទាហានសៀមបានថតសាកសពនិងវត្ថុតាងមានរណារដៃចំនួន១ ឈើគ្រញូងចំនួន១ដុំ សម្បកគ្រាប់កាំភ្លើងអាកាចំនួន៥ និងឯកសារមួយសន្លឹក ក្នុងនោះបានចោទប្រកាន់ថាប្រជាពលរដ្ឋខ្មែរ២នាក់នេះ ចូលទៅក្នុងទឹកដីថៃកាប់ឈើគ្រញូង ។ មន្ត្រីក្រុមការងារទំនាក់ទំនងច្រកទ្វារបានបន្តទៀតថា បន្ទាប់ក្រុមសមត្ថកិច្ចសៀមបានបញ្ជូនរូបថតសពប្រជាពលរដ្ឋខ្មែរមកឱ្យកម្ពុជារួចមក ខាងក្រុមការងារទំនាក់ទំនងកម្ពុជាបានធ្វើការផ្សព្វផ្សាយរកសាច់ញាតិបងប្អូនរបស់សព សុំឱ្យសាច់ញាតិមកធ្វើទំនាក់ទំនងជាមួយក្រុមការងារ។
ប្រជាពលរដ្ឋខ្មែររស់នៅក្នុងខេត្តឧត្តរមានជ័យជាច្រើននាក់បានឱ្យកោះសន្តិភាពដឹងថា សព្វថ្ងៃនេះសកម្មភាពប្រជាពលរដ្ឋខ្មែរឡើងទៅលើភ្នំដងរែក ដើម្បីកាប់ឈើគ្រញូងនោះនៅតែកើតមានដដែល ហើយក៏នៅតែរងការបាញ់ស្លាប់ជាបន្តបន្ទាប់នៅក្នុងព្រៃដូចសត្វធាតុ ក្រោមចុងកាណុងរបស់ទាហានសៀម ។ ទោះបីជាបែបណា ក៏មានការស្តីបន្ទោសទៅអ្នកមានអំណាចនិងមន្ត្រីខិលខូចមួយចំនួន ដែលបានឃុបឃិតគ្នាគិតតែពីលាភសក្ការផ្ទាល់ខ្លួនចង់ធ្វើមានធ្វើបាន ដោយមិនគិតដល់អាយុជីវិតរបស់ប្រជាពលរដ្ឋក្រីក្រនោះឡើយ ដោយយកប្រាក់ធ្វើជាធ្នាក់ឱ្យឡើងទៅកាប់ឈើគ្រញូង ។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានអំពាវនាវឱ្យមានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពជុំវិញបញ្ហាទាំងអស់នេះដែរ តែជារឿយៗពលរដ្ឋខ្មែរនៅតែត្រូវបាញ់ស្លាប់ជាបន្តបន្ទាប់ ដែលមុននេះ សពពលរដ្ឋខ្មែរ២នាក់ត្រូវបានភាគីសៀមប្រគល់ឱ្យក្រុមគ្រួសារនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ៕




ចែករំលែកព័តមាននេះ