ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ព្រៃ​ដេញ​រថយន្ត​ដឹក​ឈើ​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់​

13 ឆ្នាំ មុន

ខេត្ត​​ក្រចេះ​ ៖ យុវជន​ម្នាក់បាន​​ស្លាប់​បាត់​បង់​ជីវិត​ក្រោយ​ពីក្រុម​គ្រួសារ​នាំមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុ​ការណ៍​គ្រោះថ្នាក់បង្កឡើងដោយ​រថយន្តមេព្រៃ​បើក​​ដេញ​រថយន្ត​ដឹក​ឈើក្នុងទីប្រជុំជនហើយ​​ជ្រុល​​ទៅបុកជនរងគ្រោះទាំងពីរនាក់ដែល​កំពុង​ជិះ​ម៉ូតូតាម​ផ្លូវ​ ។

មន្រ្តីប៉ូលិ​សចរាចរ​បានឱ្យដឹងថា ហេតុ​ការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​៩​យប់ថ្ងៃទី៩ សីហា នៅមុខការិយា​ល័យ​កសិកម្ម​ក្រុង ​ក្នុង​ភូមិ​រកាកណ្តាល២ សង្កាត់រកាកណ្តាល ​ក្រុង​ក្រចេះ។ ហេតុការណ៍​គ្រោះថ្នាក់​​ដែល​​បណ្តាល​​​ឱ្យ​មាន​មនុស្ស​ស្លាប់និងរបួសនេះ​ ត្រូវ​បានគេដឹង​ថា បណ្តាលមកពីរថយន្តមេព្រៃខណ្ឌ​រដ្ឋ​បាលព្រៃ​ឈើ​ក្រចេះ និងរថយន្តសមត្ថកិច្ច​ចំនួនពីរគ្រឿង​​ទៀត​ដែល​បើក​តាម​ប្រមាញ់​រថយន្តដឹក​ឈើ​មួយ​គ្រឿង​​ជ្រុលទៅ​បុកយុវជន​ទាំង​ពីរ​នាក់​ដែលកំពុងជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ បណ្តាលឱ្យ​ផ្លោងជា​ច្រើនម៉ែត្ររង​របួស​ធ្ងន់​ទាំងពីរ​នាក់ ក្នុងនោះម្នាក់​បាន​ស្លាប់​ពេល​ក្រុម​គ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរ​ពេទ្យ​ឯរាជធានី​ភ្នំពេញ ។

មន្ត្រី​នគរបាលចរាចរជើងគោកបានឱ្យ​ដឹង​ថា ជនរងគ្រោះទាំងពីរនាក់នេះ ម្នាក់​ឈ្មោះ ​ស្រ៊ីម ប៊ុនហេង អាយុ១៩ឆ្នាំ មានទីលំនៅ​ភូមិ​ជ្រោយស្នែងក្របី ឃុំកំពង់គ ស្រុកព្រែក​ប្រសព្វ ​រងរបួសធ្ងន់បាក់ភ្លៅ និងស្លាប់ក្រោយ​មួយ​ថ្ងៃ​បន្ទាប់ពីនាំមកសង្គ្រោះ​នៅមន្ទីរ​ពេទ្យឯរាជ​ធានី​ភ្នំពេញ និងម្នាក់ទៀតឈ្មោះអីុ សាវរី អាយុ២១​ឆ្នាំ ​មាន​ទីលំនៅ ឃុំបុសលាវ ស្រុកចិត្របុរី រងរបួស​ធ្ងន់។

រីឯរថយន្តបង្កហេតុម៉ាកកាម​រី​គូទហើម ពណ៌ស្លែ ពាក់ស្លាកលេខ​ភ្នំពេញ2J-2013 បើកបរដោយបុរសឈ្មោះពេជ្រ វិឡា​ អាយុ៤១ឆ្នាំ មាន​ទីលំនៅនៅ​រាជធានី​ភ្នំពេញ ​និង​ជាមន្ត្រី​ខណ្ឌ​រដ្ឋ​បាលព្រៃឈើក្រចេះ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យ​ដឹងថា នៅយប់​​នោះ​គេឃើញរថ​យន្ត​សមត្ថ​កិច្ច​ចំនួន​បីគ្រឿងបើកដេញ​រថ​យន្តកាមរីដឹកឈើ​មួយ​គ្រឿងក្នុង​ទិស​ដៅពី​ក្រុង​ក្រចេះឆ្ពោះ​ទៅ​ស្រុក​ឆ្លូង ។ ការបើក​រថយន្តរបស់ក្រុមសមត្ថកិច្ច​តាម​ប្រមាញ់រថយន្តដឹកឈើនេះ​ ប្រៀប​បាន​នឹង​​ខ្សែភាពយន្តហូលីវូដ ដោយ​រថ​យន្ត​សមត្ថកិច្ច​ទាំងបីគ្រឿងនេះបើក​​​បោះពួយ​ដេញ​រថយន្ត​ដឹក​ឈើ​លឿនស្លេវ និងកៀរគ្នាទៅ​វិញ​ទៅមកធ្វើឱ្យ​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​ភ័យ​ព្រលឹង​ចុងសក់​គ្រប់ៗគ្នា ។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា លុះ​ពេល​ទៅ​ដល់មុខការិយាល័យ​​​​កសិកម្ម​ក្រុង​ដែល​ផ្លូវកំពុង​ជួលជុល ​​ស្រាប់តែ​រថយន្តរបស់មេព្រៃ​ជ្រុល​ទៅ​បុក​ម៉ូតូ​របស់ជនរង​គ្រោះ​បណ្តាលឱ្យ​ផ្លោង​​​អូស​​​ជាច្រើន​​ម៉ែត្រ​ ចំណែកឯ​រថយន្ត​ដឹក​ឈើ​​ក៏​បាន​បើក​រត់គេចទៅ​បាត់​ទៅ ។

មន្ត្រី​​​​នគរ​បាល​​ចរាចរបានឱ្យដឹងទៀតថា អ្នក​បើកបររថយន្តក្រោយពីជួបឧប្បត្តិហេតុ​​​បុកម៉ូតូ​​ក៏​បានរត់គេចខ្លួនហើយជនរង​គ្រោះ​ទាំង​​ពីរ​នាក់​ត្រូវ​រថយន្តសង្គ្រោះ​របស់នគរបាល​នាំមកសង្គ្រោះ​នៅមន្ទីពេទ្យខេត្តនិងបញ្ជូនបន្ត​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យឯរាជធានី​ភ្នំពេញ  ទៀត៕