ខេត្តកំពង់ចាម ៖ មនុស្សម្នាក្មេងចាស់ប្រុសស្រីរាប់រយនាក់បានភ្ញាក់ផ្អើលនាំគ្នាមកមើលភ្លើងឆេះចេញពីក្នុងអណ្តូងស្នប់មួយកន្លែងនៅបឹងនរក ស្ថិតក្នុងភូមិប្រណាក ឃុំរាយប៉ាយ ស្រុកកងមាស កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ សីហា ដែលភ្លើងឆេះនេះមានកម្ពស់ប្រហែល៤ម៉ែត្របាញ់ចេញពីក្នុងដីមក។ រហូតមកដល់ព្រឹកថ្ងៃទី១២ សីហា ភ្លើងនៅតែបន្តឆេះដដែល ហើយត្រូវបានមន្ត្រីជំនាញអះអាងថា នេះជាចំហេះឧស្ម័ននៅក្នុងដី ។
កសិករឈ្មោះឃី ទូច អាយុ២៦ឆ្នាំ រស់នៅភូមិប្រណាក ឃុំរាយប៉ាយ បានឱ្យដឹងថា ដោយសារតែកង្វះទឹកសម្រាប់ធ្វើស្រែប្រាំងនៅថ្ងៃទី១០ សីហា រូបគាត់បានជួលអ្នកខួងអណ្តូងស្នប់ឱ្យមកជីកអណ្តូងនៅនឹងវាលស្រែ មានចម្ងាយប្រហែល១គីឡូម៉ែត្រពីផ្ទះ ដោយចាប់ផ្តើមជីកតាំងពីម៉ោង៩ព្រឹក រហូតដល់វេលាម៉ោង២រសៀល ស្រាប់តែខួងលែងចុះ ព្រោះប៉ះនឹងថ្មក្នុងជម្រៅ៣៦ម៉ែត្រ ។ ក្នុងពេលនោះ ក្រុមអ្នកជីកអណ្តូងបានទាញដែកខួងអណ្តូងមកលើវិញដោយជាប់ទាំងភក់ ដែលមានធាតុត្រជាក់ខុសប្លែកពីធម្មតា ហើយពេលយកដែកកេះមកឆួលសាកដែលមានចម្ងាយ១ម៉ែត្រពីមាត់អណ្តូងស្នប់ ស្រាប់តែឆាបមកដល់មាត់អណ្តូងដែលជីកនោះបង្កជាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅកម្ពស់ប្រហែល៤ម៉ែត្រ ធ្វើឱ្យម្នាក់ៗស្រឡាំងកាំង គ្រប់ៗគ្នា លុះប្រហែលជា៣ម៉ោងក្រោយមកភ្លើងក៏បានថមថយទៅវិញបន្តិចម្តងៗ។ ដោយសារជួបហេតុការណ៍បែបនេះចំពោះថ្លៃឈ្នួលជីកអណ្តូងចំនួន៥៥ម៉ឺនរៀល អ្នកខួងអណ្តូងពុំយកទេ គ្រាន់តែឱ្យចេញថ្លៃប្រេងប៉ុណ្ណោះ។ ទោះជាយ៉ាងណា ភ្លើងលែងឆេះគាត់នឹងឱ្យក្រុមអ្នកខួងអណ្តូងជីកនៅកន្លែងផ្សេងទៀតក្បែរនោះ សម្រាប់យកទឹកស្រោចស្រពដីស្រែជាង១ហិកតា ។
ចំណែកបុរសចំណាស់ឈ្មោះម៉ិច បាន អាយុ៥៥ឆ្នាំ រស់នៅភូមិគោកក្របី ឃុំរាយប៉ាយ ឱ្យដឹងថា នៅថ្ងៃភ្ញាក់ផ្អើលដំបូងរូបគាត់ឮគេនិយាយពីមាត់មួយទៅមាត់មួយថា មានភ្លើងឆេះចេញពីក្នុងអណ្តូងស្នប់នៅនឹងវាលស្រែប្រាំង ស្ថិតនៅបឹងនរក អតីតដែនឡូត៍នេសាទលេខ៦ មានចម្ងាយប្រហែល១គីឡូម៉ែត្រកន្លះពីផ្ទះ ។ ដំបូងគាត់មិនជឿទេ លុះពេលមកមើលឃើញភ្លើងឆេះចេញពីក្នុងអណ្តូងដែលគេជីកនោះមែនទើបជឿ ព្រោះតាំងពីកើតរហូតដល់អាយុជាង៥០ឆ្នាំហើយពុំដែលជួបប្រទះបែបនេះឡើយ។ នេះទើបជាលើកទី១ហើយដែលគាត់ឃើញភ្លើងឆេះចេញពីក្នុងដី រហូតដល់យប់ថ្ងៃទី១០ សីហា មនុស្សម្នាជាច្រើននាក់បាននាំគ្នាមកមើលភ្លើងឆេះនេះ ។
នៅរសៀលថ្ងៃទី១១ សីហា ចំហេះឧស្ម័នដែលភាយពីក្រោមដីបានថយកម្លាំងមកនៅត្រឹមកម្ពស់១ម៉ែត្រប៉ុណ្ណោះ ទោះបីជាបែបណាការភាយចេញខ្លាំង ឬខ្សោយនោះអាស្រ័យដោយមិនមានការជីកតទៅទៀត ហើយបើផ្ទៃដីខាងលើជិតរន្ធវិញនោះក៏គ្មានការភាយចេញមកទៀតដែរ ។
លោកម៉េត គ្រុយ អនុប្រធានភូមិគោកក្របីប្រាប់ឱ្យដឹងថា នៅពេលទឹកទន្លេមេគង្គឡើងមកជន់លិចចូលបឹងនរក ត្រង់កន្លែងភ្លើងឆេះនេះ អ្នកនេសាទដែលរាយមងតែងតែឃើញពពុះផុសចេញមកលើផ្ទៃទឹកបឹង ដែលមានជម្រៅប្រហែល២ទៅ៣ម៉ែត្រ។ ជាក់ស្តែង នៅថ្ងៃភ្ញាក់ផ្អើលដំបូងមានមនុស្សក្មេងចាស់ប្រុសស្រីមកពីគ្រប់ទិសទីនាំគ្នាមកមើលរហូតដល់ពេលយប់ស្ងប់ខ្យល់ កម្ពស់ភ្លើងនៅប្រហែលជា១ម៉ែត្រកន្លះ ហើយរហូតដល់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១១ សីហា ទើបស្ងប់មនុស្ស។ បាតុភូតធម្មជាតិនេះអាចបណ្តាលមកពីមានឧស្ម័ននៅក្នុងដីទើបបង្កឱ្យមានភ្លើងឆេះយ៉ាងដូច្នេះ ដែលមកដល់ព្រឹកថ្ងៃទី១២ សីហា ភ្លើងនៅតែបន្តឆេះដដែលពីក្នុងអណ្តូងស្នប់ដែលបានជីកនោះ ។
ចំណែកលោកសួន ឌី ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្តមានប្រសាសន៍ថា បាតុភូតខាងលើនេះដោយសារតែការជីកអណ្តូងខណៈដល់ជម្រៅ៣៦ម៉ែត្រក៏ប៉ះចំស្រទាប់មានស្លឹកឈើគរពីលើគ្នាជាយូរឆ្នាំនៅក្រោមដីនេះ លុះពេលយូរទៅបង្កជាឧស្ម័ន ហើយបានភាយចេញតាមបំពង់មកលើ ។ ការឆេះនៅក្នុងថ្ងៃដំបូងខ្លាំងមែន តែក្រោយមកក៏ចេះតែថយទៅៗ ហើយមិនយូរនោះទេវានឹងអស់។ បាតុភូតបែបនេះគឺរូបលោកធ្លាប់ជួបប្រទះជាច្រើនកន្លែងមកហើយនាពេលកន្លងមក តែបើប៉ះចំស្រទាប់រ៉ែវិញ មានជម្រៅរាប់រយម៉ែត្រទៅក្រោមដីឯណោះ។ ចំពោះករណីខាងលើរូបលោកមិនបានរាយការណ៍ទៅក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលទេ ព្រោះតែជារឿងតូចតាច តែក៏បានដាក់មន្ត្រីឱ្យនៅឃ្លាំមើលដែរ ក្រែងអាចមានសភាពការណ៍ណាមួយកើតឡើងខុសពីការប៉ាន់ស្មាននេះ៕




ចែករំលែកព័តមាននេះ