ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង​​2ក្រុម​​ជួ​ប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ពេល​រាត្រី​កន្លែង​ផ្សេង​គ្នា​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ៖ ​​មាន​ហេតុ​ការណ៍​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​២​ករណី​​​​​ កាល​ពី​យប់​​ថ្ងៃទី​​​១១ សីហា ​ពាក់​ព័ន្ធ​​​​នឹង​​​ក្រុម​​អ្នក​កំប្លែង​​​​ ខណៈ​​​​​​​ពេល​ធ្វើ​ដំណើ​រ​​​​​​​​​​វិល​ត្រឡប់​​​​​ពី​​ការ​​សម្តែង​​​នានា​​តាម​ទូរ​ទស្សន៍​​​​ ព្រោះ​​​ជា​ថ្ងៃ​សៅ​​រ៍ ។​ ​ទោះ​បី​​ជា​​បែបណា​​ គ្រោះ​ថ្នាក់​​​​ទាំង​​២​ករណី​​​នេះ​​ មិន​មាន​​​​​​​​​​​​​​​​​​ភាព​ធ្ងន់​ធ្ងរ​​​​នោះ​ទេ​ ​ដែល​ចាត់​ទុក​​​​ជា​សំណាង​​​ដ៏​ល្អ​​ផង​ដែរ​​ ទោះ​បី​​​​មាន​ការ​​ខូ​ច​ខាត​​​​​​យាន​​យន្ត​​គួរ​​ឱ្យ​​​កត់​សម្គាល់​​ក្តី ។

​​​តា​​រា​​​​កំប្លែង​​​​យាយ​​​អឿន​រង​​របួស​​​​ថ្លោះ​ក​​ ខណៈ​​​​​​​​​​​​​​​​ពេល​ចេញ​ពី​​​​សម្តែង​​​​​​​​ត្រូវ​កូន​​​​បើក​រថយន្ត​​​​ជូន​ត្រឡប់​​​ទៅ​ផ្ទះ​វិញ​​ ក៏​ត្រូវ​​​​រថយន្ត​​​​ដឹក​ផលិត​​​​ផល​កសិ​ផល​​​​​ក្នុង​ស្រុក​​​ មាន​ ​សាច់​ បន្លែ​​​ ផ្លែ​ឈើ​​ស្រស់ បើក​​​​ធ្លាក់​ជង្ហុក​​​ ក៏​រេ​ចង្កូត​​​​​មក​បុក​​​​រថយន្ត​​របស់​គាត់​​​​ពេញ​ទំហឹង​​​​តែ​ម្តង​​។​ ហេតុ​ការណ៍​​​នេះ​​កើ​ត​ឡើង​​​​នៅ​វេលា​ម៉ោង​​​​៩​និង​​​៥០​នាទី​​យប់​​ថ្ងៃទី​​១១ សីហា ​​តាម​ផ្លូវ​​​ជាតិ​លេខ​​១ ចំណុច​​​​ភូមិ​ក្តី​​​តាកុយ​ ​សង្កាត់​​​វាល​ស្បូវ​​ ខណ្ឌ​មាន​ជ័យ។

​​បើ​​តាម​សម្តី​របស់​​​តារាកំប្លែង​​​​ អ្នក​ស្រី​​ សួន​ សំអឿន ​​​ហៅ​យាយ​​អឿន អាយុ​​៦១​ឆ្នាំ ​​ ​ជា​តា​រា​​កំប្លែង​​​ប្រចាំ​នៅ​​​​ក្រុម​កំប្លែង​​​នាយកុ​យ​​ ស្នាក់​នៅ​​​ភូមិ​ព្រែក​​​ធំ​ សង្កាត់​​​​ក្បាល​កោះ​​ ខណ្ឌ​មាន​ជ័យ​​ ​បាន​​និយាយ​ថា ​​មុន​ពេល​កើតហេតុ​​​គាត​់​ត្រូវ​​​បាន​កូន​ប្រុស​​ឈ្មោះ ច សុជាតិ​​ ​​​អាយុ​​​៣២​ឆ្នាំ ​​ជា​អ្នក​​​បើក​​​​​រថយន្ត​​​​​កាម​រី​​ឆ្លាម​​​ ពណ៌​​​ខ្មៅ​​ ជូន​មក​​​ពី​សម្តែង​​​​នៅ​ភោជនីយ​ដ្ឋាន​​​​​បុប្ផា​​ជាយ​ដែន​​ ​​​មាន​ទី​​​តាំង​នៅ​​​សង្កាត់​​​ផ្សា​រ​ដើម​​ថ្កូវ​​ ខណ្ឌ​ចំការ​មន ។​

​​តា​រា​កំប្លែង​​​ដែល​គេ​​​​​​​ស្គាល់​​​ច្បាស់​ថា យាយ​អឿន​​​​ ​​និយាយ​​​​ទៀត​ថា ជា​រៀង​​រាល់​​​ថ្ងៃ​ ក្រុម​​​កំប្លែង​​​របស់​នាយកុយ​​​រួម​មាន​ ​នាយ​​កុយ​​ តាស៊ីស​ ​យាយ​អឿន​ ​នាង​​ប្រឹម​ប្រិយ​ យាយ​ខ្លី​ និង​នាយ​​​ក្រិន​​​ សម្តែង​​​នៅ​ក្នុង​​​​ភោជនីយ​ដ្ឋាន​​​​បុប្ផា​ជាយ​​ដែន​​​​​​​ជា​រៀល​​រាល់​យប់​​ រហូត​ដល់​​​​ម៉ោង​​៩​​​យប់​ទើប​​​​ចប់​ត្រឡប់​​​ទៅ​ផ្ទះ​វិញ​​​​​រៀង​​ៗ​ខ្លួន​​ ។ ​​យាយ​អឿន ​​​រៀប​រាប់​​​ថា ​នៅ​យប់​កើត​ហេតុ​​​ ពេល​​​​​​​ដែល​កូន​​​​​​​​​​ប្រុស​របស់​គាត់​បើក​រថយន្ត​​​​​កាម​រី​ឆ្លាម​ ពណ៌​ខ្មៅ ​​តាម​​​ផ្លូវ​​ជាតិ​លេខ​​១ ពីភ្នំ​ពេញ​​​ត្រឡប់​​ទៅ​ផ្ទះ​​​វិញ ស្រាប់​​តែ​​​មាន​​រថយន្ត​ហ៊ី​យ៉ាន់​ដាយ​​ ពណ៌​ស​​ ​ជា​រថយន្ត​​​​ដឹក​​​ផលិត​ផល​កសិ​ផល​​ ក្នុង​ស្រុក​​ ​មាន​សាច់​ បន្លែ​​ ​ផ្លែ​​ឈើ​​ស្រស់​ របស់​​​​ក្រុម​ហ៊ុន​​​​​ហេប​ភី​​​ហ្វាម​ ​បើក​​ពី​សង្កាត់​​​ព្រែក​ឯង​​​​ចូល​មក​ភ្នំពេញ​​វិញ ក្នុង​​​​ទិស​ដៅ​​​​បញ្ច្រាស​​គ្នា​ ​។ ខណៈ​មក​ដល់​​​ចំណុច​​កើត​ហេតុ​​​​ខាង​លើ ស្រាប់​តែ​​​​រថយន្ត​​ដឹក​​​កសិផល​នោះ​​ធ្លាក់​​​ជង្ហុក​​​​​​ក៏​ដាច់​​​កាឡេ​​​រេ​ចង្កូត​​​​ពេញ​ផ្លូវ​​​​​ និង​បាន​បុក​​​​រថយន្ត​​​​របស់គាត់​​​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​​​​រថយន្ត​​​​បែក​​​ចង្កៀង​​​​ និង​បោក​​​​​គាត់​​​​​នៅ​ក្នុង​​​​រថយន្ត​​​​​ផ្ទុប​​នឹង​​​ទ្វារ​​​​​​​​​​​​បណ្តាល​ឱ្យ​​​ថ្លោះ​​​​​ក ។

​​ក្នុង​ហេតុការ​ណ៍​​​​​នេះ​ គេ​ឃើញ​​​​វត្ត​មាន​​​នាយ​កុយ​​​​បាន​ជិះ​រថយន្ត​​​​​រួម​ដំណើរ​​​​​ជា​មួយ​​​សន្តិ​សុខ​​​យាម​នៅ​​​ភោជ​នីយ​ដ្ឋាន​​​​បុប្ផា​ជាយ​ដែន​​​​​ បាន​ទៅ​​​​ចូល​រួម​​ធ្វើ​អន្ត​​រា​គមន៍​​ ហើយ​​​​​យាយ​អឿន​​ បាន​ទាម​ទារ​​សំណង​​​​ដើម្បី​​យក​ទៅ​​​​ជួស​ជុល​​​រថយន្ត​ និង​​​​​ព្យា​បាល​​​​របួស​​​​របស់​គាត់ ​តែ​​​​អ្នក​បើក​បរ​​​រថយន្ត​​​​​ដឹក​​កសិផល​​​មិន​អាច​​​​ទាក់​ទង​​​​ថៅ​កែ​​​បាន​​​​ ដោយ​សារ​​​យប់​ទៅ​ហើយ​​ ​ត្រូវ​សមត្ថ​កិច្ច​​​​​ស្ទូច​​​​​យក​រថយន្ត​​​​ទាំង​ពីរ​គ្រឿង​​​​​ទៅ​រក្សាទុក​នៅ​​​​​ខណ្ឌ​​​​មាន​ជ័យ​ ។ ចំណែក​​​យាយ​អឿន​ ​ត្រូ​វ​នាយ​កុយ​ដឹក​​​​​​​យក​ទៅ​ព្យា​បាល​​​​របួស​ ។​

​ហេតុ​ការណ៍​​មួយ​​ទៀត​ រថយន្ត​​​ឡិច​​ស៊ីស​​RX 300 ​ពណ៌ស ​មួយគ្រឿង ​​ដែល​គេ​ស្គាល់​​ថា ជា​រថយន្ត​របស់​​តារា​​​​ដែល​​ទើប​នឹង​​រះ​​​មិន​ទាន់​​​មាន​ឈ្មោះបោះ​សំឡេង​​​​ក្នុង​​​​ជួរ​សិល្បៈ​​​​​នៅ​ឡើយ​ទេ ​​​​ តែ​​​មិន​បាន​​​ប្រាប់​​​​ឱ្យ​ដឹង​ថា ​តារា​រូប​​​នេះ​ឈ្មោះ​​​អ្វី​ទេ​ បាន​បើក​​​រថយន្ត​​គេច​​ពី​រថយន្ត​​មួយគ្រឿង​ទៀត ​​​​ក៏​ជ្រុល​ទៅ​បុក​​​​រនាំង​​​​​ដែក​ពុះ​ចែក​​ទ្រូង​ផ្លូវ​​បាក់​រលំ​​​​ចំនួន​​៥​ផ្ទាំង ​​​កាលពី​វេលាម៉ោង​​​​១២​និង​​៣០នាទី​​​​​រំលង​អធ្រាត្រ​ ​ឈាន​ចូលថ្ងៃទី​​​​១២  ​​សីហា ​​តាម​មហា​វិថី​​​​សហ​ព័ន្ធ​រុស្ស៊ី  ​ត្រង់​ចំណុច​​​​ស្តុប​​​​​​​វត្ត​នាគ​វ័ន ​​ក្នុង​​សង្កាត់​​ផ្សារ​ដេប៉ូ​​​៣ ខណ្ឌ​​ទួល​គោក ។​​​

សាក្សី​​​​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា ​​​រយថន្ត​​ឡិច​ស៊ីស​ RX 300 ​​​​ពណ៌ស ​បើក​បរ​ដោយ​​យុវជន​​ម្នាក់ជា​តា​រា​​ថ្មោ​ង​ថ្មី​ តាម​​មហាវិថី​​សហព័ន្ធ​​រុស្ស៊ី ​​ពី​កើត​ទៅលិច ​ខណៈ​​មក​ដល់​ចំណុច​​​ស្តុប​វត្ត​នាគវ័ន​​ ស្រាប់​តែ​​រថយន្ត​ជ្រុល​​​ចង្កូត​​​ទៅបុក​រនាំង​​​​ដែកពុះ​ចែក​ផ្លូវ​​​​​បាក់​រលំ​អស់​ចំនួន​៥​ផ្ទាំង ​ធ្វើ​ឱ្យ​រថយន្ត​​​​​រេ​ចង្កូត​​​​ឡើង​ទៅ​​​លើ​ចិញ្ចើម​​​ផ្លូវ​​រួច​វិល​​​​មួយ​ជុំ​​​បែរ​ក្បាល​​​ចំ​ខ្លោង​ទ្វារ​​​វត្តនាគវ័ន​ និង​បម្រុង​​​បើក​រត់​​​​ ​តែ​រថយន្ត​​​បាក់​​​​​កាឡេ​​មិនអាច​​​បើក​​ទៅមុខ​បាន ។​

​​យុវជន​​អ្នក​បើក​បរ​រថយន្ត​​​ដែលគេ​ស្គាល់​​​ថា ​ជា​តារា​​​​​ទើ​បនឹ​ង​រះ​​​​ថ្មី​​​​ថ្មោង​​មិន​ស្គាល់​​​ឈ្មោះ​​​​​បាន​​ឱ្យ​ដឹង​ថា​ ​មូល​ហេតុ​​​ដែល​រថយន្ត​​​របស់​គេ​​បើក​បុក​​​​រនាំង​​ដែក​​​ពុះ​​ចែក​ផ្លូវ​​​ ដោយ​សារ​តែ​​​​គេ​ច​ពី​រថយន្ត​​​មួយគ្រឿង​​ទៀត​ ទើប​​​ជ្រុល​ចង្កូត​​ទៅ​បុក​រនាំង​ដែក​​​​រលំ​ដូច្នេះ ។​ ​

​​ក្រោយ​​ពេល​កើត​ហេតុ​​​ គេ​ឃើញ​​មាន​វត្ត​​​មាន​ក្រុម​​​អ្នក​សិល្បៈ​​​មួយ​ចំនួន​​​ទៀត​ទៅ​​ចោម​រោម​​​​បម្រុង​​​ជួយ​អន្តរាគមន៍​ដែរ​ ​តែ​​ពេល​ឃើញ​​​អ្នក​កាសែត​​​កំពុង​​ថត​​​​​​​យក​រូប​​ភាព​​​​​ ពួកគេ​​ក៏​នាំ​គ្នា​​​​ចូល​ក្នុង​​​​រថយន្ត​​​បើក​ចេញ​​​​ទៅ​បាត់​អស់ ​​​ដោយ​​​​បន្សល់​​ទុក​​​ រថយន្ត​ដែល​ខូច​ខាត​​​នៅ​កន្លែង​​​កើត​ហេតុ​ ​ត្រូវសមត្ថកិច្ច​​​យកទៅ​​រក្សា​ទុក​​​នៅ​សាលា​រាជ​ធានី​ភ្នំពេញ​ ​​ដើម្បី​​​សង​ការ​ខូច​ខាត​​​​ទ្រព្យ​​សម្បត្តិ​​​សាធារណៈ ៕