ខេត្តតាកែវ ៖ ស្របពេលទឹកទន្លេកំពង់ឡើង គឺជាឱកាសដ៏ល្អមួយសម្រាប់ក្រុមឈ្មួញដឹកឈើប្រណីត និងឈើគ្រញូងទៅលក់នៅប្រទេសវៀតណាម ។ ប្រភពព័ត៌មានពីមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើក្រុងដូនកែវបានឱ្យដឹងថា នារដូវទឹកឡើងនេះច្រកមួយដែលស្ថិតនៅភូមិធន់មន់ សង្កាត់បារាយណ៍ ជាច្រកឈ្មួញដឹកជញ្ជូនឈើប្រណីត និងគ្រញូងតាមទូកយកទៅលក់នៅវៀតណាមយ៉ាងរលូន ដោយមិនរំខានដល់សមត្ថកិច្ច ឬស្ថាប័នជំនាញឡើយ ព្រោះរាល់ពេលរថយន្តតូចដឹកឈើចូលមកឈ្មួញគេបានទាក់ទងរួចជាស្រេចហើយ ។
ច្រកភូមិធន់មន់នេះ ពួកគេរកស៊ីកាក់កបណាស់ មិនដែលមានសមត្ថកិច្ចណាបង្ក្រាបឡើយ ហើយឈើដែលពួកគេដឹកជញ្ជូនតាមម៉ូតូ និងតាមរថយន្តតូចៗគេយកទៅទុកក្នុងទូក លុះបានចំនួនមួយទូកទើបដឹកចេញ ចំណែករថយន្តដឹកទៅក៏មានទូកចាំរួចជាស្រេចទម្លាក់ពីរថយន្តចូលទូកដឹកសំដៅទៅព្រំដែនវៀតណាមតែម្តង ដោយមិនបង្អង់យូរឡើយ ។
ជារៀងរាល់ឆ្នាំឈើគ្រញូងបានសម្រុកដឹកជញ្ជូនទៅលក់ឱ្យឈ្មួញវៀតណាមតាមច្រកធន់មន់នេះ មេព្រៃអត់ដែលបង្ក្រាបបានទេ ។ ប្រភពពីមន្ត្រីប៉ូលិសសេដ្ឋកិច្ចបាននិយាយថា ជាទម្លាប់នៅពេលរដូវទឹកឡើងតែងតែមានឈ្មួញនាំឈើគ្រញូងដឹកយកទៅលក់គ្រប់ច្រកល្ហក ពិសេសច្រកតាមស្រុកអង្គរបុរី ដែលមានសមត្ថកិច្ចខ្លះជាអ្នកកាងនាំទាំងឈើគ្រញូង ទាំងសត្វព្រៃយកទៅលក់នៅវៀតណាមថែមទៀតផង ។ ទន្ទឹមនឹងការនាំឈើគ្រញូងយកទៅលក់នៅវៀតណាមនារដូវទឹកឡើងនេះ គឺមានតែស្រុកគិរីវង់មួយគត់ដែលរៀងរាល់យប់ឈ្មួញតែងសម្រុកដឹកថ្នាំពេទ្យ ត្រីរ៉ស់ ត្រីឆ្តោរាប់សិបរថយន្ត មានទាំងកូនរថយន្ត រថយន្តកូរ៉េ និងរថយន្តយីឌុប ដឹកពីវៀតណាមចូលមកលក់នៅរាជធានីភ្នំពេញមានទាំងច្បាប់ និងអត់ច្បាប់ ។
ទាក់ទិននឹងឈើគ្រញូងដឹកតាមម៉ូតូ និងកូនឡានចុះតាមច្រកភូមិធន់មន់នេះ កោះសន្តិភាពបានទូរស័ព្ទសុំការបំភ្លឺពីលោកញេប សារិន នាយសង្កាត់រដ្ឋបាលព្រៃឈើដូនកែវដែរ តែលោកអត់លើកទូរស័ព្ទឡើយ ៕


ចែករំលែកព័តមាននេះ