រដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីហុីលឡារីគ្លីនតុន កាលពីថ្ងៃទី១១ សីហារាយការណ៍ថា សហរដ្ឋអាមេរិកនិងតួកគីគ្រោងបង្កើតតំបន់ហាមហោះហើរមួយនិងគ្រោងពីវិធានការដទៃៗទៀតដើម្បីជួយដល់កងកម្លាំងពួកឧទ្ទាមនៅស៊ីរីនៅពេលដែលជម្លោះកាន់តែកើនខ្លាំង ។
ក្រោយជួបជាមួយសមភាគីតួកគីលោកអាម៉េដ ដាវូទូគ្លូ លោកស្រីគ្លីនតុនថ្លែងទៅកាន់ក្រុមអ្នកកាសែតថា ក្រុងអង់ការ៉ានិងក្រុងវ៉ាស៊ីនតោនត្រូវឈានចូលក្នុងភាពលម្អិតនៃផែនការប្រតិបត្តិការមួយគឺមមធ្យោបាយនានា ដែលត្រូវជួយដល់ពួកបះបោរដែលប្រយុទ្ធដើម្បីផ្តួលរំលំប្រធានាធិបតីលោកបាចាអាល់អាសាដ ។ លោកស្រីគូសបញ្ជាក់ថា បណ្តាភ្នាក់ងារស៊ើបការណ៍របស់យើងនិងកងទ័ពយើងមានការទទួលខុសត្រូវដ៏សំខាន់ពិតប្រាកដនិងតួនាទីដែលត្រូវដើរ ហេតុដូច្នេះយើងនឹងបង្កើតក្រុមការងារមួយដើម្បីបំពេញកិច្ចការនោះ ។
ពេលសួរថាតើក្នុងកិច្ចពិភាក្សាគ្នា បញ្ហាតំបន់ហាមហោះហើរអាកាសមួយនៅពីលើប្រទេសស៊ីរី ត្រូវបានគ្រោងដែរទេ លោកស្រីគ្លីនតុនឆ្លើយថា ពិតប្រាកដហើយ ។ លោកស្រីបន្តថា រដ្ឋមន្ត្រីការបរទេសតួកគីនិងរូបខ្ញុំផ្ទាល់បានព្រមព្រៀងគ្នាថា រឿងនេះចាំបាច់ត្រូវធ្វើការវិភាគមួយឱ្យកាន់តែស៊ីជម្រៅតែលោកស្រីបញ្ជាក់ថា ពុំទាន់មានការសម្រេចណាមួយដែលត្រូវធ្វើជាបន្ទាន់នៅឡើយ ៕
ចែករំលែកព័តមាននេះ