ការដោះលែងអ្នកការទូតអារ៉ាប៊ីសាអូឌីតម្នាក់ដែលត្រូវពួកអាល់កៃដាចាប់ពង្រត់នៅយេម៉ែនចាប់តាំងពីជិត៤ខែមកហើយនៅនាទីចុងក្រោយពុំបានសម្រេចដោយពួកអ្នកចាប់ពង្រត់ទារបង់ប្រាក់លោះទ្វេមួយជា២គឺពី១០លានដុល្លារដល់២០លានដុល្លារ ។
អ្នកអាជ្ញាកណ្តាលជាសមាជិកកុលសម្ព័ន្ធមួយអះអាងកាលពីថ្ងៃទី១២ សីហាថា ការដោះលែងលោកអាប់ដាល់ឡាហ៍ អាល់ខាលីឌីកុងស៊ុលរងរបស់អារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអាដេនភាគខាងត្បូងយេម៉ែនត្រូវធ្វើនាយប់ថ្ងៃទី១១មក១២សីហា ក៏ប៉ុន្តែពួកអ្នកចាប់ពង្រត់នៅនាទីចុងក្រោយបានផ្លាស់ប្តូរចិត្តដំឡើងការទាមទារប្រាក់លោះទ្វេមួយជា២ ។
ទឹកប្រាក់លោះដែលបានព្រមព្រៀងគ្នាគឺ១០លានដុល្លារ ក៏ប៉ុន្តែនាពេលចុងក្រោយពួកគេទាមទារប្រាក់លោះដល់២០លានដុល្លារ ។ យោងតាមអាជ្ញាកណ្តាលរូបនេះដែលមិនប្រាប់ឈ្មោះថា ចំណាប់ខ្មាំងត្រូវនាំកាលពីពេលយប់មកកាន់ខេត្តអាប៊ីយ៉ាន ដែលនៅទីនោះគេគ្រោងដោះលែងបន្ទាប់មកត្រូវបានគេនាំទៅកាន់ខេត្តចាបវ៉ា ជិតខាងជាកន្លែងឃុំចំណាប់ខ្មាំងនោះទុកចាប់តាំងពីត្រូវចាប់ពង្រត់ពីថ្ងៃទី២៨ មីនាមក ៕
ចែករំលែកព័តមាននេះ