រាជធានីភ្នំពេញ ៖ អ្នកប្រដាល់ដែលមានមាឌតូចចិត្តធំឈិន ធារ៉ាន់ មកពីក្លិបអប់រំកាយស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ បានបំបាក់អំនួតកីឡាករសេរី រតនា មកពីក្លិបឃ្លាំងមឿងកីឡា នៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN កាលពីរសៀលថ្ងៃសៅរ៍ទី១១ សីហា កន្លងមកនេះ ដោយការប្រើស្នៀតកែងវាយផ្តួលឱ្យសន្លប់នៅមុនស្នូរជួងបញ្ចប់ទឹកទី៣ ។
ឈិន ធារ៉ាន់ ដែលមានមាឌតូច និងកម្ពស់ទាបជាងរតនា បន្តិចនោះគេហាក់បីដូចជាបង្ហាញនូវភាពទន់ខ្សោយយ៉ាងខ្លាំង ខណៈការប្រកួតបានឈានចូលដល់ទឹកទី២ ។ រតនា ពេលដឹងថាខ្លួនមានប្រៀបជាងគូប្រកួតគេបានប្រើស្នៀតជើងឆ្វេងស្តាំទាត់សម្រុកដូចព្យុះក្នុងគោលបំណងផ្តួលធារ៉ាន់ឱ្យបានឆាប់បំផុត ដើម្បីទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម១០០ដុល្លារពី K-cement ប៉ុន្តែដោយសារតែធារ៉ាន់មានចិត្តសឿង និងមានការជំរុញលើកទឹកចិត្តបន្ថែមពីមិត្តភក្តិទៀតផងនោះ ធ្វើឱ្យគេមិនសុខចិត្តបោះបង់ចោលការប្រកួតដោយងាយឡើយ ។
ជាពិសេសនៅក្នុងទឹកទី៣ ធារ៉ាន់ បានសម្រុកចូលកៀកវាយបកសងវិញយ៉ាងរហ័ស និងបញ្ជូនស្នៀតកែងវាយត្រូវថ្ងាសរតនាពេញទំហឹងបណ្តាលឱ្យដួលអុកគូទទាំងជំហរ បើទោះជាអាជ្ញាកណ្តាលលោកតឹក ឡៃ រាប់ដល់១០ទៅហើយក្តី ក៏គេមិនខ្ចីក្រោកដែរ ថែមទាំងគ្រវីក្បាលបដិសេធមិនប្រកួតបន្តទៀតឡើយ ។ ធា រ៉ាន់ បាននិយាយថា «នៅទឹកទី១ និងទី២ ខ្ញុំពិតជាត្រូវរតនាវាយឡើងទ្រមខ្លួនទៅហើយ មិនតែប៉ុណ្ណោះខ្ញុំស្ទើរតែគ្មានឱកាសវាយបកសងវិញផងទេ ប៉ុន្តែខ្ញុំគិតថា នៅក្នុងទឹកទី៣ខ្ញុំត្រូវតែប្តូរស្នៀតកែងទើបបាន បើពុំនោះទេខ្ញុំនឹងអាចសន្លប់ក្រោមស្នៀតជើងរបស់រតនាមិនខាន ។ ការសម្រេចចិត្តរបស់ខ្ញុំពិតជាត្រឹមត្រូវមែន មុនដំបូងខ្ញុំវាយកែងសំដៅសៀតផ្កាខាងឆ្វេងរបស់គេ ប៉ុន្តែគេបានងាកផុតបន្តិចធ្វើឱ្យកែងរបស់ខ្ញុំជ្រុលហួសទៅចំថ្ងាសវិញ បណ្តាលឱ្យគេដួលទាំងជំហរក្រោកលែងរួចតែម្តង ។ ជ័យជម្នះលើកនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ហើយអ្នកគាំទ្រខ្ញុំភាគច្រើនក៏សប្បាយ ខណៈឃើញខ្ញុំទទួលបានប្រាក់ឧបត្ថម្ភបន្ថែម១០០ដុល្លារពីក្រុមហុ៊ន K-cement» ។
រ៉ាក់ វិឆ័យ មកពីក្លិបកងពលតូចលេខ៧០ ទទួលបានប្រាក់ឧបត្ថម្ភចំនួន១០០ដុល្លារពីក្រុមហ៊ុន K-cement ដែរ បន្ទាប់ពីគេប្រើស្នៀតជើងទាត់ផាន់ សុវណ្ណ មកពីក្លិបមិត្តប៉ូលិស ឱ្យខូចដៃឆ្វេងប្រកួតលែងកើតនៅត្រឹមទឹកទី១ ។ គ្រាន់តែចាប់ផ្តើមទឹកទី១ភ្លាម វិឆ័យហាក់បីដូចជាមានប្រៀបជាងសុវណ្ណ រួចទៅហើយ គេបានប្រើស្នៀតជើងទាត់សម្រុកទៅលើសុវណ្ណឱ្យដកថយអែបខ្សែរេញរហូត ។ ជាពិសេសនៅមុនស្នូរជួងបញ្ចប់ទឹកទី១ ទម្ងន់ជើងរបស់វិឆ័យបានទាត់ត្រូវដៃឆ្វេងរបស់សុវណ្ណយ៉ាងពេញទំហឹងរហូតដល់ថ្នាក់ប្រកួតលែងកើត ។
សម្រាប់ការប្រកួតក្នុងថ្ងៃនោះដែរ វ៉ែន សុវ៉ាត់ មកពីក្លិបកងកេងមានឫទ្ធិខេត្តបាត់ដំបង ប្រកួតឈ្នះឌុន រដ្ឋា មកពីក្លិបអេភូថងកីឡា ដោយពិន្ទុ ។ ផាន់ ពិសិដ្ឋ មកពីក្លិបគជសារកីឡា បានប្រើស្នៀតកែងវាយផ្តួលខឹក សុខឿន មកពីក្លិបកងពលតូចឆត្រយោង៩១១ ឱ្យសន្លប់នៅត្រឹមទឹកទី២ និង រ៉ូ វិចិត្រ មកពីក្លិបកងពលតូចឆត្រយោង៩១១ ប្រកួតឈ្នះគួន សុវណ្ណ មកពីក្លិបពុទ្ធសេរីវង្សកីឡា ដោយពិន្ទុ ៕


ចែករំលែកព័តមាននេះ