ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កី​ឡា​ករ​​ប្រណាំង​ម៉ូតូ​​ជម្រើ​ស​ជាតិ​កម្ពុជាចំនួន4​រូប​នឹងទៅចូល​រួម ​​​ព្រឹត្តិការណ៍​​ Asia Cross Country Rally នៅប្រទេសថៃ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​​កី​ឡា​ករ​​ប្រណាំង​ម៉ូតូ​​​ចំនួន​​៤​រូប​ ត្រូវ​បាន​​សហ​ព័ន្ធ​កីឡា​​ប្រណាំង​​យាន​យន្ត​​កម្ពុជា ​​បញ្ជូន​​ឱ្យ​​ទៅចូល​រួម​​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​​កីឡា​ប្រណាំង​​ម៉ូតូ​​ឆ្លង​កាត់​​​ឧបសគ្គ​​​​ជ្រើ​ស​​រើស​​ជើង​ឯក​​អាស៊ី(Asia Cross Country Rally) ​ដែល​ផ្តើម​ចេញ​ដំណើរ​ពី​តំបន់​​ឆ្នេរ​សមុទ្រ​បា៉តាយ៉ា ​ប្រទេស​​ថៃ​ ក្នុង​រយៈ​​​ចម្ងាយ​​​១.៦០០​គីឡូ​ម៉ែត្រ ។

លោក​​មៀច សុផាន់ណា ​ប្រធាន​​សហ​ព័ន្ធ​​កី​ឡា​ប្រណាំង​​យាន​យន្ត​​កម្ពុជា ​ដែល​បាន​​មក​ចូល​រួម​​ក្នុង​ពិធី​​ជូន​​ដំណើរ​​កីឡា​​ករ​​ទាំង​​​៤​រូប​​នៅ​​​​ទី​ស្នាក់​ការ​​គណៈ​​​កម្មា​ធិ​​ការ​ជាតិ​​អូ​​ឡាំពិក​​កម្ពុជា ​កាល​ពី​​រសៀល​​ថ្ងៃ​ទី​​៩ ​សីហា ​បាន​​ឱ្យ​​ដឹង​ថា ​បណ្តា​ប្រទេស​​ដែល​​ចូល​រួម​ក្នុង​​ព្រឹត្តិ​ការណ៍​​នេះ មាន​​ចំនួន​​៦​ ​ក្នុង​នោះ​​មាន​កម្ពុជា​ ថៃ​ ជប៉ុន ​កូរ៉េ​ខាង​ត្បូង ឥណ្ឌា ​និង​តៃវ៉ាន់ ​។ ប៉ុន្តែ​​នៅ​ក្នុង​​ព្រឹត្តិ​ការណ៍​​​នេះ​ក៏​មាន​​រថយន្ត​​ចូល​រួម​ដែរ ​សរុប​ចំនួន​​​៨២​គ្រឿង ​ក្នុងនោះ​​​ប្រភេទ​​រថយន្ត​​ប្រណាំង​​​​មាន​​២៥​គ្រឿង ​ក្រៅ​ពី​នេះ​​គឺ​រថយន្ត​​រួម​ដំណើរ​​និង​​ដឹក​សម្ភារ​​ រីឯម៉ូតូ​​វិញ​មាន​ចំនួន​​២០​គ្រឿង​ ​សរុប​​មនុស្ស​​មាន​ជាង​​២០០​នាក់​ ។

ចំណែក​​កី​ឡា​ករ​​កម្ពុជា​​ដែល​ត្រូវ​​ទៅ​ចូល​រួម​​មាន​​​លោក​ជា​ ពាវ អាយុ​​៤៦​​ឆ្នាំ ​ធ្លាប់​​ចូល​រួម​​ប្រកួត​​កីឡា​​ប្រណាំង​​ម៉ូតូ​​នៅ​ឆ្នាំ​​១៩៨៨​ លោក​​ចាន់ ដារ៉ា​វុធ ​អាយុ​​៣៣​ឆ្នាំ ​ធ្លាប់​​ចូល​រួម​​ប្រកួត​​តាំង​ពី​ឆ្នាំ​​២០១០​ ​​​លោក​អីុវ ​ឡេង ​អាយុ​​៣៦​ឆ្នាំ ​ធ្លាប់​​ចូល​រួម​​​ប្រកួត​​កាលពី​ឆ្នាំ​​១៩៩០​ ​និង​លោក​គន ផាន​ដារ៉ា អាយុ​​៣៣​ឆ្នាំ ​ឆ្លាប់​ចូល​រួម​​ប្រកួត​​នៅ ឆ្នាំ​២០០៨​ ។ ​លោក​បាន​ឱ្យ​​ដឹង​ទៀត​ថា ​ការ​ប្រកួត​​ផ្តើម​ចេញ​​ពី​ឆ្នេរ​សមុទ្រ​​​បា៉​តាយ៉ា​ នៅ​ថ្ងៃទី​​១១ សីហា ​និង​បញ្ចប់​​នៅ​ថ្ងៃ​ទី​​១៦ សីហា ​នៅក្រុង​​សៀម​​​រាប ខេត្ត​​សៀម​រាប​ ​ក្នុង​រយៈ​​ចម្ងាយ​​ផ្លូវ​​១.៦០០​​គី​ឡូម៉ែត្រ​ ។

នេះ​គឺ​ជា​​កា​រប្រណាំង​​លើក​​ទី​​​៣​ហើយ ​​ដែល​លើក​ទី​​១​ជា​ព្រឹត្ត​ិ​​ការណ៍​​ប្រណាំង​​​​​រថយន្ត​​ឆ្លងកាត់​​ឧបសគ្គ​បាន​ចាប់​​ផ្តើម​​នៅ​ប្រទេស​​ម៉ា​ឡេ​ស៊ី ​ពី​​ឆ្នាំ​​​១៩៩៦ ​ដល់​ឆ្នាំ​​២០០០​ និង​លើក​ទី​​២​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​​ នា​ឆ្នាំ​​២០០១ដោយ​ឆ្លង​កាត់​​​ប្រទេស​ម៉ា​ឡេ​ស៊ី ​ឡាវ ចិន វៀត​ណាម ​ហើយ​ក៏​បាន​​ឆ្លង​កាត​់​​កម្ពុជា​ផង​ដែរ ។​ ស​ម្រាប់​​លើក​នេះ​​​កម្ពុជា​​មាន​មោទ​ន​ភាព​​យ៉ាង​ខ្លាំង​​ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ក្នុង​ការ​​ជិះ​រថយន្ត​​ឆ្លង​កាត់​​ និង​​​កន្លែង​​កំណត់​​ទី​​បញ្ចប់​ ​។ ​នៅក្នុង​​ព្រឹត្តិ​​ការណ៍​​ដ៏​មហា​អស្ចារ្យ​​នេះ​ដែរ ​ក៏​បាន​​ការ​​អញ្ជើញ​​ចូល​រួម​ពី​​តា​រា​ភាព​យន្ត​ដ៏​ល្បី ​ជន​ជាតិ​​ជប៉ុន​ គឺ​លោក​​សូ​អៃ​កា​វ៉ា ​និង​លោក​តា​គូ​ម៉ា​ អៅគី ​ជា​អតីត​​កី​ឡា​​ករ​​ជន​ជាតិ​​ជប៉ុន​ដំបូង​គេ​​ ដែល​បាន​​ចូល​រួម​​ប្រកួត​​ក្នុង​កម្ម​វិធី​ Moto GP 500CC ​។ ប៉ុន្តែ​​សព្វ​ថ្ងៃ​​ លោក​​បាន​ពិការ​​ជើង​ទៅហើយ​ ឯ​ការ​មក​ចូល​រួម​​របស់​​លោក​នា​ពេល​នេះ​ គឺ​​តាម​រយៈ​​រថយន្ត​​ប្រណាំង​​ពិសេស​​របស់​លោក​​​ ។

លោក​ប្រធាន​​សហ​​​ព័ន្ធ​​កីឡា​​ប្រណាំង​​យាន​យន្ត​​កម្ពុ​​ជា​ មាន​ជំនឿ​យ៉ាង​មុត​មាំ​​​ទៅ​លើ​សមត្ថ​ភាព​ជិះ​ម៉ូតូ​​របស់​​កី​ឡា​ករ​​កម្ពុជា​ ហើយ​​​លោក​ក៏​សូម​​ជូន​ពរ​​ដល់​កី​ឡា​ករ​​កម្ពុជា​ទាំង​​​៤​រូបឱ្យ​ទទួល​​បាន​ជ័យ​​ជម្នះ​​ និង​​ដណ្តើម​​កេរ្តិ៍​​ឈ្មោះ​មក​​​ជូន​ជាតិ​​មាតុ​ភូមិ​​របស់​យើង ៕​