ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​បាល់​ទាត់​​ស្ត្រី​ជ្រើស​រើស​​ជើង​ឯក​ថ្នាក់​​ជាតិ​ប្រចាំ​​ឆ្នាំ​2012 មាន​ក្រុម​បាល់​ទាត់​​ស្ត្រី​ចំនួន​10​​ចូល​រួម​​ធ្វើ​នៅ​ខេត្ត​បន្ទា​យ​មាន​ជ័យ​

13 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖​​ ​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​​កម្ពុជា​ បាន​សម្រេច​​ជា​គោ​ល​ការណ៍​​ហើយ​ក្នុង​ការ​​ទទួល​យក​​ក្រុម​​បាល់​ទាត់​ស្ត្រី​​ចំនួន​​១០​ក្រុម​​សម្រាប់​ចូល​រួម​ប្រកួត​ជ្រើស​រើស​ជើង​ឯក​​ថ្នាក់​ជាតិប្រចាំ​ឆ្នាំ​២០១២ នេះ ។តាម​​គម្រោង ការ​​​ប្រកួត​នឹង​ចាប់​ផ្តើម​​ធ្វើ​ពី​ថ្ងៃទី​២២ សីហា ដល់​​ថ្ងៃទី​២៩ សីហា ឆ្នាំ​២០១២ ដោយ​ចែក​ចេញ​ជា​២​ពូល​​ក្នុង​​មួយ​ពូល​មាន​ចំនួន​៥​ក្រុម ។ ក្នុង​ពូល​នី​មួយ​ៗ​ត្រូវ​​ធ្វើ​ការ​ប្រកួត​​ជម្រុះ​៣​ក្រុម​ចេញ​ទុក​តែ​២​ក្រុម​​សម្រាប់​ឡើង​ទៅ​លេង​បន្ត​​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​​ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​​​កម្ពុជាថា ការ​ប្រកួត​នេះ​មាន​ចំនួន​២៤លើក​​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ។ ក្រុម​កីឡា​​បាល់​ទាត​់​ស្ត្រី​​​ទាំង​១០​​ដែល​ត្រូវ​ចូល​រួម​​ប្រកួត​នោះ​​មាន​ ១-ក្លិបអភិវឌ្ឍ​ន៍​បាល់​ទាត់​ស្ត្រី​ (ភ្នំពេញ) ២-ក្រុម​​មន្ទីរ​អប់​រំ​​ យុវ​ជន និង​កីឡា​ខេត្ត​​ក្រចេះ ៣-​ក្រុម​មន្ទីរ​អប់​រំ យុវ​ជន និង​កីឡា ខេត្ត​កំពង់​ធំ ៤-ក្រុម​មន្ទីរ​អបំរំ យុវ​ជន និង​កីឡា​ខេត្ត​សៀម​រាប ៥-ក្រុម​មន្ទីរ​អប់​រំ​​ យុវ​ជន និង​កីឡា​ខេត្ត​ប៉ៃលិន ៦-​ក្រុម​​មន្ទីរ​អប់​រំ យុវ​ជន និង​កីឡា​ខេត្ត​កំពង់​ឆ្នាំង ៧-​ក្រុម​​បាល់​ទាត់​​នារី​ខេត្ត​​បាត់​ដំបង ៨-​ក្រុម​បាល់​ទាត់​អង្គ​ការ​​កម្ម​វិធី​​សលត៍ (Salt Academy) ខេត្ត​​បាត់​ដំបង ៩-​​ក្រុម​សមា​គម​ខេត្ត​​​ព្រះ​សីហនុ និង​ ១០-ក្រុម​​អធិ​រាជ​ភ្នំ​ស្វាយ​​របស់​​កង​រាជ​អាវុធ​​ហត្ថ​​​ខេត្ត​​បន្ទាយ​មាន​ជ័យ ។

គួរ​បញ្ជាក់​​ថា កាល​ពី​ឆ្នាំ​២០១០ ការ​ប្រកួត​​បាល់​ទាត់​​ស្ត្រី​នេះ​ធ្វើ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ម្តង​រួច​មក​ហើយ​ដែល​កាល​នោះ​ក្រុម​អធិ​រាជ​ភ្នំ​ស្វាយ​​របស់​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​​មាន​ជ័យ​​ទទួល​​បាន​ចំណាត​់​ថ្នាក់​លេខ​១​ ។ នៅ​ឆ្នាំ​២០១១ ការ​ប្រកួត​​ធ្វើ​នៅ​ខេត្ត​​បាត់​ដំបង​ ហើយ​​ក្រុម​​កម្ម​វិធី​​អង្គ​ការ​សលត៍ (Salt Academy) ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ។

ពេល​នេះ​ការ​ប្រកួត​​បាន​វិល​មក​​ធ្វើ​នៅ​​ខេត្ត​បន្ទាយ​មាន​ជ័យ​​វិញ​ហើយ​ដោយ​គេ​មាន​ជំនឿ​ថា ក្រុម​អធិ​រាជ​​ភ្នំ​ស្វាយ​​របស់​​កង​រាជ​អាវុធ​​ហត្ថ​​ខេត្ត​​បន្ទាយ​មាន​ជ័យ​​​​នឹង​មានឱ​កាស​​លើ​ក​ពាន​ជា​ថ្មី​ម្តង​ទៀតមិន​ខាន​ ៕