ខេត្តកំពង់ចាម ៖ មនុស្សម្នាក្មេងចាស់ប្រុសស្រីរាប់រយនាក់បាននាំគ្នាផ្អើលឈូឆរទៅមើលភ្លើងឆេះចេញពីក្នុងអណ្តូងស្នប់មួយកន្លែងនៅ បឹងនរក ស្ថិតក្នុងភូមិប្រណាក ឃុំរាយប៉ាយ ស្រុកកងមាស កាលពីវេលាម៉ោង២រសៀលថ្ងៃទី១០ សីហា ២០១២ ។ ឯរហូតមកដល់ព្រឹកថ្ងៃទី១២ សីហា ភ្លើងនូវតែបន្តឆេះហើយត្រូវបានមន្ត្រីជំនាញអះអាងថា មកពីមានឧស្ម័ននៅ ក្នុងដីទើបបង្កឱ្យមានភ្លើងឆេះបែបនេះ ។
តាមការឱ្យដឹងពីឈ្មោះឃី ទូច ភេទប្រុស អាយុ២៦ឆ្នាំ ជាកសិកររស់នៅភូមិខាងលើថា ដោយសារតែកង្វះទឹកសម្រាប់ធ្វើស្រែប្រាំងរូបគាត់បានជួលអ្នកខួងអណ្តូងស្នប់៥នាក់ ឱ្យមកជីកអណ្តូងនៅវាលស្រែ ដែលមានចម្ងាយប្រហែលជា១គីឡូម៉ែត្រពីផ្ទះ ដោយចាប់ផ្តើមជីកតាំងពីម៉ោង៩ព្រឹករហូតដល់ម៉ោង២រសៀល ស្រាប់តែខួងមិនចុះ ព្រោះប៉ះនឹងថ្មក្នុងជម្រៅ៣៦ម៉ែត្រ ។
ប្រភពបន្តថា ខណៈនោះក្រុមអ្នកជីកអណ្តូងបានទាញលើកដែកខួងអណ្តូងមកលើវិញ ដោយជាប់ទាំងភក់ ពេលយកដៃទៅប៉ះត្រជាក់ខុសប្លែកពីធម្មតាក៏យកដែកកេះមកអុជដុតសាកមើល បែរជាមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើឱ្យម្នាក់ៗស្រឡាំងកាំងនាំគ្នាឈរមើល លុះប្រហែលជា៣ម៉ោងក្រោយមកភ្លើងក៏បានថមថយទៅវិញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ