យូសេន បូលបានយកឈ្នះមេដាយមាសអូឡាំពិកទីក្រុងឡុងឆ្នាំ២០១២ជាលើកទី៣របស់ខ្លួន ខណៈកាលពីថ្ងៃសៅរ៍ទី១១សីហា គេបានយកឈ្នះវិញ្ញាសារត់បណ្តាក់ជាក្រុមចម្ងាយ១០០ម៉ែត្រ ។ក្រុមហ្សាម៉ាអុីកដែលមានគ្នា៤នាក់ក្នុងនោះមានយូសេន បូលម្នាក់ផងបានប្រើអស់ថិរវេលា ៣៦.៨៤វិនាទីទទួលបានមេដាយមាសខណៈមេដាយប្រាក់បានទៅលើក្រុមអាមេរិក ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ បូលបានបញ្ជាក់ថា ៖«សម្រាប់ខ្ញុំ វាជារឿងអស្ចារ្យបំផុតដែលពួកយើងបានបញ្ចប់ការប្រកួតក្នុងសភាពអ៊ូអរបែបនេះ ។ វាមានន័យខ្លាំងណាស់ចំពោះរូបខ្ញុំ។ ខ្ញុំដឹងថា ពួកយើងពិតជាអាចបង្កើតបានឯតទគ្គកម្មពិភពលោកបាន ដ្បិតក្រុមយើងសុទ្ធតែជាជើងខ្លាំង»។ បញ្ជាក់ពីលទ្ធភាពក្នុងការដណ្តើមមេដាយមាសព្រឹត្តិការណ៍អូឡាំពិកក្រុងរីយ៉ូប្រទេសប្រេស៊ីលឆ្នាំ ២០១៦ បូលថ្លែងថា៖«វាជារឿងពិបាកក្នុងការទស្សន៍ទាយទុកមុន ។
Yuhun Blakeគឺជាជើងខ្លាំងម្នាក់ហើយខ្ញុំជឿថា ដល់ពេលនោះនឹងមានកីឡាករល្អៗជាច្រើនកើតឡើង »។ មកទល់នឹងពេលនេះ បូលមានមេដាយមាសសរុប៦គ្រឿង ។ក្នុងថ្ងៃជាមួយគ្នានោះដែរ អត្តពលិកទ្រីនីដាដនិងតូបាហ្គោ Keshorn Walcottបានក្លាយទៅជាជើងឯកអូឡាំពិកលើវិញ្ញាសាចោលលំពែងក្មេងជាងគេបំផុត ខណៈអត្តពលិកវ័យ១៩ឆ្នាំរូបនេះចោលបានចម្ងាយ៨៤,៥៨ម៉ែត្រ ។លើវិញ្ញាសាបាល់ទាត់វគ្គផ្តាច់ព្រ័ត្រផ្នែកបុរសវិញ ក្រុមម៉ិកស៊ិកបានបំបាក់ក្រុមប្រេស៊ីលក្នុងលទ្ធផល២-១ ៕


ចែករំលែកព័តមាននេះ