ខេត្តព្រះសីហនុ ៖ កម្មករកម្មការិនីប្រមាណជាង៦០០នាក់ បាននាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រជុងជិន លេខ៩ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ក្នុងភូមិធឿង សង្កាត់បិតត្រាំង ស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី១១ សីហា ដើម្បីទាមទារនូវលក្ខខណ្ឌការងារចំនួន៧ចំណុច ។
លក្ខខណ្ឌទាំងនោះរួមមាន ១- សុំឱ្យរោងចក្របើកប្រាក់បំណាច់ឆ្នាំដល់ពួកគេ ២- សុំឱ្យរោងចក្របើកប្រាក់ភាគរយ ៣- សុំឱ្យរោងចក្រផ្តល់បាយឱ្យបានគ្រប់គ្រាន់ដល់កម្មករកម្មការិនី ៤- សុំឱ្យរោងចក្របើកប្រាក់បៀវត្សប្រចាំខែឱ្យបានទៀងទាត់ ៥- សុំឱ្យរោងចក្របញ្ឈប់ការកាត់អវត្តមានរហូតដល់១៥ដុល្លារក្នុងមួយថ្ងៃ ៦- សុំឱ្យរោងចក្រដំឡើងលុយថែមម៉ោងក្នុង១ម៉ោង២.០០០រៀល និង៧- សុំឱ្យរោងចក្រគោរពច្បាប់ការងារ ។
កម្មការិនី អ៊ុំ ណារី អាយុ២៤ឆ្នាំ មានទីលំនៅក្នុងខេត្តកំពត បានឱ្យដឹងថា រូបនាងបានចូលបម្រើការងារនៅក្នុងរោងចក្រជុងជិន នេះចំនួន២ឆ្នាំមកហើយ ប៉ុន្តែពុំដែលបានទទួលប្រាក់បំណាច់ឆ្នាំម្តងណាឡើយ សូម្បីតែប្រាក់ភាគរយដែលខាងរោងចក្រមានគោលការណ៍ឱ្យនោះ ក៏ពុំដែលបើកបានដែរ ។ អ្វីដែលពួកនាងមិនអាចនឹងទទួលបានទៀតនោះគឺ ខាងរោងចក្របង្ខំឱ្យកម្មករកម្មការិនីថែមម៉ោងជាច្រើនម៉ោង បើអ្នកណាមិនថែមម៉ោង គឺមានន័យថាអវត្តមាន ។
ដោយឡែកកម្មការិនីម៉ាត់ រម៉ា អាយុ២៤ឆ្នាំ មានទីលំនៅនៅរាជធានីភ្នំពេញនិយាយថា នាងទើបតែមកធ្វើការនៅទីនេះបានចំនួន៦ខែប៉ុណ្ណោះ ប៉ុន្តែតាំងពីមកធ្វើការនៅទីនេះសម្គាល់ឃើញថា រោងចក្រហាក់បីដូចជាពុំបានគោរពសិទ្ធិការងារដូចរោងចក្រដែលនៅក្បែរៗនោះទេ ឯលុយថែមម៉ោងបានតែ១.៦០០រៀលប៉ុណ្ណោះ ។
ទាក់ទិនទៅនឹងការតវ៉ានេះ លោកកែ ឧត្តម អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ទទួលបន្ទុកការិយាល័យការងារបានថ្លែងថា ចំពោះករណីដែលកម្មករកម្មការិនីទាមទារនេះ បើខាងមន្ទីរពិនិត្យឃើញថា រោងចក្រពុំបានគោរពទៅតាមលក្ខខណ្ឌការងារដែលមន្ទីរការងារខេត្តដាក់ឱ្យអនុវត្តទេ លោកនឹងធ្វើរបាយការណ៍ទៅក្រសួង ដើម្បីបញ្ជូនក្រុមអធិការកិច្ចចុះមកធ្វើការណែនាំ និងឱ្យធ្វើកិច្ចសន្យាត្រូវធ្វើយ៉ាងណាគោរពឱ្យបាននូវច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា ៕





ចែករំលែកព័តមាននេះ