ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​បាវិត​​​​​ជា​​តំបន់​​ដែល​​មាន​ការ​​​​​ចែក​ចាយ​​គ្រឿង​ញៀន​​​ក្នុង​ខេត្ត​​ស្វាយ​រៀង​​

13 ឆ្នាំ មុន

ខេត្ត​ស្វា​យ​រៀង​ ៖ ​កាល​ពី​​​​ព្រឹក​ថ្ងៃទី​​៨ សីហា​ ​កន្លង​​ទៅ​នេះ​​ នៅ​សាល​ប្រជុំ​​​ឆ្នេរ​​ទន្លេ​​​ក្រុង​ស្វាយ​រៀង​​ មាន​រៀប​ចំ​​​កិច្ច​ប្រជុំ​​​បូក​សរុប​​​​លទ្ធ​ផល​​​ការ​ងារ​​​​ត្រួត​ពិនិត្យ​​គ្រឿង​ញៀន​​​​​ប្រចាំ​​​ឆមាស​​ទី​​​១​ ​ឆ្នាំ​​២០១២ ​ក្រោម​អធិប​តី​ភាព​​​លោក​ កៅ ខុនដារ៉ា​ ​អនុ​ប្រធាន​​​អាជ្ញា​​ធរ​​ជាតិ​​​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន​ និង​លោក​​​ ជៀង​ អំ ​អភ​ិ​បាល​​ខេត្ត​​​ ដោយ​​មាន​ការ​ចូល​រួម​​ពី​លោក​​ស្នង​ការ​-ស្នង​ការ​​រង​​ ​​​អភិ​បាល​​​​​ស្រុក​​-ក្រុង​ អធិការ​-អធិការ​រង​​នគរបាល​​​ប៉ុស្តិ៍​​រដ្ឋបាល​​​​ ក្រុម​ប្រឹក្សា​​​ឃុំ​-សង្កាត់​​​​​​​​ទាំង៨០​​​​ មន្ត្រី​​រាជ​ការ​​ ​និង​ទា​​ហាន​ ប៉េ​អឹម​​​ ស​រុប​ជាង​​​៦០០​នាក់​​ ។

​​លោក​វ​រ​សេនីយ៍ឯក​ ​ហែម ​សាបាន ស្នង​ការ​​​រង​ទទួល​បន្ទុក​​​​ការិយាល័យ​​​​​​កណ្តាល​យុតិ្ត​ធម៌​​​​ នៃ​ស្នង​ការ​​​​​ដ្ឋាន​​នគរបាល​​ខេត្ត​​ បាន​​​​អាន​របាយ​ការណ៍​​​ឱ្យ​ដឹង​​​ថា ក្នុង​​​​រយៈ​ពេល​​​​៦ខែ​​​​ដើម​ឆ្នាំ ​២០១២​ ​​​នេះ​​ បើ​ប្រៀប​​​​ធៀ​បនឹង​​​​៦ខែ​​​​​ដើម​ឆ្នាំ​​​២០១១​​ សភាព​ការ​ណ៍​​​បទ​ល្មើស​​​គ្រឿង​ញៀន​​​​មាន​ការ​ថយ​ចុះ​​គួរ​ឱ្យ​កត់​សម្គាល់​​ ពិសេស​​​បទ​ល្មើ​ស​​​ចែក​ចាយ​​​​ និង​ប្រើ​ប្រាស់​​គ្រឿង​ញៀន​​ ​​​​កើត​ឡើង​​​​២​លើក​​លើ​​​៧​លើក​ ​។ មូល​ដ្ឋាន​​​​ដែល​កើត​​​មាន​បទ​​ល្មើស​​​​ចែក​ចាយ​​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​​ គឺ​​នៅ​​​​​​​ក្នុង​សង្កាត់​​​​បាវិត​​​​​​​ ក្រុង​បាវិត​​ ដោយ​ឡែក​​​មូលដ្ឋាន​​​​ភូមិ​-ឃុំ​​​ សង្កាត់​​​ ក្រុង​​ ស្រុក​​​​ ដទៃ​ទៀត​​​​ពុំ​ទាន់​​មាន​​សភាព​​​ការ​ណ៍​បទ​ល្មើស​​​​​គ្រឿង​​​ញៀន​​​កើតឡើង​គួរ​​ឱ្យ​កត់​សម្គាល់​​​​ឡើយ ។​

​​​លោក​​វរសេនីយ៍​​ឯក​បន្ត​ថា ​​​​ជោគជ័យ​​​នេះ​ គឺ​ដោយ​​សារ​​ការ​យក​ចិត្ត​ទុក​ដាក់​​​​​របស់​​សមត្ថ​កិច្ច​​​​​គ្រប់​លំដាប់​ថ្នាក់​​​​​​ដោយ​អនុ​វត្ត​​វិធាន​​​ការ​ទាំង​​៤​ គឺ​​វិធាន​​​ការ​​ជំនាញ​ វិធានការ​​​ចលនាមហាជន​ ​វិធាន​ការ​​​​​​រដ្ឋ​បាល​​ និង​វិធាន​ការ​​​ច្បាប់ ។​ វ​ិធាន​ការ​ជំនាញ​​ ​គឺក្តាប់​សភាព​ការ​​​​​ណ៍ប្រមូល​ព័ត៌​មាន​​​ពី​ភ្នាក់​ងារ​​​​​ផ្តល់​ព័ត៌​មា​ន​​​​​ ចាប់​​​​អារម្ម​ណ៍​សំខាន់​នៅ​ទី​ប្រជុំ​ជន​​ សណ្ឋា​គារ​​ ផ្ទះ​សំណាក់​ ​កាសីុ​ណូ​ ​ក្លិប​​កម្សាន្ត​​ ផ្ទះ​​លក់​កាហ្វេ​ ឬ​វីដូអូ​​ សំដៅ​រក​​ឱ្យ​ឃើញ ​​ និង​បង្ក្រាប​​​​​ទាន់​ពេល​វេលា​ ​​គ្រប់​សកម្ម​ភាព​​​ជួញ​ដូរ​​ លក់​ ចែក​ចាយ​​​​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​​ ។

វិធាន​ការ​​​ចលនា​មហ​​ា​ជន​​ គ្រប់​មូល​ដ្ឋាន​​​​​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​​​អប់​រំ​​​ប្រជា​ពល​រដ្ឋ​​ មន្ត្រី​រាជ​ការ​​​ កង​កម្លាំង​ប្រដាប់​​អាវុធ​​ សិស្ស​ និស្សិត​​ ​តាម​​រយៈការ​ប្រជុំ​​​​ផ្សព្វ​​ផ្សាយ​​​ ការ​​ចាត់​តាំង​​​អនុ​វត្ត​គោល​​​នយោបាយ​​​​ភូមិ​-​ឃុំ​មាន​សុវ​ត្ថិ​ភាព​​ ។​ ​លោក​បន្ត​​ទៀត​ថា ​​ថ្វី​​ដ្បិត​នៅ​ឆមាស​ទី​១​ ឆ្នាំ ​​​២០១២​​ ​​បទ​ល្មើ​ស​​​គ្រឿង​ញៀន​មា​ន​ការ​ថយ​ចុះ​​​​ពិត​មែន​​ ក៏​ប៉ុន្តែ​​​នេះ​​គ្រាន់​តែ​​​​​ជា​ការ​ស្រាវ​ជ្រាវ​​​​រក​ឃើញ​​​​របស​់​សមត្ថ​កិច្ច​​​​​ប៉ុណ្ណោះ​ ​​វា​​អាច​​កើ​ត​មាន​​​​ទៀត​ដែល​សមត្ថ​កិច្ច​​​​មិន​ទាន់​ស្រាវ​ជ្រា​វ​​ និង​បង្ក្រាប​​​បាន​ ជា​ពិសេស​​​នៅ​​​សង្កាត់​​​បាវិត​​​ ក្រុង​បាវិត​ ។​

លោក ​​ជៀង​​ អំ​​ ​អភិបាល​ខេត្ត​​​​​​មាន​ប្រសាសន៍​​​​ថា ​ការ​ប្រយុទ្ធ​​​ប្រឆាំង​​​​គ្រឿង​ញៀន​​ គឺ​ជា​ចំណុច​​មួយ​សំខាន់​​​​ដែល​មាន​ចែង​​​​នៅ​​ក្នុង​​លក្ខណសម្បត្តិ​​​​៥​យ៉ាង​​​​នៃគោល​នយោ​បាយ​​​​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​​​​​របស់​រាជ​រដ្ឋា​ភិបាល​​ សំដៅ​​​​ជំរុញ​​​​លើក​កម្ពស់​​​​កិច្ច​ការ​ពារ​​​​សន្តិ​សុខ​​ សុវ​ត្ថិ​ភាព​​ សណ្តាប់​ធ្នាប់​​​​​​សង្គម​​​​ឱ្យ​កាន់​តែ​​​​ល្អ​ប្រសើរ​​ ​ធានា​​ដល់​​ការ​រស់​​នៅ​របស់​ប្រជា​ពល​រដ្ឋ​​​​​ មាន​ភាព​​​​សុខ​​​ដុម​​​​រម​នា និង​​​ធានា​​បាន​នូវ​​​​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​​ ​។

​លោក​​ កៅ​ ​​ខុន​​ដារ៉ា​ ​អនុ​ប្រធាន​​​​អាជ្ញា​ធរ​​​​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​​​​​​គ្រឿង​ញៀន​​​​​ បាន​​​​​ថ្លែង​កោត​សរសើរ​​​​ និង​​​ផ្តាំ​​​​ផ្ញើ​ដល់​​​សមត្ថ​កិច្ច​​​​ និង​អាជ្ញា​ធរ​​​​គ្រប់​លំដាប់​ថ្នាក់​​ ​សូម​បន្ត​​សហ​ការ​​​​គ្នា​ប្រយុទ្ធ​​​​ប្រឆាំង​​​ការ​ជួញ​​ដូរ​​​​គ្រឿង​​​ញៀន​​​ឱ្យ​​បាន​​​​ជោគ​ជ័យ​​​​​និង​ប្រកប​ដោយ​​​​ប្រសិទ្ធ​​ភាព​ ៕