ក្តីសង្ឃឹមរបស់រ៉ាហ្វាអែល ណាដាល់ក្នុងការចូលរួមដណ្តើមពានក្របខណ្ឌធំ US Openប្រចាំឆ្នាំ២០១២ស្ថិតក្នុងភាពមិនច្បាស់លាស់ខណៈកាលពីសប្តាហ៍កន្លងទៅ គេបានប្រកាសដកខ្លួនពីកម្មវិធីប្រកួត Cincinnati Mastersនៅសហរដ្ឋអាមេរិក ។
កីឡាករលំដាប់ទី៣ពិភពលោករូបនេះបានអវត្តមានពីទីលានប្រកួតចាប់តាំងពីការបរាជ័យក្នុងជុំទី២ក្របខណ្ឌធំ Wimbledonនៅប្រទេសអង់គ្លេសខែកក្កដាកន្លងមកម៉្លេះ ពោលគឺបន្ទាប់ពីរបួសរបស់គេដែលកើតមាននៅក្របខណ្ឌធំ French Openរើឡើងវិញ ។
ណាដាល់បានអវត្តមានរួចមកហើយក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងឡុង២០១២ជាទីដែលគេត្រូវចូលរួមការពារមេដាយមាសរបស់ខ្លួន ។ ឯកម្មវិធី Rogers Cupនៅប្រទេសកាណាដា គេក៏មិនអាចទៅចូលរួមបានដែរ ។ ប៉ុន្តែអ្វីដែលជាការគំរាមកំហែងបំផុតដល់ការចូលរួមរបស់គេក្នុងក្របខណ្ឌ US Openដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៧ខែសីហានេះគឺការដកខ្លួនពីកម្មវិធីប្រកួតកម្តៅសាច់ដុំ Cincinnati Masters។
នៅក្នុងគេហទំព័រ ណាដាល់បានបញ្ជាក់ថា ៖«ខ្ញុំមិនអាចទៅចូលរួមការប្រកួតកម្មវិធី Cincinnati Mastersបានទេ។ ខ្ញុំនៅមិនទាន់រៀបចំខ្លួនបាននៅឡើយ ។ ខ្ញុំមិនអាចបំភ្លេចនូវហេតុការណ៍ដែលបានកើតឡើងកាលពីឆ្នាំ២០០៨នោះឡើយ» ។ណាដាល់ធ្លាប់បានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រCincinnati Mastersកាលពីឆ្នាំ២០០៨ និងដណ្តើមបានចំណាត់ថ្នាក់លេខ១ពិភពលោកពីកីឡាករស្វ៊ីសរ៉ូជើ ហ្វេដឺរ័រ ៕
ចែករំលែកព័តមាននេះ