ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដោយសារពួកក្មេងស្ទាវមួយក្រុមជិះម៉ូតូវ៉ាគ្នាតាមផ្លូវលំតូចចង្អៀតជ្រុលទៅបុកស្ត្រីចំណាស់ម្នាក់អាយុ៧៦ឆ្នាំ ដែលកំពុងដើរតាមដងផ្លូវប៉ើងចម្ងាយប្រមាណ៥ម៉ែត្រ បណ្តាលឱ្យបាក់ជើង ខាងស្តាំ រយះផ្ទៃមុខដួលសន្លប់នៅនឹងកន្លែងគួរឱ្យសង្វេគ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១១ សីហា នៅភូមិសេកយំ ឃុំពងទឹក ស្រុករំដួល ។
បើតាមសាច់ញាតិប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីចំណាស់ឈ្មោះ កឹម ង៉ែន អាយុ៧៦ឆ្នាំ នៅភូមិកើតហេតុខាងលើ បានដើរចេញពីផ្ទះបំណងទៅរើសផ្លែត្នោតទុំជ្រុះ នៅវាលស្រែ ពេលដើរបានចម្ងាយប្រមាណ៤០មែ៉ត្រតាមផ្លូវលំ ស្រាប់តែមានម៉ូតូក្រុមក្មេងស្ទាវ មួយក្រុមជិះម៉ូតូ ៣-៤គ្រឿងប្រដេញគ្នា ហើយដោយសារផ្លូវតូចចង្អៀតផងក៏ជ្រុលទៅបុកលោកយាយពីក្រោយពេញទំហឹង បណ្តាលឱ្យប៉ើងទៅមុខប្រមាណ៥មែ៉ត្ររមៀលជាច្រើនត្រឡប់ បាក់ជើងខាងស្តាំ រយះផ្ទៃមុខខាងស្តាំ និងបោកក្បាលសន្លប់ភ្លាមៗនៅនឹងកន្លែង រីឯម៉ូតូបង្កហេតុដួលចូលទៅក្នុងស្រែតែក្រោយមកជនបង្កក៏លើកម៉ូតូជិះគេចខ្លួនបាត់។
ក្រុមគ្រួសារបានបញ្ជូនលោកយាយរងគ្រោះតាមរថយន្តសង្គ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ។ ចំណែកក្រុមក្មេងស្ទាវទាំងនោះពុំមានអ្នកណាស្គាល់ទេដោយសារនៅងងឹតមើលសូវមិនច្បាស់ ។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្កហេតុឱ្យចូលខ្លួនមកដោះស្រាយ ៕
ចែករំលែកព័តមាននេះ