រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជិត១០០នាក់ បានលើកគ្នាទៅប៉ុស្តិ៍ទួលសង្កែទាំងយប់នាំគ្នាផ្តិតមេដៃសំណូមពរឱ្យសមត្ថកិច្ចបញ្ជូនជនសង្ស័យដែលជាមុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្មម្នាក់ទៅតុលាការកាត់ទោសដាក់គុកបន្ទាប់ពីពួកគេចាប់ខ្លួនបានវាយទ្រមខ្លួន ខណៈធ្វើសកម្មភាពគេសួរនាំយកកូនកាំបិតដេញចាក់ទៀត ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ សីហា ២០១២ នៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះអាង ប៊ុនធឿន ហៅវែង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ តាមប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃទី១០ សីហា ២០១២ ជនសង្ស័យឈ្មោះអាង ប៊ុនធឿន ហៅវែង ជាមុខសញ្ញាចាស់រួមទាំងបក្សពួកម្នាក់ទៀតឈ្មោះបូរ៉ា បានចេញធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋរស់នៅផ្លូវលេខ៤៥ ក្រុមទី៧ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ខណៈនោះប្រជាពលរដ្ឋម្នាក់ឈ្មោះភេម ភារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ដែលធ្លាប់ស្គាល់ជនសង្ស័យបានសួរថា ទៅណា? ហើយជននោះឆ្លើយថា ទៅរៀន ។ ដោយឮដូច្នេះ ឈ្មោះភេម ភារិទ្ធ ក៏តបវិញថា ទៅរៀនអីពេលយប់ ស្រាប់តែជននោះបានទាញយកកូនកាំបិតដេញចាក់តែពុំបណ្តាលឱ្យរងរបួសឡើយ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ