ខេត្តកំពង់ស្ពឺ ៖ សពបុរសម្នាក់ដែលគេប្រទះឃើញសល់តែគ្រោងឆ្អឹង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៧ កក្កដា ២០១២ កន្លងទៅនៅចំណុចក្នុងព្រៃរបោះ ស្ថិតក្នុងភូមិត្រពាំងត្របែក ឃុំរុងរឿង ស្រុកថ្ពង ត្រូវបានមន្ត្រីប៉ូលិសមូលដ្ឋានស្រុកថ្ពង សហការជាមួយមន្ត្រីប៉ូលិសព្រហ្មទណ្ឌខេត្ត ធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនល្មើសបាននៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១១ សីហា ២០១២ នៅក្នុងភូមិស្តុក ឃុំតំណាក់រាំង ស្រុកឧដុង្គ បន្ទាប់ពីជននេះនាំមិត្តភក្តិទៅសម្លាប់ប្លន់យកម៉ូតូ ហើយរត់គេចខ្លួនជាង១ខែ ។
នាយរងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត លោកអនុសេនីយ៍ឯក សម សាក់ ប្រាប់ឱ្យដឹងថា គ្រោងឆ្អឹងសពដែលគេស្គាល់នេះ ឈ្មោះសឿន សំ ភេទប្រុស អាយុ២៣ឆ្នាំ មានប្រពន្ធឈ្មោះអៀម ចាន់រី ទើបសម្រាលបានកូនមួយក្រោយពីបាត់ប្តីជាងកន្លះខែ មានលំនៅភូមិត្រពាំងរុន ឃុំតំណាក់រាំង ស្រុកឧដុង្គ ។ លោកអនុសេនីយ៍ឯក បន្តថា ជនល្មើសដែលនាំមិត្តភក្តិទៅសម្លាប់ប្លន់យកម៉ូតូនោះឈ្មោះទឿន ម៉េង ភេទប្រុស អាយុ២៦ឆ្នាំ មានប្រពន្ធកូនពីរនាក់នៅក្នុងភូមិស្តុក ឃុំតំណាក់រាំង ស្រុកឧដុង្គ ជាកម្មករសំណង់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ