ខេត្តបន្ទាយមានជ័យ ៖ ធុរជន និងមន្រ្តីប្រមាណ២០នាក់មកពីសមាគមឧស្សាហកម្មថៃ និងសភាទីប្រឹក្សាសេដ្ឋកិច្ចថៃ បានចូលជួបសម្តែងការគួរសម និងពិភាក្សាពីការស្វែងរកលទ្ធភាពវិនិយោគនៅខេត្តបន្ទាយមានជ័យ ជាមួយលោកអ៊ុង អឿន អភិបាលខេត្ត និងអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នៅសាលាខេត្ត កាលពីថ្ងៃទី១០ សីហា កន្លងទៅនេះ ។
លោកអ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ លើកឡើងក្នុងនាមគណៈកម្មាធិការវិនិយោគខេត្ត ពីភូមិសាស្រ្ត ប្រជាសាស្រ្ត និងសក្ដានុពលខេត្ត ដែលអាចវិនិយោគ និងកំពុងត្រូវការរកដៃគូវិនិយោគ ។ ក្នុងនោះលោកលើកពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវដី តំបន់សេដ្ឋកិច្ច ពិសេសអូរនាងប៉ោយប៉ែត, តំបន់ដីខ្ពស់នៅក្រុងសិរីសោភ័ណ អំណោយផលដល់ការកសាងរោងចក្រចៀសផុតពីទឹកជំនន់, ផ្ទៃដីបង្កបង្កើនផល រោងចក្រ សិប្បកម្ម សេវាកម្មដែលមាន ព្រមទាំងកម្លាំងពលកម្មដែលមាន ។
លោកក៏បានលើកឡើងពីទីផ្សារលក់ផលិតផលពីថៃ និងបរទេស និងកសិផលរបស់ខេត្តលោកលក់ទៅថៃផងដែរ ។
លោកឆាវវ៉ាលីត គូនឡាអ ប្រធានសមាគមឧស្សាហកម្មថៃ ជាប្រធានប្រតិភូនិយាយថា សមាគម និងសភាក្រុមប្រឹក្សាសេដ្ឋកិច្ចថៃ ក៏ជាអ្នករាយការណ៍ពីការងារសេដ្ឋកិច្ច ឧស្សាហកម្មជូនគណៈរដ្ឋមន្រ្តីថៃរបស់លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ដែរ ។ ទស្សនកិច្ចនេះគឺដើម្បីជំរុញគាំទ្រវិនិយោគិនថៃ៥រោងចក្រដែលបោះទីតាំងដំណើរការនៅបន្ទាយមានជ័យ និងកៀងគរវិនិយោគិនថៃថ្មីទៀតមកបោះទុនរកស៊ី ។
ក្នុងនោះក៏មានផ្សព្វផ្សាយពីកិច្ចសហការលើកទឹកចិត្តល្អពីអាជ្ញាធរ និងជំនាញនានានៃខេត្តនេះដល់វិនិយោគិនថៃកន្លងមកដែរ។ លោកបន្តថា រោងចក្រថៃ៥កន្លែងនៅបន្ទាយមានជ័យដែលកំពុងដំណើរការនឹងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាចំនួន២០.០០០ នាក់ ។គួរបញ្ជាក់ថា ខណៈដែលកម្ពុជាកំពុងពន្យល់ពីនយោបាយព្រំដែនកម្ពុជា-វៀតណាមនោះនៅខេត្តបន្ទាយមានជ័យក៏មានប្រតិភូយោធាជាន់ខ្ពស់ទាំងពីរភាគីទៅពិនិត្យខ្សែបន្ទាត់ព្រំដែន ច្រកព្រំដែន និងបង្គោលព្រំដែន ។
ដោយឡែកខេត្តបានតាមដានរឿងនេះ និងបានខិតខំទាក់ទាញវិនិយោគិនថៃ មកបណ្ដាក់ទុនរកស៊ីក្នុងខេត្ត ដើម្បីកំណើនជីវភាពប្រជាជននិងសេដ្ឋកិច្ចជាតិ៕
ចែករំលែកព័តមាននេះ