រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៩ សីហា សាលារាជធានីបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយជូនដំណឹងដល់សាធារណជនទូទាំងប្រទេសស្តីពីការរៀបចំពិព័រណ៍បង្ហាញនំ និងបង្អែមខ្មែរដែលមានតាំងពីយូរលង់មកហើយ ។ ពិព័រណ៍នេះមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៣០សីហា ដល់ថ្ងៃទី១ កញ្ញា ឆ្នាំ ២០១២នៅសួនមុខវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងការរៀបចំនេះសាលារាជធានីជាអ្នករៀបចំស្តង់លក់ដូរដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលមានជំនាញធ្វើនំ និងបង្អែមខ្មែរនិងដាក់លក់ផលិតផលជូនភ្ញៀវជាតិ អន្តរជាតិ ។
សម្រាប់លក្ខខណ្ឌចូលរួមប្រកួតរួមមាន ៖
១-ប្រជាពលរដ្ឋទាំងពីរភេទដែលមានជំនាញធ្វើនំ និងបង្អែមខ្មែរទាំងអស់នៅរាជធានីភ្នំពេញ និងនៅខេត្តតាមបណ្តាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា អាចចូលរួមបង្ហាញពីរបៀបធ្វើ និងដាក់លក់នំ និងបង្អែមរបស់ខ្លួននៅទីតាំងដែលសាលារាជធានីភ្នំពេញបានរៀបចំជូនដោយមិនមានបង់ថ្លៃ ឬចំណាយអ្វីឡើយតែត្រូវធានាអនាម័យដោយខ្លួនឯង ។ ចំពោះនំ និងបង្អែមខ្មែរគ្រប់ប្រភេទត្រូវធ្វើឲ្យលើសដើម្បីតម្រូវការភ្ញៀវចូលទិញ និងទស្សនា ។
២-ត្រូវស្លៀកសម្លៀកបំពាក់សមរម្យដោយមានពាក់មួក និងអាវអៀមពណ៌ស។
៣-គ្រប់សម្ភារប្រើប្រាស់ក្នុងការបង្ហាញពីរបៀបធ្វើ លក់នំ បង្អែមត្រូវមានលក្ខណៈស្អាតនិងមានអនាម័យ ។
៤-ត្រូវប្រើប្រាស់ថង់ក្រដាស ឬប្រអប់ជ័រសម្រាប់ដាក់នំ និងបង្អែម ដែលសាលារាជធានីផ្តល់ជូនដោយមិនអនុញ្ញាតឲ្យប្រើប្រាស់ថង់កៅស៊ូឡើយ៕
ចែករំលែកព័តមាននេះ