ខេត្តកំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថស្នាក់ការឧទ្យានជាតិគិរីរម្យបានឃាត់ខ្លួនយុវជនម្នាក់កាលពីវេលាម៉ោង១១យប់ថ្ងៃទី៩ សីហា ខណៈជននេះបានគាស់ដំបូលស័ង្កសីចូលក្នុងផ្ទះបម្រុងលួចទ្រព្យសម្បត្តិអ្នកលក់ដូរម្នាក់នៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
ប្រធានស្នាក់ការកងរាជអាវុធហត្ថឧទ្យានជាតិគិរីរម្យ លោកអនុសេនីយ៍ទោ ទិត្យ វណ្ណៈ បានឱ្យដឹងថា ម្ចាស់ផ្ទះដែលជននេះគាស់ដំបូលចូល ប្តីឈ្មោះសឹង ឡុង អាយុ៥១ឆ្នាំ ។ ពេលគាស់ដំបូលចូលនោះ ជាសំណាងល្អប្រពន្ធម្ចាស់ផ្ទះដឹងក៏ស្រែកឆោឡោឡើងផ្អើលដល់ផ្ទះអ្នកជិតខាង និងផ្តល់ដំណឹងដល់សមត្ថកិច្ចកងរាជអាវុធហត្ថភ្លាមៗ ទើបជនសង្ស័យត្រូវបានចាប់ខ្លួន ។
លោកអនុសេនីយ៍ទោ ទិត្យ វណ្ណៈ បន្តថា ជនសង្ស័យឈ្មោះកែវ គង្គា អាយុ១៩ឆ្នាំ មានទីលំនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ពុំមានមុខរបរពិតប្រាកដទេ ។ជននេះត្រូវបានកំណត់ជាមុខសញ្ញាលួចទ្រព្យសម្បត្តិអ្នកភូមិ និងតាមផ្សារ ព្រមទាំងជាមុខសញ្ញាសេពគ្រឿងញៀនផងដែរ ។ ក្រោយពីចាប់ខ្លួន ជនឈ្មោះកែវ គង្គា ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបំពេញសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ