រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ សីហា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ទន្ទាទោសជនជាប់ចោទ៥នាក់ ជាអតីតសន្តិសុខរោងចក្រអីុស្ទិចហ្គាមេន ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដាក់ពន្ធនាគារក្នុងម្នាក់ៗ១ឆ្នាំ និងរួមគ្នាសងទៅដើមបណ្តឹងចំនួន៤១.១៧៧ដុល្លារ ។ សាលក្រមនេះបានបើកផ្លូវ និងទុកពេល៣០ថ្ងៃឱ្យភាគីណាមួយដែលមិនសុខចិត្តប្តឹងទាស់ទៅសាលាឧទ្ធរណ៍ ។
ការប្រកាសសាលក្រមធ្វើឡើងដោយលោកសេង នាង ប្រធានក្រុមប្រឹក្សា លោកហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងនៅចំពោះមុខជនត្រូវចោទ ១- ឈ្មោះសៅ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ ២- ឈ្មោះហួត ទី ភេទប្រុស អាយុ១៨ឆ្នាំ ៣- ឈ្មោះកែប វ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ៤- ឈ្មោះហុល ហ៊ា ភេទប្រុស អាយុ៣៧ឆ្នាំ ទាំង៤នាក់នេះគឺជាសន្តិសុខរោងចក្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗរយៈពេល១ឆ្នាំ និង៥-ឈ្មោះហេង ប៊ុនស ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកទៅទិញក្រណាត់ និងខោអាវពីសន្តិសុខទាំង៤នាក់ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំដែរ ប៉ុន្តែទោសនេះត្រូវព្យួរ ហើយសាលក្រមក៏បានផ្តន្ទាទោសឈ្មោះហេង ប៊ុនស ដោយកំបាំងមុខ ព្រោះជនត្រូវចោទបានរត់គេចខ្លួនបាត់ ។ បន្ទាប់ពីសាលក្រមបានប្រកាស ភាគីតំណាងដើមបណ្តឹង និងមេធាវីមិនសុខចិត្ត ហើយបានធ្វើពាក្យប្តឹងទាស់ដាក់ទៅសាលាឧទ្ធរណ៍ ដើម្បីឱ្យជំនុំជម្រះរឿងនេះឡើងវិញ មិនតែប៉ុណ្ណោះបានទាមទារឱ្យចាប់ខ្លួនមេខ្លោងឈ្មោះហេង ប៊ុនស ដាក់ពន្ធនាគារដូចជនជាប់ចោទទាំង៤នាក់នេះដែរ។
គួររំលឹកថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១១ និងថ្ងៃទី២ ខែមករា ឆ្នាំ២០១២ ជនត្រូវចោទទាំង៥នាក់បានធ្វើសកម្មភាពលួចខោអាវ និងក្រណាត់រោងចក្រចំនួន២លើក សរុបអាវយឺតចំនួន៥.៩៥៩ និងក្រណាត់១៨ដុំ គិតជាទឹកប្រាក់ជាង៤ម៉ឺនដុល្លារ ។ រាល់សកម្មភាព គឺឈ្មោះហេង ប៊ុនស ជាអ្នកមានប្រាក់ទៅទិញពីសន្តិសុខទាំង៤នាក់ ដែលជាអ្នកលួចខោអាវ និងក្រណាត់ពីក្នុងរោងចក្រ ។ ចំណែកម្ចាស់រោងចក្រ បន្ទាប់ពីដឹងថា បាត់ខោអាវ និងក្រណាត់យ៉ាងច្រើនសន្ធឹកសន្ធាប់ ទើបធ្វើការស្រាវជ្រាវ ហើយក៏បានចាប់ខ្លួនមនុស្សទាំង៥នាក់បញ្ជូនទៅឱ្យសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃនិងទៅសាលាដំបូងរាជធានីភ្នំពេញ ។ ពួកគេត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស ប៉ុន្តែឃុំខ្លួនបានប្រហែល៣ខែ ឈ្មោះហេង ប៊ុនស ដែលជាអ្នកផ្តើមគំនិតបង្កើតឱ្យមានអំពើលួចនេះឡើង មានវាសនាបាននៅក្រៅឃុំវិញ ដោយមិនបានឆ្លងកាត់សវនាការទេ ។ ចំណុចនេះហើយបានជាដើមបណ្តឹងកើតទុក្ខមិនសុខចិត្ត ដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ឱ្យចាប់ខ្លួនឈ្មោះហេង ប៊ុនស មកដាក់ពន្ធនាគារវិញ ៕
ចែករំលែកព័តមាននេះ