ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គបណ្តុះ​បណ្តាល​​​​​ការងារ​​យេនឌ័រ​​ និង​អំពើ​ហិង្សា​​លើ​ស្ត្រី​

13 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ​​ឈរ​លើស្មារតី​យក​ចិត្តទុក​ដាក់ក៏ដូចជាប្រសិទ្ធភាពការងារ​ និងការ​ចែក​រំលែក នា​ព្រឹកថ្ងៃទី៩ សីហា នៅ​ស្នង​ការ​ដ្ឋាន​នគរ​​បាលខេត្តកំពង់ធំ ​មាន​រៀបចំបើក​វគ្គ​បណ្ដុះ​​បណ្ដាលស្ដីពីការងារយេនឌ័រ និងអំពើហិង្សា​​លើស្ត្រី​ដែលមាន​ការចូលរួម​ពី​សំណាក់លោក​ស្រី​ឧត្តមសេនីយ៍ទោ​ង៉ែត ម៉ាលី អនុ​ប្រធាន​​នាយក​ដ្ឋានកណ្ដាលនគរបាលយុត្តិធម៌​ និង​ជាអនុ​ប្រធាន​​អចិន្ត្រៃយ៍​ក្រុមការងារយេនឌ័រ អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិ, លោកអភិបាល​រង​ខេត្តកំពង់ធំ, លោកឧត្តមសេនីយ៍ត្រី​ផាន់ សុផេង ស្នង​ការនគរបាលខេត្ត,  លោក​ស្នងការ​រង​, លោក​ស្រីជាប្រធាន​-​អនុប្រធានមន្ទីរ​កិច្ចការ ​នារី ការិយាល័យ អធិការ អធិការរង ​អង្គការ​ពាក់​ព័ន្ធ និងសិក្ខាកាមចំនួន៣២នាក់ ។

​លោក​ឧត្តមសេនីយ៍​ត្រី ផាន់ សុផេង ស្នង​ការ​​នគរ​បាលខេត្ត​​បានបញ្ជាក់​ពីសកម្មភាព​ការ​ងារយេនឌ័រ​នៅក្នុងស្នងការដ្ឋាន​ន​គរបាលខេត្ត ថា ដោយមាន​ការយក​ចិត្តទុកដាក់ពី​លោក​ឧបនាយករដ្ឋមន្ត្រី និង​លោក​នាយឧត្តមសេនីយ៍​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ក្នុងចំណោមកង​កម្លាំង​នគរបាល​ជាស្ត្រី​ដែល​មានចំនួន​១១១​នាក់ គឺបានទទួល​ឋានន្តរស័ក្តិ​ចាប់ពីថ្នាក់វរសេនីយ៍​ឯក​ដល់​ពល​បាលទោ ក្នុងនោះ​មានស្នងការរង នាយរងការិយា​ល័យ អធិការរង នាយ និងនាយ​រងផ្នែក និង​បាន​រៀបចំ​ជាសមាសភាព​ក្រុមការ​ងារ​យេនឌ័រ​ចំនួន​១១នាក់ ស្រី៥នាក់ ។ ក្រៅពី​ការ​​បំពេញ​តួនាទី​ និងភារកិច្ចជាច្រើន​ជានគរ​បាល​យុត្តិធម៌​ ស្រ្តីទាំងនោះ​ក៏បានចូលរួមជាមួយ​កិច្ចការ​សង្គម​ស៊ីវិល​បានយ៉ាងច្រើនផងដែរ​​។ ទន្ទឹមការ​ងារ​ខាង​លើ​ ស្នងការដ្ឋាន​ក៏បានរៀបចំ​ និងលើកទឹក​ចិត្ត​ក៏ដូច​ជាឆ្លើយតប​ទៅនឹងការ​ខិតខំប្រឹងប្រែង​របស់​នគរបាលជានារី​​ដោយ​បានដំឡើង​​ឋានន្តរស័ក្តិ និងតួនាទី​ចំនួន៣០នាក់ និង​មាន​ការសរសើរលើកទឹកចិត្តចំនួន១៥នាក់ ។

លោកអ៊ុត សំអន អភិបាល​រងខេត្ត​ក៏​បាន​បញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ​លោក​មាន​ការ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំងជាមួយ​សកម្មភាព​របស់​ស្ត្រីនាពេលបច្ចុប្បន្នមិន​ថាក្នុងជួរដ្ឋ និង​ ក្រៅ​រដ្ឋ គឺស្ត្រីបានចូល​រួមជាដៃគូ​យ៉ាង​សកម្ម​ជា​មួយ​បុរសដែល​សបញ្ជាក់ឱ្យ​ឃើញពីការ​យល់​​ដឹង​និងការសម្រេចចិត្តដ៏ត្រឹម​ត្រូវរបស់​ស្ត្រី​នាពេល​បច្ចុប្បន្ន និងអនាគត ។ ​តាមរយៈ​វគ្គ​បណ្ដុះ​បណ្ដាលក្នុងឱកាស​នេះលោកសង្ឃឹមថា  ជាសារថ្មីមួយ​សម្រាប់​ជំរុញ​និង​លើកកម្ពស់​សមត្ថ​ភាពស្ត្រីទាំងក្នុងការបំពេញ​ការងារនិងការ​សម្រេច​ចិត្ត ។

ស្ថិត​ក្នុង​ឱកាស​នោះ លោកស្រីឧត្តមសេនីយ៍​ទោ ង៉ែត ម៉ាលី បានលើកឡើងថា ថ្វី​ដ្បិត​តែវគ្គ​បណ្ដុះ​បណ្ដាល​មាន​ច្រើនលើក ​និងបទពិសោធ​ន៍​ច្រើន​រាប់មិន​អស់​​ក្ដី ប៉ុន្តែអ្វីដែល​ជាការ​ចាប់​អារម្មណ៍​នោះ​គឺការ​ពង្រឹងបន្ថែមនិងជំរុញលើក​កម្ពស់សមត្ថភាព​ការផ្សព្វផ្សាយឱ្យកាន់តែ​ទូលាយ​ថែមទៀតដល់គ្រប់​​ស្រទាប់មជ្ឈដ្ឋាន ។ លោកស្រីមានជំនឿថា ការ​ងារយេនឌ័រនេះ មិន​មែនអនុវត្ត​តែក្នុង​ជួរ​កង​កម្លាំង​ប៉ុណ្ណោះទេ តែគឺ​ជាការងារ​សាកល ដែលត្រូវចាប់​អារម្មណ៍​និង​យកចិត្ត​ទុក​ដាក់គិតគូរ​ឱ្យ​បាន​​​ហ្មត់​​​ចត់ ៕