ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីប្រកាស​ផ្ទេរ​ភារកិច្ច​ តែង​តាំង​មុខតំណែង​ និង​បំពាក់​ឋាន​ន្ត​រសក្តិ​ដល់​មន្ត្រី​នគរបាល

13 ឆ្នាំ មុន

​ខេត្ត​ស្វាយ​រៀង​​ ៖ ​​នា​ព្រឹក​ថ្ងៃ​ទី​១០  សីហា ​​​នៅ​សាល​ប្រជុំ​នៃ​ស្នងការ​ដា្ឋ​ន​នគរបាល​ខេត្ដ មាន​​​​ប្រារព្ធ​ពិធី​ផ្ទេរ​​ភារកិច្ច​​ តែង​តាំង​​មុខ​តំណែង​​​ ​និង​បំពាក់​​​ឋាន​​ន្ត​​រសក្តិ​​ដល់​មន្ត្រី​​នគរ​បាល​ ក្រោម​​អធិបតី​​ភាព​លោក​ឧត្តម​សេនីយ៍​​ត្រី​ ប្រាជ្ញ ​រឹម ​ស្នងការ​នគរ​បាល​ខេត្ត ​។ ​​​​​​​ចូល​រួម​​ក្នុង​ពិធី​នោះ​មាន​​​លោក​-​លោក​ស្រី​​ស្នងការ​រង​នគរ​បាល​​​ខេត្ដ​ ​ប្រធាន​ការិយា​ល័យ​ ​អធិការ​គ្រប់​ស្រុក ​ព្រម​ទាំង​​​មន្ដ្រី​នគរបាល​ខេត្ដ​ប្រមាណ​ជាង​១០០​នាក់​ ។

តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​៤១៥ និង​លេខ២៣៩ ដែល​អាន​ដោយ​លោក​វរ​សេនីយ៍​ទោ​ ពុត ក​យ ​បាន​សម្រេច​​​ផ្ទេរ​ភារ​កិច្ច​មន្ដ្រី​នគរ​បាល​ខេត្ដ​ចំនួន​២០​រូប​ឱ្យ​ចូល​កាន់​តួនាទី​ថ្មី និង​បំពាក់​ឋានន្ដរសក្ដិ​ដល់​មន្ដ្រី​នគរបាល​ចំនួន​១១៦​រូប ​ក្នុង​នោះ​ថា្ន​ក់​អនុសេនីយ៍ឯក​ចំនួន​១៧​រូប​ ​អនុសេនីយ៍ទោ​១៧រូប អនុ​សេនី​យ៍​​ត្រី​១៥​​រូប​ថា្ន​ក់​ព្រិ​ន្ទ​​បាល​ឯក​​​៣៧​រូប​ ​ព្រិ​ន្ទ​​បាល​ទោ​២១​រូប​​ ពល​​​​​​​​​​​​​បាលឯក​៧​រូប​​ ​និង​ពលបាលទោ​២​រូប​​​។ ​

ថ្លែង​ក្នុង​ឱកាសនោះ​ លោក​ឧត្ដមសេនីយ៍ត្រី ប្រាជ្ញ រឹម ​ស្នងការ​នគរបាល​ខេត្ដ​ បាន​លើក​ឡើង​ពី​សភាពការណ៍​នយោបាយ​របស់​ប្រទេស​កម្ពុជា ពិសេសគឺ​ប្រសាសន៍​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា ឆ្លើយ​បំភ្លឺ​ដល់​ជន​រួម​ជាតិទាំង​អស់​​កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ សីហា ​នៅ​ក្នុង​រដ្ឋ​​​សភា​​​​ឆ្លើយ​​​តប​​ទៅ​នឹង​ពាក្យ​ចោទប្រកាន់​របស់​គណ​បក្ស​ប្រឆាំង​ ដែល​លើក​ឡើង​ថា កម្ពុជា​កំពុង​​បាត់​បង់​ទឹក​ដឹ​ទៅ​លើ​ប្រទេស​វៀតណាម​នោះ​សម្ដេច​បាន​បកស្រាយ​ច្បាស់​ណាស់​គឺ​កម្ពុជា មិន​​​បាន​បាត់បង់​ទឹកដី​នោះ​ទេ​។

លោក​ឧត្ដមសេនីយ៍ត្រី​ស្នងការ​​បាន​បន្ដ​ទៀត​ថា ចំពោះ​បញ្ហា​យោធិន​រត់ចោលជួរ កម្លាំង​​នគរ​បាល​​ត្រូវ​តែ​ប្រមូល​ដកហូត​យក​ឯកសណ្ឋាន​​មក​វិញ​ទាំងអស់ កុំឱ្យ​ពួក​ទាំងនោះ​យក​ឯកសណ្ឋាន​យោធិន​ទៅ​ពាក់​ដើរ​បង្អួត ឬ​គំរាម​គេឯង​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្ដិយស​យោធិ​ន​ពិត​ប្រាកដ​។ ​លោក​​​ក៏​បាន​លើក​ឡើង​ពី​ការ​ចុះ​ធ្វើ្វ​អត្ដ​សញ្ញាណ​​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​សា្វ​យ​រៀង​ផង​ដែរ ដែល​​​កន្លង​មកធ្លាប់​មាន​សារ​ព័​ត៌​មាន​ចុះ​ផ្សាយ​ថា មន្ដ្រី​​ចុះ​ធ្វើ​អត្ដសញ្ញាណ​​ប័ណ្ណមានការ​យក​លុយ​យក​កាក់​ពី​ប្រជា​ពលរដ្ឋ​​ ដែល​ព័​ត៌​មាន​នេះ​វា​អាច​ពិត​ខ្លះ ​មិន​ពិត​ខ្លះ​នា​ពេល​កន្លង​មក ប៉ុន្ដែ​នា​ពេល​បច្ចុប្បន្ន​នេះ ​លោក​សូម​ផ្ដាំផ្ញើ​ដល់​លោកអធិ​ការ​​​គ្រប់​ស្រុក​ទាំងអស់​សូម​ប្រ​យ​័ត្នដាច់ខាត​កុំឱ្យ​មានការ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ឱ្យ​សោះ។

ម្យ៉ាង​​​​​ទៀត​ ក៏​ត្រូវ​ចៀសវាង​ជា​ដាច់​ខាត​​កុំឱ្យ​មាន​ចេញ​ប័ណ្ណ​ដោយ​គា្ម​ន​លិខិត​ទទួលស្គាល់​ពី​អាជ្ញា​ធរ​​ដែនដី​ឱ្យ​សោះ ។ ចំណុច​សំខាន់​រាល់​ការ​ចំណាយ​​ផ្សេង​ៗ​របស់មន្ដ្រី​ធ្វើ​អត្ដសញ្ញា​ណប័ណ្ណ ស្នងការ​ដ្ឋាន​​ខេត្ដ​នឹង​ព្យាយាម​ស្វែងរក​ថវិកា​​សម្រាប់​​​ឧបត្ថម្ភ ​ដើម្បី​កុំឱ្យ​មានការ​លួច​ទារ​យក​លុយ​ពី​ប្រជាពលរដ្ឋ ​ហើយ​យក​លេស​ថា​សម្រាប់​​​​ចំណាយ​លើ​ឯកសារ​ផ្សេង​ៗ​នោះ។ ម្យា៉ាង​​​ទៀត​ ​​សកម្ម​ភាព​​ចុះ​ធ្វើ​អត្ដសញ្ញា​​ណប័ណ្ណ​នេះ ​អធិការ​ស្រុក​គ្រប់​​ស្រុក ​ត្រូវ​តែ​ចាប់អារម្មណ៍​ឱ្យ​បាន​ខ្លាំង ​និង​ត្រួតពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់​។

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោកស្នងការ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​កុង​ត្រូលជជុះ​នៅ​តាម​ដងផ្លូវ​នានា​​ទូ​ទាំង​ខេត្ដ​​​ ​ដោយ​បាន​បញ្ជាក់​ថា​ កុង​ត្រូល​ជជុះ​ទាំងអស់​ត្រូវ​តែ​បញ្ឈប់​​​កុំឱ្យ​មាន​ឱ្យ​សោះ​នៅ​​លើ​ទឹកដី​ខេត្ដ​សា្វ​យ​រៀង ​ហើយ​​​បើ​នៅ​តែ​កើត​មាន​នៅ​​ក្នុង​មូល​ដា្ឋ​ន​ណាមួយ​នោះ អធិការ​ស្រុក​នោះ​​ត្រូវ​តែ​ទទួលខុសត្រូវ​​។ ​ជាមួយ​គា្ន​នេះ​ អធិការ​ស្រុក​ទាំងអស់​ត្រូវ​ត្រៀមកម្លាំង​សហការ​ជា​មួយ​និស្សិត​​​ស្ម័គ្រ​ចិត្ត​​ចុះ​វាស់​វែង​​ដី​​ធ្លី​​យ៉ាងតិច​ពី២ទៅ៣​នាក់ ដើម្បី​តាម​​ការពារ​​សុវត្ថិភាព​របស់​ពួកគេ​ ៕