ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលមួយទាំងព្រឹកព្រលឹមដោយពួកក្មេងទំនើងជិះម៉ូតូវ៉ាគ្នាតាមផ្លូវលំតូចចង្អៀតជ្រុលទៅបុកលោកយាយអាយុ៧៦ឆ្នាំ ម្នាក់ដែលកំពុងដើរតាមផ្លូវខ្ទាតចម្ងាយ៥ម៉ែត្រ បណ្តាលឱ្យបាក់ជើងខាងស្តាំរយះមុខដួលសន្លប់នៅនឹងកន្លែង កាលពីថ្ងៃទី១០ សីហា ២០១២ វេលាម៉ោង៥ព្រឹក ស្ថិតក្នុងភូមិសេកយំ ឃុំពងទឹក ស្រុករំដួល ។
បើតាមចៅៗលោកយាយប្រាប់ឱ្យដឹងថា លោកយាយរងគ្រោះឈ្មោះកឹម ង៉ែន អាយុ៧៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ មុនពេលកើតហេតុគាត់បានដើរចេញពីផ្ទះតាមផ្លូវលំ បំណងទៅរើសផ្លែត្នោតទុំជ្រុះនៅវាលស្រែ លុះដើរបានចម្ងាយប្រមាណ៤០ម៉ែត្រ ស្រាប់តែមានម៉ូតូក្រុមក្មេងទំនើង៣ទៅ៤គ្រឿង ជិះប្រដេញគ្នា ពេលនោះមានម៉ូតូ១គ្រឿងបើកវ៉ាម៉ូតូ៣គ្រឿង ដោយផ្លូវតូចចង្អៀតក៏ជ្រុលទៅបុកលោកយាយពីក្រោយពេញទំហឹង បណ្តាលឱ្យប៉ើងទៅមុខចម្ងាយប្រហែល៥ម៉ែត្រ បាក់ជើងខាងស្តាំរយះមុខបែកក្បាលសន្លប់នៅនឹងកន្លែង ។ ចំណែកម៉ូតូបង្កដួលចូលទៅក្នុងស្រែក្រោយមកក្មេងទំនើងនោះក៏លើកម៉ូតូឡើងជិះគេចខ្លួនបាត់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ