រាជធានីភ្នំពេញ ៖ នាវេលាម៉ោង៨ព្រឹកថ្ងៃទី៨ សីហា ឆ្នាំ២០១២ នៅអគ្គនាយកដ្ឋានពន្ធដារ មានរៀបចំកិច្ចប្រជុំបូកសរុបការងារសារពើពន្ធប្រចាំខែកក្កដា ឆ្នាំ២០១២ ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីអគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធាន អនុប្រធាន នាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យថ្នាក់កណ្តាល និងលោកប្រធាន អនុប្រធានសាខាពន្ធដារខណ្ឌនៅរាជធានីភ្នំពេញ និងសាខាពន្ធដារខេត្តទាំង២៣ទូទាំងប្រទេស ។
ជាកិច្ចចាប់ផ្តើម លោក គង់ វិបុល រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសំណេះសំណាលនិងជំរុញការលើកទឹកចិត្តថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ សមាជិកអង្គប្រជុំ ដែលជាតំណាងមន្ត្រីពន្ធដារទូទាំងប្រទេសឱ្យខិតខំជម្នះការលំបាក និងបញ្ហាប្រឈមនានា ខិតខំអនុវត្តភារកិច្ចប្រមូលចំណូលពន្ធគ្រប់ប្រភេទឱ្យបានសម្រេចតាមគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង បង្កើនការផ្តល់សេវាដល់អ្នកជាប់ពន្ធឱ្យបានល្អប្រសើរ និងវិធានការនានា សំដៅធ្វើឱ្យបានសម្រេចគោលដៅចំណូលឆ្នាំ២០១២ ។
លោក ស៊ឹម អៀង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ក្នុងខែកក្កដា ឆ្នាំ២០១២ នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលនិងបង់ប្រាក់ពន្ធចូលថវិកាជាតិបានចំនួន ២៨៧.៧៣៥លានរៀល ។ សរុបរយៈពេល៧ខែក្នុងឆ្នាំ២០១២ បានបង់ប្រាក់ពន្ធចូលថវិកាជាតិចំនួន ១.៨៣៨.៩២០លានរៀល ។ បើប្រៀបធៀបនឹងការអនុវត្តបានក្នុងរយៈ៧ខែដូចគ្នា ក្នុងឆ្នាំ២០១១ ឃើញថា ក្នុងឆ្នាំ២០១២នេះ មានការកើនឡើងចំនួន ៥២២.២៦១លានរៀល ស្មើនឹងអត្រាកំណើន ៣៩,៦៧%ក្នុងនោះ ថវិការដ្ឋកើនឡើងចំនួន ៣២,៩៩% ថវិការាជធានី-ខេត្តកើនឡើងចំនួន ៩៧,៩១%។
ដើម្បីសម្រេចឱ្យបាននូវគោលដៅចំណូល ដែលបានកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ អគ្គនាយកដ្ឋានពន្ធដារ ត្រូវខិតខំប្រមូលចំណូលពន្ធដារតាមកម្មវិធីយុទ្ធសាស្ត្រអាទិភាព ដូចខាងក្រោម ៖
១-ពិនិត្យលើសកម្មភាពសំខាន់ៗមួយចំនួនដែលមានការថយចុះប្រាក់ពន្ធ ក្នុងនោះមាន សកម្មភាព ផលិតបារី ផលិតគ្រឿងប្រើប្រាស់ លក់ផលិតផលឱសថ អាកាសយានដ្ឋាននិងកំពង់ផែ ដែលសកម្មភាពទាំងនេះជាប់ទាក់ទងនឹងប្រភេទពន្ធមួយចំនួនដែលមានសមមាត្រធំក្នុងចំណូលថវិកាជាតិ គឺពន្ធលើប្រាក់ចំណេញ អាករលើតម្លៃបន្ថែម និងអាករពិសេសលើទំនិញ និងសេវាកម្មមួយចំនួន ។
ដោយឡែក ការងារមួយចំនួនទៀតដែលត្រូវអនុវត្តបន្តពីឆ្នាំ២០១១ គឺការពិនិត្យនិងធ្វើជំរឿនអចលនទ្រព្យនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីប្រមូលពន្ធអចលនទ្រព្យនេះឱ្យបានមុនដំណាច់ឆ្នាំ ។ ការងារជំរឿនក៏ត្រូវធ្វើដែរ ចំពោះដីធ្លីមិនបានប្រើប្រាស់ សំដៅពង្រីកមូលដ្ឋានប្រមូលពន្ធឱ្យអស់លទ្ធភាពឱ្យបានត្រឹមត្រូវ តាមច្បាប់កំណត់ ។
២-បន្តអប់រំពន្យល់ណែនាំដោយផ្ទាល់ និងតាមរយៈការផ្សព្វផ្សាយសេចក្តីជូនដំណឹង និងសៀវភៅ សេចក្តីណែនាំនានា ដើម្បីឱ្យអ្នកជាប់ពន្ធបានយល់ច្បាស់ពីកាតព្វកិច្ចរបស់ខ្លួន គោរពប្រតិបត្តិច្បាប់ពន្ធបានល្អប្រសើរដោយស្ម័គ្រចិត្ត និងបង់ប្រាក់ពន្ធឱ្យបានត្រឹមត្រូវ ។
៣-បន្តអនុវត្តវិធានការចាប់បង្ខំ ក្នុងនោះមានការធ្វើសវនកម្ម និងការទារបំណុលពន្ធ ដែលក្នុងនេះត្រូវបន្តវិធានការតឹងទារបំណុលពន្ធឱ្យបានខ្លាំងក្លា ចំពោះអ្នកជាប់ពន្ធដែលជំពាក់បំណុលពន្ធច្រើន តែមិនអើពើអំពីការទូទាត់ឱ្យបានជ្រះស្រឡះ ។
៤-បន្តការរៀបចំគោលនយោបាយសារពើពន្ធ ដើម្បីវិវឌ្ឍឱ្យទាន់សភាពការណ៍សេដ្ឋកិច្ច ក្នុងនោះមានគំរូសន្ធិសញ្ញាស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ច្បាប់ស្តីពីពន្ធលើប្រតិបត្តិការប្រេងកាត ច្បាប់ស្តីពីពន្ធលើប្រតិបត្តិការធនធានរ៉ែ លិខិតបទដ្ឋានសម្រាប់អនុវត្តពន្ធលើប្រាក់ចំណេញមូលធន ពន្ធលើកិច្ចសន្យា និងគោលនយោបាយទប់ទល់ និងការផ្ទេរតម្លៃ ។ល។
ចែករំលែកព័តមាននេះ