ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ជាមួយនឹងសាច់ទន់ដូចជាក្រេម ចេកនៅផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពរបស់មនុស្ស។ តាមការអ្នកឯកទេសបានអះអាងថា ក្នុងចេក១ផ្លែមានសារធាតុចិញ្ចឹមដល់ទៅ៨០មុខ ។ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ផ្លែចេក ៖
១-ជួយការពារមិនឱ្យកើតមានជំងឺបេះដូងៈ សារធាតុប៉ូតាស្យូ៉មនៅក្នុងផ្លែចេកគឺជារ៉ែដ៏សំខាន់មួយជួយរក្សាសម្ពាធឈាមឱ្យនៅធម្មតា ព្រមទាំងរក្សាមុខងារបេះដូង ។ ចេក១ផ្លែមានប៉ូតាស្យូ៉ម ៤៦៧មីលីក្រាម ខណៈសូដ្យូ៉មមានតែ១មីលីក្រាមប៉ុណ្ណោះ ។ ការរកឃើញដោយអ្នកវិទ្យាសាស្ត្របានអះអាងថា ទទួលទានចេក១ផ្លែក្នុងមួយថ្ងៃអាចជួយទប់ទល់នឹងការឡើងឈាម ព្រមទាំងការពារការស្ទះសរសៃឈាមបាន ។
២-ការពារការរលាក ឬដំបៅក្រពះ ៈវាត្រូវបានគេទទួលស្គាល់ជាយូរមកហើយនូវប្រសិទ្ធភាពប្រឆាំងអាស៊ីដដែលអាចទប់ទល់នឹងការរលាកដំបៅក្រពះ។ តាមការសិក្សាមួយថា ការលាយចូលគ្នារវាងចេកនិងទឹកដោះគោអាចទប់នូវការផលិតអាស៊ីដរបស់ក្រពះបាន ។
ផ្លែចេកជួយការពារក្រពះក្នុងមធ្យោបាយ២យ៉ាង៖
-ជួយឱ្យបណ្តាកោសិកាដែលមានតួនាទីបង្កើតទ្រនាប់ខាងក្នុងក្រពះផលិតរបាំងស្លេស្មការពារកាន់តែក្រាស់ប្រឆាំងនឹងអាស៊ីដដែលបញ្ចេញដោយក្រពះ ។
– សមាសធាតុឈ្មោះ protease inhabitorsរបស់ផ្លែចេកជួយសម្លាប់មេរោគដែលធ្វើឱ្យរលាកដំបៅក្រពះ។
៣-ជួយឱ្យឆ្អឹងរឹងមាំ ៖
តើទទួលទានចេកពិតជាធ្វើឱ្យឆ្អឹងរឹងមាំមែនទេ? ពិតណាស់ ទទួលទានវាជារឿយៗអាចជួយធ្វើឱ្យប្រសើរនូវសមត្ថភាពរាងកាយរបស់អ្នកក្នុងការស្រូបយកសារធាតុកាល់ស្យូ៉មតាមរយៈយន្តការជាច្រើន ។ ផ្លែចេកជាប្រភពសំបូរទៅដោយ Fructooligosaccharide។ វាជាសមាសធាតុមួយដែលគេឱ្យឈ្មោះថា Prebiotic ដ្បិតវាបានចិញ្ចឹមបាក់តេរី probioticក្នុងពោះវៀនធំ។ បាក់តេរីល្អទាំងនេះបានផលិតវីតាមីននិងអង់ហ្ស៊ីមរំលាយអាហារដែលជួយធ្វើឱ្យល្អប្រសើរនូវសមត្ថភាពរាងកាយក្នុងការស្រូបយកសារធាតុចិញ្ចឹមបូករួមនឹងសមាសធាតុដែលការពារខ្លួនយើងប្រឆាំងនឹងអតិសុខុមប្រាណអាក្រក់ ។
៤-ជួយជម្រុញឱ្យតម្រងនោមមានសុខភាពល្អតាមរយៈការទទួលទានជាប្រចាំ និងក្នុងកម្រិតមធ្យម ៖
ការសិក្សាមួយបានបង្ហាញថា ការទទួលទានបន្លែ ផ្លែឈើក្នុងចំនួនមធ្យម ជាពិសេសផ្លែចេកមានអត្ថប្រយោជន៍ផ្នែកសុខភាពច្រើន ។ បណ្តាស្ត្រីដែលទទួលទានផ្លែចេក៤ទៅ៦ដងក្នុងមួយសប្តាហ៍កាត់បន្ថយអត្រាកើតមានជំងឺមហារីកតម្រងនោមបានពាក់កណ្តាលធៀបទៅនឹងស្ត្រីដែលមិនទទួលទានសោះ ៕
ចែករំលែកព័តមាននេះ