ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទឹង​​អង្គរ​បុរីជា​ប្រភព​ការងារ​និងជា​សរសៃ​​​ឈាម​​សេដ្ឋកិច្ច​​​​​របស់​ស្រុក​អង្គរបុរី

13 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ វិស័យ​​គមនាគមន៍​​​ជាវិស័យ​​មួយដែល​​មាន​សារសំខាន់​​ជាង​គេ​ ព្រោះ​បើ​គ្មាន​​​​វិស័យ​​​គមនាគមន៍​​ទេ​យើង​​មិន​អាចធ្វើ​ការ​​ដឹកជញ្ជូន​​ផលិតផល​ផ្សេងៗ​​ពីតំបន់​​មួយទៅ​តំបន់​មួយ​​​​បាន​ដែរ ។ ​​ស្ទឹង​អង្គរ​បុរី​​​​​ ត្រូវ​បាន​​​អ្នក​​ស្រុក​​​ចាត់​ទុក​ជាសរសៃឈាម​​សេដ្ឋកិច្ច​​​សម្រាប់​​​ស្រុក​​​អង្គរបុរី​​ទាំងមូល ​​ដោយ​​សារស្ទឹង​នេះ​មាន​កំពង់​​ផែមួយសម្រាប់​​​​ធ្វើ​ចរាចរ​​ទំនិញ​​ចែក​ចាយ​​​ទៅ​​តំបន់​​ផ្សេង​​ពិសេស​​គឺដឹក​ជញ្ជូន​​​ស្រូវ​​និង​បាន​​បង្កើត​ការងារ​​​​សម្រាប់​​​ពល​រដ្ឋ​ក្នុង​តំបន់​​​​​នេះ​​ ។​

​ឡាច ហុន ​ជា​​​​​កម្មករ​ម្នាក់​​​​ក្នុង​ចំណោម​​កម្មករ​លី​​បាវ​ស្រូវ​ប្រចាំ​​​នៅកំពង់​ផែអង្គរ​បុរី​​បាន​​បង្ហើប​ឱ្យ​ដឹងថា គាត់​​លីបាវ​ស្រូវ​​ឡើង​ទូក​នៅ​ទីនេះ​​រាល់​ថ្ងៃ​ដែល​ក្នុង​មួយថ្ងៃ​អាច​​រក​ចំណូល​​​បាន​ចាប់ពី​៤០.០០០​​រៀល​​​ទៅ​៤៥.០០០​​រៀល​​ ពីការ​​លី​បាវ​​ស្រូវ​ ។ ហុន​ បាន​​​បន្ត​ទៀត​​​​ថា ​​ការ​លី​​បាវ​​​​ស្រូវ​នេះ​​មិនមែន​​​លីតែម្នាក់​​ឯង​នោះ​ទេ គឺ​​​គាត់​លីជា​ក្រុម​ដែល​​​ក្រុមរបស់​​​​គាត់​មាន​​​​សមាជិក​​ចំនួន​១០០​នាក់​​​និង​មាន​មេក្រុម​​ម្នាក់​ដើម្បី​​​ទាក់ទង​ម៉ៅការ​លី​បាវស្រូវ​​​តាម​រថយន្ត​នីមួយៗ​ដែល​​ក្នុង​​មួយ​តោន​បាន​តម្លៃ​៦.០០០​​រៀល ។

សូជា​​កម្មករ​ម្នាក់​​​​ក្នុង​ចំណោម​​​​​កម្មករ​​ទាំងនោះ​​​​មាន​ស្រុក​​កំណើត​​នៅភូមិ​អង្គរបុរី​​​ ឃុំ​ព្រែក​​​ផ្ទោល​ ស្រុក​​​​អង្គរ​បុរី​  ខេត្ត​តាកែវ បាន​ប្រាប់​​ថា ​រាល់​ថ្ងៃ​​​​គាត់​តែងតែ​​​លី​បាវ​ស្រូវ​​ឬទំនិញ​ចេញ​-​ចូលឡើង​ចុះ​​ដាក់​ក្នុង​​ទូក​​​ដែល​​​អាច​​​​​ទទួល​​បាន​​ចំណូល​​​​ខ្លះ​សម្រាប់​​ដោះ​ស្រាយ​ជីវភាព​​​គ្រួសារ​ប្រចាំថ្ងៃ​ ។​ ​​សូ បន្ត​ទៀត​ថា ប្រសិន​​បើ​​គ្មាន​​​​កំពង់​ផែ​​​​​អង្គរ​​បុរី​​នេះ​ទេ​នោះគាត់​​មិន​ដឹងថា​​ ​រក​ប្រាក់​​​ឯណា​​​ដើម្បី​​​ផ្គត់​​ផ្គង់​​ជីវភាព​​គ្រួសារ​​ឡើយ  ព្រោះ​​វាជា​​ការ​ងារ​មួយ​​ដែល​មាន​ទីតាំង ­នៅជិត​ផ្ទះ​​ដែល​អាចមាន​ពេល​​វេលា​​​​ខ្លះ​ទៀត​​​សម្រាប់​​ជួយ​ដល់​ការងារ​ផ្ទះ​​បាន​​ច្រើន​​​ក្រៅ​ពីការ​ជញ្ជូន​ទំនិញ​​ដាក់​ទូក​ ហើយ​អ្វីដែល​​​ប្រសើរ​នោះ​គឺ​មិន​​បាច់​​​ចំណាយ​​​ដើម​​​ទុន គឺ​ចំណាយ​កម្លាំង​​តែមួយ​​រយៈ​ពេល​ប៉ុណ្ណោះ​ ។​ ​យោងតាម​​​​ការ​​រៀប​រាប់​របស់​​​​លោក​​​​​​​វ៉ា ជាឈ្មួញ​​​​ទិញ​ស្រូវ​​​បាន​ឱ្យ​ដឹងថា​ គាត់​​តែងតែ​មក​ទិញ​​ស្រូវ​នៅ​​​កំពង់​​​​ផែ​​​ស្ទឹង​​អង្គរ​​​​​បុរី​នេះ​​​ជា​ញឹក​ញាប់​​​ហើយ​​ចំពោះ​​ការ​ជញ្ជូន​​​ទំនិញ​​ចេញ​ចូល​ក្នុង​ទូកគឺ​ត្រូវ​​តែ​​ជួល​​​​កម្មករ​​​​​ដែល​​​​ប្រចាំការ​នៅទី​នេះ​តែម្តង ។​

​លោក​ជ្រី  ជា​ស្នៀន​ឃុំ​​អង្គរបុរី​​​បាន​គូស​បញ្ជាក់​​​​​ថា កំពង់​ផែស្ទឹង​អង្គរបុរី​​​នេះ​ ប្រៀប​​​​បីដូច​​ជាសរសៃឈាម​​​យ៉ាង​សំខាន់​​មិនមែន​​​​​សម្រាប់​​​​​តែ​ស្រុក​អង្គរបុរី​​​​ប៉ុណ្ណោះទេ តែ​​ក៏​សម្រាប់​​​​​​​បណ្តា​ស្រុក​​មួយ​​ចំនួន​ទៀត​​នៅ​​​តាម​​ដង​​ស្ទឹង​អង្គរ​បុរី​​នេះ​​ផងដែរ ។ ​លោក​​បន្ថែមទៀត ថា​  ​​កំពង់ផែនេះ​ជា​កន្លែងនាំ​ចេញ​​នាំចូល​​នូវ​ផលិត​​ផល​​​ទាំង​ក្នុង​ស្រុក​​​និង​ក្រៅ​ស្រុក​ហើយ​​អាច​​បង្កើត​​​ការ​ងារ​​​​ដល់​​ប្រជាពលរដ្ឋដែល​រស់​នៅ​​​  ជិតៗ​តំបន់​​នេះបាន​​យ៉ាង​ច្រើន​ ៕