ខេត្តបាត់ដំបង ៖ មន្រ្តីយោធាមួយក្រុម កន្លងមកតែងរងការចោទថា បានរំលោភយកដីរបស់ប្រជាពលរដ្ឋ និងតែងតែប្រើកាំភ្លើងបាញ់គំរាមមិនឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារចូលទៅដាំដុះលើដីទំនាស់មួយកន្លែងនៅតំបន់«ភ្នំរទៀង»ក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ។ ប៉ុន្តែក្រោយពីការដោះស្រាយបានចំនួនធំនាពេលមុននេះ ស្រាប់តែនៅរសៀលថ្ងៃទី៧ សីហា លេចមុខឈ្មួញទិញដីប៉ុន្មាននាក់ចេញមកអះអាងថា ដីនៅតំបន់នោះប្រមាណ៦០ហិកតាជាដីរបស់ពួកខ្លួន ដែលខ្លះប្រាប់ថាទិញពីមន្រ្តីយោធា និងខ្លះទៀតថា បានមកពីរបបគោលនយោបាយយោធភូមិភាគទី៥ និងបានរារាំងក្រុមនិស្សិតស្ម័គ្រចិត្ត និងមន្រ្តីជំនាញមិនឲ្យចុះវាស់វែងដីនៅតំបន់នោះឲ្យប្រជាពលរដ្ឋទៀតផង។ មិនតែប៉ុណ្ណោះក្រុមនេះបានប្រើប្រាស់ត្រាក់ទ័រឈូសបំផ្លាញដំណាំពោតរបស់កសិករអស់គ្មានសល់ ។
កសិករពិការជើងទាំង២ម្នាក់ឈ្មោះញឹម ធី អាយុ៤៨ឆ្នាំ បាននិយាយថា និសិ្សតស្ម័គ្រចិត្ត និងក្រុមការងារបានចុះវាស់វែងដីនៅតំបន់«ភ្នំរទៀង»នោះឲ្យប្រជាពលរដ្ឋ ក្រោយពីការសម្របសម្រួលរវាងមន្រ្តីយោធានិងប្រជាពលរដ្ឋបានបញ្ជប់ ប៉ុន្តែបែរជាមានមនុស្សផ្សេងចេញមុខរារាំងមិនឲ្យធ្វើការវាស់វែងដីនោះទៅវិញ។ ជនពិការរូបនេះប្រាប់ថា ក្រុមនេះដឹកនាំដោយឈ្មោះដួង ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ។ ក្រៅពីរារាំងមិនឲ្យក្រុមនិសិ្សតស្ម័គ្រចិត្តវាស់ដី ពួកគេបានយកត្រាក់ទ័រឈូសដំណាំពោតរបស់គាត់ចោលអស់កន្លះហិកតា និងដំណាំប្រជាកសិករជាច្រើនផ្សេងទៀត ដែលពួកគេអះអាងថា ដីទាំងនេះពួកគេទិញពីយោធា ។
អតីតប្រធានការិយាល័យភូមិបាលស្រុកសំឡូត លោកញឹម ថេង បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ដែរ ពេលដែលក្រុមឈ្មោះដួង ដារ៉ា នេះប្រើត្រាក់ទ័រឈូសដំណាំពោតរបស់កសិករចោល និងរារាំងក្រុមនិសិ្សតស្ម័គ្រចិត្តមិនឲ្យចូលវាស់ដី តែក្រុមនេះមិនស្ដាប់ឡើយ។ ភ្លាមនោះ សមត្ថកិច្ចក៏បានរឹបអូសយកត្រាក់ទ័រទៅទុកមួយរយៈ តែក្រោយមកមិនដឹងជាយ៉ាងម៉េចក៏ដោះលែងវិញ។ លោកនិយាយថា ក្រុមនេះអះអាងថា ដីទាំងនោះពួកខ្លួនបានមកពីរបបគោលនយោបាយទាហានភូមិភាគ៥ រីឯខ្លះទៀតអះអាងថា បានទិញពីមន្រ្តីយោធានៅទីនោះ ។ក្រុមនេះថា ខ្លួនមានដីការបស់ព្រះរាជអាជ្ញា ក្នុងការចុះមកឈូសដំណាំនេះ ព្រោះប្រជាពលរដ្ឋបានដាំដុះលើដីរបស់ខ្លួន ។ អតីតមន្រ្តីភូមិបាលរូបនេះបញ្ជាក់ថា គេរកឃើញមនុស្សប្លែកមុខចំនួន១២នាក់ ដែលមាន«សាលកប័ត្រព័ត៌មាន»ទទួលកាន់កាប់ដីតំបន់នេះចំនួន៦០ហិកតា ដែលគេសង្ស័យថាបានទិញពីមន្រ្តីយោធា ។
គួររំលឹកថា ដីទំនាស់នៅតំបន់«ភ្នំរទៀង»ក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ នេះ ត្រូវប្រជាពលរដ្ឋមួយចំនួនចូលទៅបង្កបង្កើនផលតាំងពីអំឡុងឆ្នាំ២០០៧ ឬ២០០៨។ នេះបើតាមការអះអាងរបស់លោកឥន្ទ សៅឫទ្ធិ អភិបាលរងស្រុកសំឡូត ។ ក្នុងអំឡុងឆ្នាំ២០០៩ ស្រាប់តែមានមន្រ្តីយោធាអភិវឌ្ឍន៍យោធភូមិភាគទី៥មួយក្រុមចេញមុខអះអាងថា ដីជាង២.០០០ហិកតានៅតំបន់នោះ ជាដីតំបន់អភិវឌ្ឍន៍យោធភូមិភាគទី៥ ដែលជាហេតុបង្កឲ្យមានជម្លោះជាមួយប្រជាពលរដ្ឋជាង៧០គ្រួសារនៅតំបន់នោះ។ ប៉ុន្តែវិវាទនេះបានសម្រួលបញ្ចប់មួយចំនួនធំហើយ រហូតអាជ្ញាធរបានអនុញ្ញាតឲ្យក្រុមការងារចុះវាស់វែងដីទាំងនោះជូនប្រជាពលរដ្ឋទៀតផង តែបែរជាលេចមុខឈ្មួញដីមួយក្រុមមករារាំងម្ដងទៅវិញ ។
អភិបាលរងស្រុកសំឡូតលោកឥន្ទ សៅឫទ្ធិ បានថ្លែងជុំវិញបញ្ហានេះថា ពិតជាមានការយកត្រាក់ទ័រទៅឈូសបំផ្លាញដំណាំពោតរបស់ប្រជាពលរដ្ឋមែន ។ លោកទទួលដំណឹងថា ក្រុមនេះអះអាងថា ពួកគេមានដីកាពីលោកព្រះរាជអាជ្ញាទៀតផងក្នុងការចុះឈូសឆាយផលដំណាំខាងលើនេះ តែអាជ្ញធររបស់លោក និងសមត្ថកិច្ចនៅមិនទាន់ឃើញដីកានោះទេ ។ លោកថ្លែងថា ក្រុមនេះបានឈូសដំណាំពោតអស់កន្លះហិកតា ហើយត្រូវសមត្ថកិច្ចរារាំង តែក្រោយមកពួកគេបន្តឈូសចោលអស់៦ហិកតាទៀត ដោយសំអាងលើដីកាមិនបានបង្ហាញនោះ។ លោកអភិបាលរងស្រុកបន្តថា ក្រុមនេះបានរារាំងរំខានដល់ក្រុមការងារចុះវាស់វែងដីជូនប្រជាពលរដ្ឋ ដោយអះអាងថាដីនោះជារបស់ពួកខ្លួន ដែលបានមកពីរបបគោលនយោបាយយោធា តែមនុស្សទាំងនេះសុទ្ធតែរស់នៅឯស្រុកសង្កែ និងក្រុងបាត់ដំបងមិនធ្លាប់ឃើញមុខសោះនៅលើដីទំនាស់ខាងលើនេះ ។
ចំពោះឈ្មោះនៅក្នុង«សាលាកប័ត្រព័ត៌មាន»ដែលគេរកឃើញចំនួន១២នាក់បានដីពីរបបយោធានេះមាន១-ឈ្មោះដួង ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ២-ឈ្មោះដួង សង្ហា ភេទប្រុស អាយុ២៤ឆ្នាំ ៣-ឈ្មោះអឿង ដួង ភេទប្រុស អាយុ៤៧ឆ្នាំ ៣នាក់នេះនៅភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ។ ៤-ឈ្មោះតាំង វួចនី ភេទស្រី អាយុ៤៤ឆ្នាំ ៥-ឈ្មោះហុង ចាន់នី ភេទស្រី អាយុ៦៧ឆ្នាំ ៦-ឈ្មោះហេង ថៃហុង ភេទប្រុស អាយុ២២ឆ្នាំ៣នាក់នេះនៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។ ៧-ឈ្មោះស៊ុន ជួ ភេទស្រី អាយុ៣៥ឆ្នាំ ៨-ឈ្មោះសុខ ចំរើន ភេទស្រី អាយុ៥៩ឆ្នាំ ៩-ឈ្មោះហេង ហម ភេទប្រុស អាយុ៤៦ឆ្នាំ ១០-ឈ្មោះសុខ គា ភេទស្រី អាយុ៧៦ឆ្នាំទាំង៤នាក់នេះនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ។ ១១-ឈ្មោះហុង សុវណ្ណ ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិវត្តតាមឹម ឃុំវត្តតាមឹម ស្រុកសង្កែ និង១២-ឈ្មោះឆែម សាវី ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ។ យោងតាមសាលាកប័ត្រព័ត៌មានដែលមានចុះហត្ថលេខាលោកទុយ ប៊ុនលី មេបញ្ជាការរងយោធភូមិភាគទី៥ គឺពួកគេទាំង១២នាក់នេះម្នាក់ៗមានដីចំនួន៥ហិកតាបានមកពីរបបគោលនយោបាយទាហ៊ានភូមិភាគទី៥ ក្នុងនោះបានបញ្ជាក់ថា ដីទាំងនេះស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ។ ប៉ុន្តែបែរជាមកយកដីនៅភូមិព្រៃធំ ស្រុកសំឡូតទៅវិញ ហើយតាមការសាកសួរថា ពួកគេមួយចំនួនជាឈ្មួញដី និងខ្លះជាថៅកែម៉ាស៊ីនកិនស្រូវ ។
មន្រ្តីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក លោកយិន ម៉េងលី ក៏ដូចជាអាជ្ញាធរស្រុកសំឡូត បានអះអាងដដែលៗថា ដីអភិ
វឌ្ឍន៍របស់យោធភូមិភាគទី៥នោះមាននៅក្នុងស្រុកគាស់ក្រឡ មិនមាននៅក្នុងភូមិព្រៃធំ ស្រុកសំឡូតទេ ។ លោកម៉េងលី និយាយថា ទំនាស់នេះមិនមែនជាប្រយោជន៍របស់អង្គភាពទេ តែជាប្រយោជន៍របស់បុគ្គលមួយចំនួនតូច។ ឯការបំផ្លាញដំណាំរបស់កសិករវាជាករណីបទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចអាចឃាត់គ្រឿងចក្រ និងមនុស្សបាន ព្រោះជាបទល្មើសជាក់ស្ដែង និងមិនគប្បីមានអន្តរាគមន៍ពីថ្នាក់លើឲ្យដោះលែងនោះទេ ព្រោះបើធ្វើដូច្នេះបង្ហាញឲ្យឃើញថា ការអនុវត្តច្បាប់គឺធ្វើបានតែលើប្រជាពលរដ្ឋទន់ខ្សោយក្រីក្រ រីឯអាជ្ញាធរខេត្តក៏មិនគួរធ្វើព្រងើយកន្តើយលើករណីនេះដែរ ។
ពាក់ព័ន្ធនឹងករណីនេះ កោះសន្តិភាពមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីព្រឹកថ្ងៃទី៩ សីហា ពីមន្រ្តីយោធាពាក់ព័ន្ធនឹងភាគីរបស់ឈ្មោះដួង ដារ៉ា។ ប៉ុន្តែលោកឥន្ទ សៅឫទ្ធិ អភិបាលរងស្រុកសំឡូតបានបញ្ជាក់ដែរថា ពិតមែនតែមានការរារាំងពីមនុស្សមួយក្រុមខាងលើ តែការចុះវាស់វែងដីរបស់ក្រុមនិសិ្សស្ម័គ្រចិត្តបន្តការងារនេះបានមួយចំនួនហើយ ប៉ុន្តែបានឆ្វៀលដីទំនាស់ទុកមួយឡែកដើម្បីធ្វើការដោះស្រាយបន្ត ។ លោកបន្ថែមថា នៅរសៀលថ្ងៃទី៩ សីហា លោកចាត់ឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចុះទៅជួបក្រុមដែលយកត្រាក់ទ័រឈូសដំណាំរបស់កសិករនោះ ដើម្បីសួរនាំរកឯកសារនិងដីការបស់លោកព្រះរាជអាជ្ញាដែលពួកគេអះអាងថា«មាន»ដើម្បីរាយការណ៍ជូនលោកអភិបាលខេត្ត ៕




ចែករំលែកព័តមាននេះ