រាជធានីភ្នំពេញ ៖ ក្នុងនាមអគ្គលេខាធិការគណបក្សនរោត្តម រណប្ញទ្ធិ លោកសៅ រ៉ានី បានមានប្រសាសន៍ឱ្យដឹងថា សម្តេចក្រុមព្រះដែលព្រះអង្គគង់នៅឯប្រទេសបារាំង បានប្រកាសពីព្រះទ័យព្រះអង្គចាកចេញពីឆាកនយោបាយហើយ ។ ការសម្រេចព្រះទ័យចាកចេញពី ឆាកនយោបាយរបស់សម្តេចក្រុមព្រះលើកនេះ គឺបន្ទាប់ពីមានការបែកបាក់ផ្ទៃក្នុងយ៉ាងជ្រាលជ្រៅមួយ ក្រោយពីការព្រមព្រៀងច្របាច់បញ្ចូលគ្នារវាងគណបក្សនរោត្តម រណប្ញទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបរាជ័យ និងជំរុញឱ្យមន្ត្រីនានាក្នុងគណបក្សនរោត្តម រណប្ញទ្ធិ ចាកចេញទៅចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ។
នេះជាការប្រកាសចាកចេញពីឆាកនយោបាយរបស់សម្តេចក្រុមព្រះជាលើកទី២ ហើយបន្ទាប់ពីទទួលបរាជ័យនៅក្នុងការបោះឆ្នោត ដែលឆ្លុះបញ្ចាំងពីប្រជាប្រិយភាពរបស់ព្រះអង្គកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ ។ ការប្រកាសឈប់ធ្វើនយោបាយនេះ ក៏ជាការបញ្ចប់នូវជម្លោះផ្ទៃក្នុងរវាងព្រះអង្គ និងលោកសៅ រ៉ានី ដែលនាំទៅបញ្ចប់បណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ក្រុមអ្នកវិភាគនិយាយថា បន្ទាប់ពីការចាកចេញរបស់ព្រះអង្គ នឹងបើកផ្លូវឱ្យលោកសៅ រ៉ានី មានលទ្ធភាពតាមផ្លូវច្បាប់គ្រប់គ្រាន់ ចូលរួមធ្វើសមាជផ្លាស់ប្តូរឈ្មោះគណបក្ស ដើម្បីឈានទៅរួមបញ្ចូលជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ស្របទៅតាមកិច្ចព្រមព្រៀងថ្ងៃទី២៤ ឧសភា ឆ្នាំ២០១២ ដែលគណបក្សនរោត្តម រណប្ញទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច បានឯកភាពបង្រួបបង្រួមទៅជាគណបក្សហ៊្វុនស៊ិនប៉ិចតែមួយវិញ ៕
ចែករំលែកព័តមាននេះ