ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ចេះ​អក្សរ​ត្រដរ​តាំង​ខ្លួន​ឯង​ឋានៈ​ឯកឧត្តម​

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ​​សមត្ថ​កិច្ច​​បាន​​ឃាត់ខ្លួន​​បុរស​២នាក់​ ​កាលពីព្រឹក​ថ្ងៃទី៨ សីហា ​នៅ​ភូមិ​ព្រៃ​លាវ ឃុំបន្សាយ​ត្រែង ស្រុកថ្មគោល ក្រោយ​​​​ពីអាជ្ញាធរ​សង្ស័យនិង​រាយការណ៍ថា​ បុរស២​នាក់នេះអះអាងថា ខ្លួន​ជាឯក​ឧត្តម ​និង​ជា​ខ្សែរយៈ​លោកជំទាវ​មួយ​រូប​​​បានទៅ​បំផុស​ឲ្យ​​ប្រជាពល​រដ្ឋ​ទៅ​ចែកដីនៅ​​ខេត្តព្រះ​វិហារ​​ និង​​ព្យាយាម​ទារប្រាក់ពី​ប្រជាពល​រដ្ឋទៀត​។

​មន្ត្រី​​សមត្ថកិច្ច​ប្រាប់ថា​ ​ជនទាំង២​នាក់នេះ​​ម្នាក់​ឈ្មោះ​តាំង វ៉ាន់ធៀង ​ហៅរ៉េត ​​​អាយុ៥០​ឆ្នាំ នៅភូមិបាលិលេយ្យ​​ សង្កាត់ប៉ោយប៉ែត​ ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​​មានជ័យ​ ជននេះ​​អះ​អាង​​ថាខ្លួន​មានឋានៈ​ជាឯកឧត្តម​និង​អះ​អាង​ទៀត​​ថា ​ជាខ្សែ​លោកជំទាវ​មួយ​រូប​ ​តែប្រាប់​សមត្ថ​កិច្ចថា ​ខ្លួន​មិនចេះអក្ស​រ​ទេ និង​ម្នាក់​ទៀត​​ឈ្មោះគង់ ​កែវ ​អាយុ​៤០ឆ្នាំ នៅភូមិស្ទឹង​បត់ ​សង្កាត់​ផ្សារ​កណ្ដាល ក្រុងប៉ោយប៉ែត ​ជា​អ្នករួម​ដំណើរ។ ​​ពួក​គេ​ជិះរថយន្ត​ម៉ាក​ឡង់​គ្រីស្ស័រ​ពណ៌ប្រផេះ​ ពាក់​ស្លាកលេខ​ភ្នំពេញ2F-5310។ ជន​ទាំង២​នាក់​នេះ​ ត្រូវសមត្ថ​កិច្ច​ស្រុក​ថ្ម​គោល​ឃាត់​ខ្លួនដោយ​យោងតាម​សេចក្ដី​រាយ​ការណ៍​របស់​អាជ្ញាធរ​ស្រុកថ្មគោល ​ក្នុងគ្រា​ដែល​ពួក​គេ​កំពុង​​អង្គុយប្រូ​ប្រាជ្ញបំផុស​ឲ្យប្រជា​ពល​រដ្ឋ​ទៅ​ចែក​ដីនៅខេត្ត​ព្រះវិហារ​។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​គឺ​ជន​ទាំង​២នាក់​​​មានចរិត​​រឹង​រួស ​និង​បាន​ដំឡើង​សរសៃក​យ៉ាងចាស់​ដៃ ​ពេលដែលស​មត្ថកិច្ច​ចុះទៅ​អញ្ជើញ​​ពួកគេ​​ឲ្យទៅបំភ្លឺ​នៅ​ស្នាក់​ការ​ ហើយ​​សូម្បី​តែ​ចម្លើយ​មួយម៉ាត់​ក៏​ជន​ទាំង​​២នាក់នេះ​មិនខ្ចី​ឆ្លើយ​បំភ្លឺ​ទៅនឹងសំណួរ​​​របស់​​សមត្ថកិច្ច​​ដែរ ​​។

តាមរបាយ​ការណ៍​របស់លោក​សម ​ណេង អភិបាល​ស្រុកថ្មគោល​​ឲ្យដឹង​ថា ​នៅព្រឹក​​ថ្ងៃ​​ទី​៨ សីហា ​​នោះ​​ លោកធុន ឡម មេឃុំ​បន្សាយ ត្រែង​បាន​រាយ​ការ​ណ៍​​មក​លោកអំពី​សកម្មភាព​ជន​ទាំង​២​​នាក់​​​ដើរបំផុស​ប្រជា​ពលរដ្ឋ​ឲ្យ​ទៅចែក​ដីនៅ​ខេត្ត​ព្រះវិហារ​។ លោក បញ្ជាក់​ថា ​ពួកគេអះ​អាង​ថា​ ខ្លួន​ជាឯក​ឧត្តម ​និងជា​ខ្សែលោក​ជំទាវ​មួួយ​រូប​​​ទៀត​ផង​​ ។ ដោយមាន​ការសង្ស័យ ទើប​លោក​​​រាយការ​ណ៍​​បន្ត​ទៅ​លោកអ៊ុយ រី ​អភិ​បាល​រង​ខេត្ត ​ហើយ​លោក​អភិបាល​រងខេត្តក៏​បញ្ជាឲ្យ​អា​ជ្ញា​ធរ​មូល​ដ្ឋាន និងសមត្ថ​កិច្ចចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ទាំង​២នាក់​នេះ​នាំ​​មកកាន់​អធិការ​​ដ្ឋាន​​នគរបាល​​ស្រុក​​ដើម្បី​សួរ​នាំ​ ។

លោកមៀន ​ឡាយ នាយការិយា​ល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិតស្រាល​​ខេត្ត​​បានឲ្យ​ដឹងដែរ​ថា ជនទាំង​២នាក់នេះ​មិនបំភ្លឺ​ទាល់តែ​សោះជុំ​វិញ​សកម្មភាព​ខាងលើរបស់ខ្លួន​ ​ប៉ុន្តែបាន​និយាយ​​​អំពីការ​ធ្វើដំណើរ​​របស់​​ពួកគេ​ចូលទៅ​កាន់ភូមិ​ព្រៃ​លាវ ​ឃុំបន្សាយ​ត្រែង ។ ​ក្នុងកំណត់​​ហេតុ​​សួរ​ចម្លើយ​​ជន​​ឈ្មោះ​តាំង វ៉ាន់ធៀង ហៅរ៉េត ​ដែលអះអាង​ថាខ្លួន​ជាឯកឧត្តម ​និងខ្សែ​លោក​ជំទាវមួយ​រូប​​​​និយាយ​ថា ​គោលដៅ​របស់ខ្លួន​គឺ​ទៅ​កាន់​«ឡែម»​​ស្រុកកំរៀង​។ ​ប៉ុន្តែពេល​បើក​រថយន្ត​​​ដល់ឃុំ​បន្សាយ​ត្រែង ​ឈ្មោះគង់ ​កែវ បាន​ប្រាប់​ឲ្យខ្លួន​បើករថយន្ត​​ចូល​ទៅលេង​ផ្ទះបង​ប្អូន​គេ​នៅ​ភូមិព្រៃលាវ ។ ​ជននេះ​​និយាយ​​ថា ​ពេល​ចូល​ទៅដល់​ផ្ទះ​បង​ប្អូនរបស់​គង់ ​ កែវ ខ្លួន​​​បាន​ចូល​អង្គុយលើអង្រឹង​បានបន្តិច​ ស្រាប់​តែ​ឃើញ​​មន្ត្រី​​សមត្ថ​កិច្ច​​៨​នាក់ចូល​ទៅដល់ ​ហើយ​អញ្ជើញ​ខ្លួន​ឲ្យ​ទៅកាន់អធិការ​​ដ្ឋាន​​ស្រុក ​ដោយ​ប្រាប់​ថា ​ជាបទ​បញ្ជា​របស់លោកអធិការ ។ ជន​នេះ​​និយាយ​ទៀត​​​ថា ​​​ពេល​​នោះ​ខ្លួន​បានប្រកែ​ក​មិន​ព្រម​ទៅ ព្រោះមិន​ដឹង​ថា មាន​រឿងអី​​? លុះ​បន្តិច​ក្រោយមក​មានលោក​អធិ​ការ​រងម្នាក់មក​ដល់ពួកខ្លួន​ក៏ព្រម​ទៅតាម​។ នៅ​អធិការ​ដ្ឋាន​​​ស្រុក​សមត្ថកិច្ច​ប្រាប់ថា​ ​មាន​គេប្ដឹង​ពួកខ្លួន​ ​ហើយ​ខ្លួន​បានស្នើឲ្យ​សមត្ថ​កិច្ច​អាន​បណ្ដឹងនោះ ​ព្រោះខ្លួនមិន​ចេះអក្សរ​ ​តែ​សមត្ថ​កិច្ចមិន​បានអាន​​ទេ​ ​ដូច្នេះ​ហើយទើប​ខ្លួនមិន​ឆ្លើយ​នឹង​សំណួរ​របស់​​សមត្ថកិច្ច ​សូម្បី​មួយ​ម៉ាត់​ក្ដី ។

បើទោះជា​ជនទាំង២​នាក់នេះរឹង​រូ​សមិន​ឆ្លើយ​ក្ដី​ ក៏​​នៅក្នុងរបាយ​ការណ៍​របស់លោក​សម ​ណេង អភិបាល​ស្រុកថ្មគោល​​បញ្ជាក់​ថា ​ជនទាំង​២​នាក់​នេះបាន​ឃោសនា​ប្រាប់ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ព្រៃលាវ​ថា​ នៅខេត្ត​ព្រះវិហារ​មានគេ​ចែក​ដី​ក្នុង​១គ្រួសារ​បានទំហំ​៥ហិកតា​ ​បើប្រជា​ពល​រដ្ឋ​ណា​ចង់បាន​ដីត្រូវយក​អត្តសញ្ញាណ​ប័ណ្ណឲ្យ​រូប​គេ ​និងត្រូវបង់​ប្រាក់ចំនួន​១២០ដុល្លារមុន ​ហើយ​នឹ​ង​ត្រូវបង់​បន្ថែមចំនួន​១.០០០​ដុល្លារ​ទៀត​ ក្រោយ​ពី​ទទួល​បានចំណែក​ដីស្រប​ច្បាប់​។ លោក​អភិ​បាល​​ស្រុក​បន្ថែម​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌​​មាន​​នេះ និងខ្លាច​ប្រជា ពល​រដ្ឋ​ចាញ់បោក​គេដូច​នៅ​តំបន់​«អណ្ដូង​កន្ទូត»​ស្រុក​គាស់ក្រឡ ​​ទើបលោក​រាយការណ៍​ជូនអាជ្ញា​ធរ​ខេត្ត​​និង​មាន​​បញ្ជាឲ្យ​​ឃាត់ខ្លួន​ពួកគេសួរ​នាំតែម្ដង​ទៅ ។

លោក​មៀន ​ឡាយ នាយការិ​យាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​​បាន​បញ្ជាក់ដែរ​ថា​ ​ជន​ទាំង​​២​នាក់​​នេះមិន​សារភាព​​ទេ ​នៅ​ពេល​សមត្ថ​​កិច្ច​​សួរ​នាំពីរឿង​អំពើ​«ឆបោក»​ និង​ពាក់​ព័ន្ធ​ថា ​ខ្លួនជាឯក​ឧត្តម ​ឬខ្សែ​លោកជំទាវ​នោះ​​ ​ដោយ​​គ្រាន់តែ​និយាយ​ថា ​ពួកគេ​គ្រាន់តែ​ចូល​លេង​​ផ្ទះ​បង​ប្អូននៅភូមិ​ព្រៃលាវ​​​ប៉ុណ្ណោះ​។ ទោះ​ជា​​យ៉ាង​ណា ​ដោយយោង​តាម​បទ​បញ្ជា​របស់​លោកស្នង​ការ​ ​និងលោក​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​លោកបាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​​ទាំង២នាក់​ទៅកាន់​តុលាការ​ហើយ ៕